កើនឡើង នៃការឆបោកតាមរយៈថ្នាលតេឡក្រាម (Telegram)

ចែករំលែក៖

ភ្នំពេញ ៖ ដោយសង្កេតឃើញពីការកើនឡើង នៃការឆបោកតាមរយៈថ្នាលតេឡក្រាម (Telegram) និយ័តករទូរគមនាគមកម្ពុជា (ន.ទ.ក.) អំពាវនាវឲ្យសាធារណជនធ្វើការពិនិត្យ និងផ្ទៀតផ្ទាត់ព័ត៌មានដែលទទួលបាន កុំចែករំលែកលេខសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ កុំចុចលើតំណភ្ជាប់ដែលមានការសង្ស័យ និងអនុវត្តវិធីសាស្ត្រពាក់ព័ន្ធនឹងមុខងាររបស់តេឡេក្រាម ដើម្បីការពារសុវត្ថិភាពពីការឆបោក។

និយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) សង្កេតឃើញពីការកើនឡើងនៃការផ្ញើសារឆបោកតាមរយៈ ផ្ទាលតេឡេក្រាម (Telegram) ដោយជនឆបោកទាំងនោះបានប្រើប្រាស់វិធីសាស្ត្រក្នុងទម្រង់និងរូបភាពផ្សេងៗ ដូចជា÷

-ប្រើប្រាស់ឈ្មោះនិងរូបភាពរបស់បុគ្គលសាធារណៈល្បីៗ ថ្នាក់ដឹកនាំក្រសួងស្ថាប័ន ឬថ្នាក់ដឹកនាំ ក្រុមហ៊ុន បង្កើតកម្មវិធីវិនិយោគក្លែងក្លាយ ដើម្បីអូសទាញសាធារណជនឱ្យធ្វើការវិនិយោគ ដោយសន្យាថានឹងទទួលបានផលចំណេញខ្ពស់ក្នុងរយៈពេលដ៏ខ្លី។

-ផ្ញើសារជូនដំណឹងអំពីការឈ្នះរង្វាន់ និងតម្រូវឱ្យអ្នកទទួលបានសារទាំងនោះផ្តល់ព័ត៌មាន ផ្ទាល់ខ្លួន និងព័ត៌មានហិរញ្ញវត្ថុ ដើម្បីអាចទទួលបានរង្វាន់ទាំងនោះ។

– ក្លែងបន្លំជាក្រុមហ៊ុនតេឡេក្រាម ផ្ញើសារបំភិតបំភ័យដោយបញ្ជាក់ថាគណនីកំពុងត្រូវបានលួច ឬមានភាពមិនប្រក្រតី និងតម្រូវឱ្យអ្នកទទួលបានសារនោះផ្តល់នូវលេខសម្ងាត់ ឬព័ត៌មាន ចាំបាច់មួយចំនួន ដើម្បីផ្ទៀងផ្ទាត់គណនី។

ដើម្បីការពារសុវត្ថិភាពពីការឆបោកទាំងនេះ សូមសាធារណជន ធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់ ព័ត៌មានដែលទទួលបាន កុំចែករំលែកលេខសម្ងាត់ ឬព័ត៌មានផ្ទាល់ខ្លួនទៅកាន់អ្នកដទៃ កុំចុចលើតំណភ្ជាប់ ដែលមានការសង្ស័យ និងអនុវត្តវិធីសាស្ត្រពាក់ព័ន្ធនឹងមុខងាររបស់តេឡេក្រាម ដូចខាងក្រោម៖

ដាក់ដំណើរការមុខងារផ្ទៀងផ្ទាត់ពីរជំហាន (Two-Step Verification – 2FA) ដែលអ្នកប្រើប្រាស់ ត្រូវមានការផ្ទៀងផ្ទាត់បន្ថែមមួយទៀត ពីលើការប្រើប្រាស់លេខទូរស័ព្ទនិងកូដដែលទទួលបាន ដើម្បីចូលទៅក្នុងគណនីតេឡេក្រាម។

ប្រើប្រាស់ពាក្យសម្ងាត់រឹងមាំ ដែលមានយ៉ាងហោចណាស់ ៨ ខ្នង់, ពិបាកទាយដឹងដោយរួមបញ្ចូល លេខ និមិត្តសញ្ញា អក្សរធំនិងអក្សរតូច, ជៀសវាងការប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួន, កុំប្រើប្រាស់ ឡើងវិញនូវពាក្យសម្ងាត់ដែលធ្លាប់ប្រើ និងត្រូវផ្លាស់ប្តូរពាក្យសម្ងាត់ឱ្យបានទៀងទាត់។

ពិនិត្យមើល Active Sessions ដែលអ្នកប្រើប្រាស់អាចមើលរាល់ Sessions ទាំងអស់ដែល កំពុងប្រើប្រាស់គណនីតេឡេក្រាមរបស់ខ្លួន និងពិនិត្យមើលថាតើមាន Active Sessions ណាមួយ ដែលគួរឱ្យសង្ស័យដែរឬទេ។

ប្រើមុខងារ Passcode Lock ដែលអ្នកប្រើប្រាស់អាចចាក់សោកម្មវិធីដោយប្រើលេខកូដសម្ងាត់ ដើម្បីការពារនៅពេលដែលចូលប្រើប្រាស់តេឡេក្រាមនៅលើឧបករណ៍។

ន.ទ.ក. សូមអំពាវនាវដល់សាធារណជន ទាក់ទងមក ន.ទ.ក. តាមរយៈទូរស័ព្ទលេខ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការ ឬការផ្ញើសារមកកាន់អ៊ីមែល [email protected] ឬមកកាន់ហ្វេសប៊ុក “និយ័តករ ទូរគមនាគមន៍កម្ពុជា – Telecommunication Regulator of Cambodia” ករណីមានតម្រូវការ សាកសួរព័ត៌មានបន្ថែម ឬជួបប្រទះបញ្ហាដូចបានជម្រាបជូនខាងលើ៕ 

ដោយ ៖ សិលា

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print