ខេត្តកំពង់ឆ្នាំង ៖ ក្រុមក្មេងចំនួន៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងឃាត់ ខ្លួន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នៃ២០២៥ បន្ទាប់ពីធ្វើសកម្មភាពធ្លាក់ប្លន់យកម៉ូតូជនរងគ្រោះ១គ្រឿង រួចគេចខ្លួនបានរយៈពេល៣ថ្ងៃ ។
ប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា កាលពីវេលាម៉ោង១១យប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៥ មានក្មេង១ក្រុមប្រហែលចំនួន៧នាក់ជិះម៉ូតូប្រហែល៥គ្រឿងបានធ្វើសកម្មភាពដេញវាយនិងធាក់ទៅលើជនរងគ្រោះ១ក្រុមទៀតជិះម៉ូតូ១គ្រឿងមានគ្នា៣នាក់ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ នៅចន្លោះគីឡូម៉ែត្រលេខ៧៥ និងលេខ៧៦ ស្ថិតក្នុងភូមិអូតានីស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ពេលនោះ ជនរងគ្រោះបានរត់ចោលម៉ូតូ ហើយក្រុមជនដៃដល់ក៏យកម៉ូតូគេចខ្លួនទៅបាត់ ។
ក្រោយពេលកើតហេតុ ក្រុមជនរងគ្រោះទាំង៣នាក់ ១-ឈ្មោះយ៉ា រ៉ាក់ អាយុ២០ឆ្នាំ ២-ឈ្មោះ ដាំ ប៊ុនចេម អាយុ១៧ឆ្នាំ និង៣-ឈ្មោះ ចែម ស្រីលីន អាយុ១៧ឆ្នាំ បានមកដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចនគរបាលស្រុករលាប្អៀរ។
ក្រោយទទួលពាក្យបណ្ដឹង សមត្ថកិច្ចនគរបាលបានស្រាវជ្រាវរហូតដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ១-ឈ្មោះ ម៉ុក ភក្តី ហៅទី,២-ឈ្មោះញ៉ា សុផារី ហៅរី អាយុ ២០ឆ្នាំ,៣-ឈ្មោះហ៊ឹម ភានុន អាយុ១៧ឆ្នាំ និង៤-ឈ្មោះរិទ្ធ សុរាប អាយុ១៥ ឆ្នាំ ទាំង៤នាក់ ខ្លះនៅស្រុកបរិបូណ៌ ខ្លះនៅស្រុកកំពង់លែង និងខ្លះស្រុករលាប្អៀរ ។ ចំណែកម៉ូតូបានរកឃើញនៅក្នុងវត្តគោករំដួល ស្ថិតក្នុងឃុំជើងគ្រាវ ស្រុករលាប្អៀរ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ត្រូវបាននគរបាលស្រុករលាប្អៀរកសាងសំណុំរឿងមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដោយចោទប្រកាន់ពីបទលួចមានស្ថានទម្ងន់ទោស ។ ចំណែកម៉ូតូបានប្រគល់ជូនម្ចាស់ដើមវិញ៕