ទីក្រុងប៉េកាំង៖ ប្រមុខការពារជាតិកម្ពុជា នឹងជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការពារជាតិចិន នៅទីក្រុងប៉េកាំង ដើម្បីជំរុញទំនាក់ទំនងមិត្តភាពដែកថែប នឹងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតលើវិស័យការពារជាតិរវាងកម្ពុជា និងចិន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាចេញនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ។
តាមសេចក្ដីប្រកាសព័ត៌មានជំនួបពិភាក្សាការងារនេះ គឺនៅក្រៅវេទិកាប៉េកាំងសៀងសាន លើកទី១២ គ្រោង ប្រព្រឹត្តទៅពីថ្ងៃទី១៧-១៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ទៅចូលរួមតបតាមការអញ្ជើញរបស់ នាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្ត្រីការពារជាតិចិន។
ក្នុងពេលចូលរួមវេទិកា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នឹងអញ្ជើញឡើងថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គទី៤ ស្តីពី “ការកសាងសន្តិភាពតំបន់តាមរយៈកិច្ច សន្ទនា និងការពិគ្រោះយោបល់” (Building Reginal Peace Through Dialogue and Consultation)។
ក្រសួងការពារជាតិកម្ពុជាគូសបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានដូច្នេះ ÷” ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា នឹងចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារទ្វេភាគីជាមួយ នាយឧត្តមនាវី តុង ជីន រដ្ឋមន្ត្រីការពារជាតិ ចិន ក្នុងគោលបំណងដើម្បីជំរុញចំណងទំនាក់ទំនង មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការការពារជាតិ រវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅថែមទៀត។“។
ក្រៅពីនេះ បើតាមសេចក្តីប្រកាសព័ត៌មាន ប្រមុខការពារជាតិកម្ពុជា ក៏នឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិ និងប្រធានប្រតិភូ នៃបណ្តាប្រទេស ជាមិត្ត ដូចជា ឡាវវៀតណាម ម៉ាឡេស៊ី និង សិង្ហបុរី ក៏ដូចជាជំនួប ជាមួយដៃគូសន្ទនាមួយចំនួនទៀត ដើម្បីពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ការពារជាតិ និងសន្តិសុខជាមួយគ្នា៕