ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភាក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង

ចែករំលែក៖

ប្រទេសម៉ាឡេស៊ី ៖ ក្នុងឱកាសស្នាក់នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើក (អាយប៉ា)លើកទី៤៦ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានជួបពិភាក្សាការងារក្នុងពេលស្រស់ស្រូបអាហារពេលព្រឹក ជាមួយលោកស្រី សុធន់ សាយ៉ាចាក់ (Sounthone XAYACHACK) អនុប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្នុងជំនួបនេះ សម្តេចប្រធានរដ្ឋសភានិងលោកជំទាវអនុប្រធានរដ្ឋសភាឡាវ បានសម្តែងនូវក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយគ្នាជាថ្មី បន្ទាប់ពីជំនួបកាលពីទី២៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងអំឡុងពេលចូលរួមសន្និសីទកំពូលប្រធានសភាពិភពលោកលើកទី៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងជាមួយមិត្តជិតខាង ជាពិសេសមិត្តឡាវ និងតែងតែចាត់ទុកមិត្តឡាវជាប្រទេសជិតខាងដ៏សំខាន់សម្រាប់គោលនយោបាយការបរទេសរបស់ខ្លួន។ ទំនាក់ទំនងរវាង កម្ពុជា-ឡាវ គឺជាទ្រព្យដ៏មានតម្លៃនិងមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជននៃប្រទេសទាំងពីរ ពីព្រោះទំនាក់ទំនងនេះ ត្រូវបានកសាងឡើងតាំងពីថ្នាក់ដឹកនាំជំនាន់មុន រហូតដល់បច្ចុប្បន្ន ប្រកបដោយភាពស្អិតរមួត រឹងមាំ និងយូរអង្វែង។
ឆ្លៀតនៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានជម្រាបជូនលោកជំទាវអនុប្រធានរដ្ឋសភា ពីគំនិតផ្តួចផ្តើមរបស់កម្ពុជា ក្នុងការរៀបចំសេចក្តីព្រាងសេចក្តីសម្រេចមួយចំនួន ដើម្បីដាក់ក្នុងមហាសន្និបាតអាយប៉ាលើកទី៤៦នេះ រួមមាន ការបង្កើតវេទិកាថ្នាក់ដឹកនាំអាយប៉ា ដែលមានគោលបំណងលើកកម្ពស់កិច្ចសន្ទនាប្រកបដោយបរិយាបន្ន និងពហុភាគីលើបញ្ហាថ្មីៗក្នុងតំបន់ និងអន្តរជាតិ ក្នុងគោលបំណងកសាងការយល់ដឹងរួមគ្នា និងបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍។ សេចក្ដីព្រាងសេចក្ដីសម្រេចមួយទៀតស្ដីពីការបង្កើតភាពជាដៃគូអាយប៉ាដើម្បីពង្រឹងការចូលរួមរបស់សភាអាយប៉ា ជាមួយដៃគូខាងក្រៅសម្រាប់អាស៊ានប្រកបដោយបរិយាបន្ន និងចីរភាព មានគោលបំណងចម្បងដើម្បីពង្រឹងការចូលរួមជាមួយសភាសង្កេតការណ៍ ដែលរួមចំណែកដល់បេសកកម្មរបស់អាយប៉ា ក្នុងការបង្កើតក្របខ័ណ្ឌរួម និងឆ្ពោះទៅអនាគត ដើម្បីលើកកម្ពស់ការទូតសភា ធ្វើឱ្យការចូលរួមជាមួយសភាសង្កេតការណ៍ និងអង្គការដៃគូកាន់តែស៊ីជម្រៅ ដើម្បីពង្រឹងមជ្ឈភាពអាស៊ានដែលរួមចំណែកដល់ការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពស្របតាមទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងមូលបទអាស៊ានឆ្នាំ២០២៥ របស់ប្រទេសម្ចាស់ផ្ទះម៉ាឡេស៊ីគឺ “បរិយាបន្ន និងចីរភាព” និងសេចក្តីព្រាងបន្ទាប់ទាក់ទងការលើកកម្ពស់សុខសន្តិភាព សាមគ្គីភាពនៅក្នុងតំបន់អាស៊ាន ហើយជាពិសេស ទាក់ទងនឹងជម្លោះរវាងព្រំដែនកម្ពុជានិងថៃ កម្ពុជាប្រកាន់យកនូវគោលការណ៍សន្តិភាព ដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការប្រើប្រាស់យន្តការមានស្រាប់ សំដៅធ្វើយ៉ាងណា ឱ្យបញ្ហាព្រំដែនវិលទៅរកប្រក្រតីភាពឡើងវិញ ធានាការពារសុខសុវត្ថិភាពជូនពលរដ្ឋ ដែលមិនត្រឹមសម្រាប់ពលរដ្ឋប្រទេសទំាងពីរប៉ុណ្ណោះទេ គឺសម្រាប់ពលរដ្ឋនៅក្នុងតំបន់ទំាងមូលផងដែរ។
លោកស្រី សុធន់ សាយ៉ាចាក់ បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព កិច្ចសហប្រតិបត្តិដ៏ល្អរវាងប្រទេសទាំងពីរ។ លោកស្រីបានគូសបញ្ជាក់ថា ការផ្លាស់ប្តូរដំណើរទស្សនកិច្ច ក៏ដូចជាការជួបប្រជុំគ្នាជាទៀងទាត់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរទំាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ បានឆ្លុះបញ្ចាំងឱ្យឃើញភាពស្និទ្ធស្នាល និងចំណងមិត្តភាពជ្រាលជ្រៅ សាមគ្គីភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលមានប្រវត្តិជាយូរលង់មកហើយ។ ម្យ៉ាងវិញភាគីទំាងពីបានយល់ស្របដូចជាគ្នាថា តាមរយៈការផ្លាស់ប្តូរជាទៀតទាត់រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌសភា រដ្ឋាភិបាល បក្ស និងយុវជនពិតជាបានជួយជំរុញ និងលើកកម្ពស់ទំនាក់ទំនង “ភាពជាដៃគូយុទ្ធសាស្រ្ត យូរអង្វែង និងគ្រប់ជ្រុងជ្រោយ នាំមកនូវផលប្រយោជន៍រួមជូនប្រទេស និងប្រជាជនទាំងសងខាង។ លោកស្រីអនុប្រធានរដ្ឋសភាឡាវ បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់លើសេចក្តីព្រាងសេចក្តីសម្រេចនានាដែលសំដៅដល់ការពង្រឹងមិត្តភាព កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់សុខសន្តិភាពនៅក្នុងតំបន់។
ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ បានឯកភាពថា ការទូតសភា និងកិច្ចសហប្រតិបត្តិការសភា មានសារៈសំខាន់ និងបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងភាពជាដៃគូកម្ពុជា-ឡាវ ដែលត្រូវតែរក្សានូវសន្ទុះវិជ្ជមាន នេះដើម្បីធានាថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅតែស្ថិតនៅលើគន្លងដ៏ត្រឹមត្រូវ ដែលផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចឱ្យប្រទេសទាំងសងខាង។

