ការបើកទូលាយកម្រិតខ្ពស់របស់ប្រទេសចិន លើកកម្ពស់កំណើនប្រកបដោយគុណភាពខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ

ចែករំលែក៖

ប្រទេសចិន ៖ មិនថាស្ថានការណ៍ពិភពលោកមានការប្រែប្រួលឆាប់រហ័សយ៉ាងណា ប្រទេសចិននៅតែបន្តបេ្តជ្ញាចិត្តយ៉ាងមុតមាំចំពោះពហុភាគីនិយម ពាណិជ្ជកម្មសេរី និងការបើកទូលាយកម្រិតខ្ពស់។ ពិព័រណ៍អន្តរជាតិចិនសម្រាប់សេវាកម្មពាណិជ្ជកម្ម ឆ្នាំ២០២៥ (China International Fair for Trade in Services – CIFTIS) ដែលទើបតែបិទបញ្ចប់នៅទីក្រុងប៉េកាំងនាពេលថ្មីៗនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពី ការប្តេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលចិន ក្នុងការលើកកម្ពស់កំណើនប្រកបដោយគុណភាពខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ។

តាមរយៈពិព័រណ៍នេះ ប្រទេសចិន កំពុងផ្ញើសារដល់សហគមន៍អន្តរជាតិថា វិស័យសេវាកម្មគឺជាក្បាលម៉ាស៊ីនជំរុញថ្មីសម្រាប់កំណើនសកល។ ការណ៍ដែលរដ្ឋាភិបាលចិនផ្តល់សារៈសំខាន់ខ្ពស់ចំពោះវិស័យសេវាកម្ម មិនត្រឹមតែដើម្បីជំរុញកំណើនប្រកបដោយគុណភាពខ្ពស់ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅ១០០ ឆ្នាំទី២ ក្លាយជាប្រទេសសង្គមនិយមទំនើប និងមានវិបុលភាព នៅឆ្នាំ២០៤៩ នោះទេ តែថែមទាំងនាំមកនូវកាលានុវត្តភាពអភិវឌ្ឍន៍ថ្មីៗដល់ពិភពលោកផងដែរ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបាន និងកំពុងបន្តជំរុញការបើកទូលាយនូវវិស័យសេវាកម្មរបស់ខ្លួន។ ជាក់ស្តែង កាលពីឆ្នាំមុន ប្រទេសចិនបានបង្កើតប្រព័ន្ធគ្រប់គ្រងបញ្ជីអវិជ្ជមានទូទាំងប្រទេសសម្រាប់ពាណិជ្ជកម្មសេវាកម្មឆ្លងដែន។ នៅក្នុងតំបន់ពាណិជ្ជកម្មសេរីសាកល្បងមួយចំនួន អ្នករស់នៅក្រៅប្រទេស អាចបើកគណនីមូលបត្រ ឬគណនីជួញដូរមូលបត្រនាពេលអនាគត (futures account) ដើម្បីចូលរួមក្នុងអាជីវកម្មប្រឹក្សាការវិនិយោគមូលបត្រ ឬសេវាកម្មប្រឹក្សាការជួញដូរមូលបត្រនាពេលអនាគតជាដើម។
ជាលទ្ធផល ក្នុងឆមាសទីមួយនៃឆ្នាំ២០២៥ ពាណិជ្ជកម្មសេវាកម្មចិន បានឈានដល់ ៣,៩ ទ្រីលានយ័ន (ប្រមាណ ៥៤៩ ប៊ីលានដុល្លារ) ដែលជាកំណត់ត្រាខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ កំណើននេះបង្ហាញយ៉ាងច្បាស់ពីភាពធន់ និងភាពរស់រវើកនៃសេដ្ឋកិច្ចចិន ដែលនឹងផ្តល់សន្ទុះថ្មីសម្រាប់កំណើនសេដ្ឋកិច្ចក្នុងស្រុក និងកំណើនសេដ្ឋកិច្ចសកល។
ចាប់តាំងពីឆ្នាំ២០១២ មក CIFTIS ត្រូវបានរៀបចំឡើងដោយជោគជ័យចំនួន ១១ដង និងបានវិវត្តខ្លួនទៅជាវេទិកាតាំងពិព័រណ៍ដ៏ទូលំទូលាយបំផុតរបស់ពិភពលោកក្នុងវិស័យពាណិជ្ជកម្មសេវាកម្ម។ នៅឆ្នាំនេះ ពិព័រណ៌ CIFTIS មានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិជាង ២៥ ម៉ឹននាក់ ជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេវាកម្មជាង ៩០០ ក្នុងវិស័យសំណង់ បច្ចេកវិទ្យាព័ត៌មាន ហិរញ្ញវត្ថុ និងពាណិជ្ជកម្មឌីជីថល ខណៈដែលកិច្ចប្រជុំធុរកិច្ចជាង ៨ ពាន់ ត្រូវបានផ្តួចផ្តើមនៅលើវេទិកាផ្គូផ្គងឌីជីថលរបស់ CIFTIS ។
លទ្ធផលគួរឱ្យកត់សម្គាល់ទាំងនេះ បានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់ CIFTIS ក្នុងការជំរុញការផ្លាស់ប្តូរធុរកិច្ច នវានុវត្តន៍ និងភាពជាដៃគូសកល ព្រមទាំងការចែករំលែកភាគលាភនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន។ តាមរយៈ CIFTIS ដៃគូអន្តរជាតិអាចចូលទៅកាន់ទីផ្សាររបស់ប្រទេសចិន និងរួមចំណែកដល់ការជំរុញអនាគតនៃពាណិជ្ជកម្មសេវាកម្មសកលផងដែរ។
ជារួម ពិព័រណ៍ CIFTIS មិនត្រឹមតែចាក់បញ្ចូលនូវកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិននោះទេ តែថែមទាំងនាំមកនូវកាលានុវត្តភាពថ្មីៗសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិពាណិជ្ជកម្មសេវាកម្មផងដែរ។ នាពេលអនាគត CIFTIS នឹងបន្តដើរតួនាទីជានិម្មិតរូបនៃភាពបើកចំហ និងកិច្ចសហប្រតិបត្តិការក្នុងការធ្វើឱ្យប្រសើរឡើងនូវរចនាសម្ព័ន្ធនៃពាណិជ្ជកម្មសេវាកម្ម និងការលើកកម្ពស់នវានុវត្តន៍ ដើម្បីរួមគ្នាកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។
ដោយ ៖ លោក ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ! ប្រភព ៖ (CCFR)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print