មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានណែនាំដល់មន្ទីរព័ត៌មានរាជធានីខេត្តឱ្យរៀបចំផែនការអភិវត្តន៍ធនធានមនុស្សសម្រាប់វិស័យព័ត៌មាន និងសោតទស្សន៍

ចែករំលែក៖

ខេត្តបាត់ដំបង  ៖ លោក ទេព អស្នារិទ្ធ  អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានណែនាំឱ្យមន្ទីរព័ត៌មានរាជធានីខេត្តត្រូវមានផែនការបណ្ដុះបណ្ដាលធនធានមនុស្សបន្តវេនឱ្យបានជាប់ជាប្រចាំដើម្បីឆ្លើយតបទៅនឹងការងារឱ្យមាននិរន្តរភាព និងឆ្លើយតបទៅនឹងសម័យបច្ចេកវិទ្យា។

ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តបាត់ដំបងនារសៀលថ្ងៃទី១៦ ខែកញ្ញា  ឆ្នាំ២០២៥  នៅវិទ្យុជាតិចំការចេកបាត់ដំបង លោកអ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា  ការបណ្ដុះ បណ្ដាលធនធានមនុស្សលើវិស័យពាក់ព័ន្ធទៅនឹងការងារព័ត៌មានគឺពិតជាមានសារសំខាន់ណាស់ ក្នុងការជំរុញឱ្យការងារដំណើរការទៅប្រកបដោយគុណភាព ស្របទៅនឹងភារកិច្ចចំពោះមុខ ជាពិសេសឆ្លើយទៅនឹងតម្រូវការក្នុងការងារព័ត៌មាន និងសាធារណៈមតិ។

លោកបញ្ជាក់ថា ការបណ្ដុះ បណ្ដាលធនធានមនុស្សត្រូវតែស្ថិតក្នុងផែនការជាក់លាក់មួយរបស់មន្ទីរព័ត៌មានគ្រប់រាជធានីខេត្ត ដោយមន្ត្រីវ័យចាស់ ដែលមាន បទពិសោធន៍ និងជំនាញឯកទេសដែលមានសារសំខាន់ សម្រាប់ការផ្ទេរទៅឱ្យ មន្រ្តីវ័យក្មេង ដែលជាអ្នកបន្តវេន តាមរយ:វគ្គបណ្ដុះ បណ្ដាលច្បាស់លាស់និងទៀង ទាត់។

លោកបានសង្កត់ធ្ងន់ថា ប្រសិនបើមន្ទីរ ឬអង្គភាពមួយខកខានមិនបានរៀបចំផែនការបណ្ដុះបណ្ដាល ផ្ទេរចំណេះដឹង និងបទពិសោធន៍ទៅឱ្យមន្ត្រីវ័យក្មេងទេនោះ នឹងបង្កើតគម្លាតដាច់ជំនាន់ ពោលគឺពេលមន្ត្រីវ័យចាស់ៗចូលនិវត្តន៍ទៅ ឬត្រូវបានប្តូរចេញទៅបំពេញការងារកន្លែងផ្សេង ពេលនោះ មន្ទីរឬអង្គភាពនោះនឹងជួបបញ្ហាកង្វះធនធាន មនុស្ស ដែលមានសមត្ថភាពជំនាញវិជ្ជាជីវៈ ហើយនឹងក្លាយជាកត្តារាំងស្ទះដល់ដំណើរការងារ និងការធានានិរន្តរភាពយូរអង្វែង។

លោកបានលើកទឹកចិត្តដល់មន្ទីរព័ត៌មានទាំងអស់ត្រូវតែមានផែនការលើកទឹកចិត្តដល់មន្ត្រីមានចំណេះដឹងបទពិសោធន៍ហើយត្រូវដល់អាយុដាក់ឱ្យចូលនិវត្តន៍ ឱ្យបន្តធ្វើមន្ត្រីកិច្ចសន្យាឬអ្នកប្រឹក្សាយោបល់ ជួយបណ្ដុះ បណ្ដាលមន្ត្រីវ័យក្មេងតាមអ្វីដែលអាចធ្វើទៅបាន។

លោកសុវណ្ណ វិទិត្យា ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងបានបង្ហាញការគាំទ្រចំពោះការណែនាំនេះ ហើយលោកនឹងជំរុញការងារបណ្ដុះបណ្ដាលធនធានមនុស្សនេះឱ្យបានជាប់ជាប្រចាំដើម្បីលើក កម្ពស់សមត្ថភាពដល់មន្ត្រីរាជការក្នុងមន្ទីរព័ត៌មានខេត្តបាត់ដំបងទាំងអស់។

កន្លងមកនេះ សម្រាប់មន្ទីរព័ត៌មានរបស់លោក បច្ចុប្បន្នបាន ដាក់បញ្ចូលការបណ្ដុះបណ្ដាល ក្នុងផែនការសម្រាប់ការអនុវត្តផងដែរ ហើយលោកបានអះអាងថា នឹងជំរុញការអនុវត្តឱ្យមាន ប្រសិទ្ធភាពបន្ថែមទៀតដល់មន្ត្រី សម្រាប់ បំពាក់ជូនមន្រ្តីនូវជំនាញផលិតព័ត៌មាន ថតរូប ថតវីដេអូ ជំនាញឌីជីថលនិងជាពិសេសជំនាញពាក់ព័ន្ធនឹងការគ្រប់គ្រងព័ត៌មាន និងសាធារណមតិដែលជាភារកិច្ចអាទិភាពកម្រិតខ្ពស់មួយរបស់មន្ទីរព័ត៌មាន៕

ប្រភព ៖ (CCFR)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print