ខេត្តកំពត ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌(ICESCR) នៅព្រឹកថ្ងៃអង្គារ ៩រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥នៅសាលាខេត្តកំពត។
សិក្ខាសាលានេះរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តកំពត និងមានការចូលរួមពីតំណាងសាលាដំបូងខេត្ត អយ្យការអមសាលាដំបូងខេត្ត កងរាជអាវុធហត្ថ រដ្ឋបាលសាលាខេត្ត ពន្ធនាគារខេត្ត មន្ទីរនិងអង្គភាពជុំវិញខេត្ត តំណាងសាលាស្រុក និងស្ថាប័នពាក់ព័ន្ធនានាប្រមាណ ៤០០នាក់។
លោកទេសរដ្ឋមន្ត្រីបានលើកឡើងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលលើវិស័យសិទ្ធិមនុស្ស តែងតែធ្វើការផ្សព្វផ្សាយទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ
ដើម្បីឱ្យមានការយល់ដឹងទូលំទូលាយអំពីកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងផ្សព្វផ្សាយផងដែរអំពីយន្តការនិងដំណើរការនៃការសរសេររបាយការណ៍ជាតិសិទ្ធិមនុស្ស ការការពាររបាយការណ៍ និងការអនុវត្តសេចក្តីអង្កេតសន្និដ្ឋាន។
លោកបន្ថែមថា សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ គឺជាសិទ្ធិមូលដ្ឋានគោលដ៏សំខាន់របស់មនុស្ស ក្នុងចំណោមសិទ្ធិសំខាន់ៗដទៃទៀត ដែលត្រូវបានការពារ និងលើកកម្ពស់ដូចមានចែងក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ទន្ទឹមគ្នា នេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយ ផែនការយុទ្ធសាស្រ្ត ព្រមទាំងវិធានការនានាតាមវិស័យ សំដៅធានាការលើកកម្ពស់សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ការរក្សាបាននូវសុខដុមនីយកម្ម ផ្នែកសាសនា និងការគិតគូរដល់ក្រុមជនងាយរងគ្រោះ។ មួយវិញទៀត ឯកឧត្តម ក៍បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំមានការរើសអើងចំពោះអ្នកស្រឡាញ់ភេទដូចគ្នា។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នារយៈពេលកន្លងមក និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែបង្ហាញនូវឆន្ទៈពិតប្រាកដក្នុងការអភិវឌ្ឍវិស័យសិទ្ធិមនុស្សនៅកម្ពុជា តាមរយៈការផ្តល់សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិចំនួន ៨ ក្នុងចំណោម ៩ និងពិធីសារបន្ថែមចំនួន៤ទៀត, ការអនុញ្ញាតឱ្យមានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា, ការទទួលយកអ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា, ព្រមទាំងការអនុវត្តជាទៀតទាត់នូវកាតព្វកិច្ចអន្តរជាតិក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ក្នុងការដាក់របាយការណ៍ជាតិសិទ្ធិមនុស្សតាមសន្ធិសញ្ញានានា។ លើសពីនេះ កម្ពុជា ថែមទាំងបានចូលរួមយ៉ាងសកម្មក្នុងយន្តការសិទ្ធិមនុស្សថ្នាក់តំបន់ ជាពិសេសគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។
លោកបានសង្កត់ធ្ងន់ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បានតស៊ូលះបង់បូជាសាច់ស្រស់ឈាមស្រស់ក្នុងការរំដោះប្រទេសនិងប្រជាពលរដ្ឋកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយជាពិសេសតាមរយៈនយោបាយ ឈ្នះ ឈ្នះ បាននាំយកនូវសុខសន្តិភាពពេញលេញនៅទូទាំងផ្ទៃប្រទេស មិនតែប៉ុណ្ណោះ ព្រះរាជាណាចក្រកម្ពុជាមិនមានទោសប្រហារជីវិតឡើយ
ដែលទាំងនេះគឺកត្តាចម្បងចាំបាច់បំផុតក្នុងការធានានូវសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋគ្រប់រូប ដែល ជាសិទ្ធិមូលដ្ឋានដំបូងបំផុតមិនអាចខ្វះបានរបស់មនុស្សគ្រប់រូប មុននឹងនិយាយអំពីសិទ្ធិដទៃទៀត។
ក្នុងឱកាសនេះដែរ លោកបានមានប្រសាសន៍ថា សម្តេចមហាបវធិបតី នាយករដ្ឋមន្រ្តី យកចិត្តទុកដាក់ជាខ្លាំងចំពោះវីរកងទ័ពទាំង ១៨រូប ដែលទាហានថៃបានចាប់យកទៅ ក្នុងនោះ ក្រុមការងារពិសេសរបស់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជាបានផ្ញើលិខិតទៅគ្រប់ស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជា ជាតិផងដែរដើម្បីជួយដល់វីរកងទ័ពរបស់យើង។
ជាចុងក្រោយលោកទេសរដ្ឋមន្រ្តី បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រ ទេស ត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងរួបរួមគ្នាដើម្បីរក្សាឱ្យបាននូវសន្តិភាព មានសន្តិភាពទើបមានសិទ្ធិមនុស្ស។
មុនពេលប្រកាសបើកសិក្ខាសាលា លោកបានធ្វើការកោតសរសើរ និងថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្ត ចំពោះការស្វាគមន៍ និងកិច្ចសហការរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ជាតិដ៏មានសារៈសំខាននេះ។ លោកក៏បានផ្ដាំផ្ញើសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ស្ដាប់ និងអាចសួរនូវសំណួរផ្សេងៗដែលពាក់ព័ន្ធនៅរបាយការណ៍ជាតិនេះ រួមទាំងសំណួរលើប្រធានបទសិទ្ធិមនុស្សជាទូទៅផងដែរ៕
ដោយ ៖ សិលា