ខេត្តកណ្តាល ៖ សេចក្តីបំភ្លឺព័ត៌មាន!ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងគេហទំព័រ Phane TV 24h ដែលបានផ្សព្វផ្សាយមានខ្លឹមសារថា ៖ ពិតជាហ៊ានមែន មុននេះបន្តិចមាន ករណី ប្លន់យកម៉ូតូបុរសម្នាក់នៅតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ សង្ឃឹមថាសមត្ថកិច្ចស្រុកអង្គស្នួល ជួយមានវិធានការផង នៅវេលាម៉ោង ៥:០០ទៀបភ្លឺ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥។
ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញពាក់ព័ន្ធនិងកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គស្នួលស្រាវជ្រាវករណីខាងលើ បានឱ្យដឹងថា ពិតជាមាន ករណី: លួចមានស្ថានទម្ងន់ទោស (វាយយកម៉ូតូ) ប្រាកដមែន ដែលកើតហេតុ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង០៥និង១៨នាទី ។ ទីកន្លែងកើតហេតុស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
សមត្ថកិច្ចបញ្ជាក់ថា ៖ ជនរងគ្រោះ ៖ ០១នាក់
ឈ្មោះ ម៉ា ពិសិដ្ឋ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យមានគ្នាចំនួន ០៤នាក់មិនស្គាល់អត្តសញ្ញាណ ។ ករណីសម្ភារៈបាត់បង់រួមមាន ៖
-ម៉ូតូមួយគ្រឿង ម៉ាកសង់ឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ2025 ពាក់ផ្លាកលេខ ភ្នំពេញ 1LE-1025 ។
ក្រោយកើតហេតុភ្លាមៗជនរងគ្រោះបានព្យាយាមស្រែកហៅអ្នកនៅក្បែរនោះឱ្យជួយដែរតែគ្មានអ្នកចេញមកជួយឡើយ។
ភ្លាមនោះមានអ្នកដំណេីរបានទៅជូនដំណឹងដល់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចានឱ្យជួយអន្តរាគមន៍ភ្លាមៗ ហេីយទើបជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។
ចំពោះករណីនេះកម្លាំងផ្នែកជំនាញពាក់ព័ន្ធ កំពុងស្រាវជ្រាវ ស្វែងរកមុខសញ្ញាយកមកចាត់ការតាមនីតិវិធី។
អាស្រ័យហេតុនេះសូមសាធារណជន និងបណ្តាញសារព័ត៌មានមេត្តាជ្រាបតាមការគួរ! ៕
ដោយ ៖ សិលា