ជាចុងបញ្ចប់ សម្តេចប្រធានរដ្ឋសភាបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសឡាវ ដែលបានគាំទ្រ ចូលរួម និងបន្តតាមដានយ៉ាងសកម្មលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២៥ ។ ការចូលរួម និងតាមដានការអនុវត្តលើបទឈប់បាញ់នេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលបានជួយស្ថានភាពនៅតំបន់ជម្លោះឱ្យមានភាពស្ងប់ស្ងាត់ ទប់ស្កាត់បាននូវការប៉ះទង្គិច និងកាត់បន្ថយផលប៉ះពាល់ដល់ប្រជាជននៅតាមតំបន់ព្រំដែនបានជាអតិបរមា ហើយសង្ឃឹមថា ទំនាក់ទំនងជាប្រក្រតីភាពនឹងត្រឡប់មកវិញក្នុងពេលឆាប់ៗ និងធានាបាននូវសន្តិភាពយូរអង្វែង។ កម្ពុជាតែងតែផ្តល់អាទិភាពដល់សន្តិសហវិជ្ជមាន និងភាពជាអ្នកជិតខាងល្អ។ កម្ពុជាបានខិតខំប្រឹងប្រែងនិងតែងតែផ្តល់តម្លៃខ្ពស់ដល់ការកសាងខ្សែបន្ទាត់ព្រំដែនឱ្យទៅជា “ព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ”៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print