អន្តរជាតិ ៖ ពិព័រណ៍អាស៊ាន-ចិន ឆ្នាំ ២០២៥ ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង ប្រទេសចិន គឺជាវេទិកាដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការបង្ហាញសក្តានុពលសេដ្ឋកិច្ចនិងការចូលរួមយុទ្ធសាស្ត្រជាមួយ តំបន់អាស៊ីអាគ្នេយ៍ ។ ពិព័រណ៍អាស៊ាន-ចិន ឆ្នាំ ២០២៥ មិនមែនជាការបង្ហាញសក្តានុពលសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់ពីតួនាទីសំខាន់របស់កម្ពុជា ក្នុងតំបន់អាស៊ីអាគ្នេយ៍និងបានបង្ហាញពីភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចូលរួមសកម្មក្នុងការអភិវឌ្ឍជាតិប្រកបដោយចីរភាព។ ចិន និងកម្ពុជា គឺជាមិត្តដែកថែប ហើយចិនប្តេជ្ញា គាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។
ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ ចិនបានក្លាយជាប្រទេសវិនិយោគធំបំផុតក្នុងកម្ពុជា ដោយមានទុនចុះបញ្ជីសរុបប្រមាណ ២.៥ ពាន់លានដុល្លារ ក្នុងគម្រោង ១៧២ គ្របដណ្តប់លើវិស័យសំខាន់ៗដូចជា សំណង់ កសិកម្ម ឧស្សាហកម្ម។ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងចិនក៏បានកើនឡើងដល់ ៤ ពាន់លានដុល្លារ ដែលបង្ហាញពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ការចុះហត្ថលេខាលើគម្រោងសាងសង់បណ្តាញសមុទ្រហ្វូណន-តេជោ (Funan Techo Canal) ជាមួយទុនវិនិយោគ ១.២ ពាន់លានដុល្លារ គឺជាជំហានសំខាន់ក្នុងការកែលម្អសេដ្ឋកិច្ចជាតិ និងការភ្ជាប់តំបន់។
ក្នុងពិពរណ៍ ក៏បានបង្ហាញថា កម្ពុជាជាប្រទេសដែលមានទីតាំងយុទ្ធសាស្ត្រល្អ និងរដ្ឋាភិបាល ដែលគាំទ្រអាជីវកម្ម។ ទីតាំងភូមិសាស្ត្រជិតសមុទ្រនិងព្រំដែនជាមួយប្រទេសជាច្រើន ជួយដល់ការផ្គត់ផ្គង់ និងការចែកចាយ។ រដ្ឋាភិបាលក៏បានអនុវត្តគោលនយោបាយដែលអនុញ្ញាតឱ្យមានការវិនិយោគបរទេស និងការអភិវឌ្ឍឧស្សាហកម្ម។ ក្រៅពីវិស័យសេដ្ឋកិច្ច កម្ពុជាក៏ទទួលបានអត្ថប្រយោជន៍ក្នុងវិស័យសន្តិសុខតំបន់។ ចិនបានគាំទ្រកម្ពុជាក្នុងការដោះស្រាយវិបត្តិសេរីភាពព្រំដែនជាមួយថៃដោយសន្តិវិធី និងគាំទ្រមេកានិចត្រួតពិនិត្យការផ្អាកបាញ់របស់អាស៊ាន ។ ការចូលរួមក្នុងវេទិកាពហុភាគីដូចជា SCO Plus ក៏ជួយដល់ការ ជំរុញសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ លទ្ធផលនៃទំនាក់ទំនងជាផ្លែផ្កាជាក់ ស្តែង និងទិសដៅជាអាទិភាពនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដោយផ្តោតលើការជំរុញទេសចរចិនទៅទស្សនាកម្ពុជា ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា និងការរឹតសម្ព័ន្ធមេត្រីភាពរវាងខេត្ត និងខេត្ត-ទីក្រុងរបស់ចិនជាដើម។ កម្ពុជាប្រកាន់ខ្ជាប់នូវនយោបាយចិនមួយដោយគ្មានងាករេ និងបានល្អប្រសើរ ហើយកម្ពុជាគាំទ្រគំនិតផ្តួចផ្តើមផ្សេងៗរបស់ចិន រួមមាន៖ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI), គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល (GDI), គំនិតផ្ដួចផ្ដើមសន្ដិសុខសកល (GSI), គំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) គំនិតផ្ដួចផ្ដើមអភិបាលកិច្ច AI សកល (Global AI Governance Initiative) ជា ពិសេសគំនិតផ្ដួចផ្ដើមអភិបាលកិច្ច សកល (GGI) ។
ក្នុងពេល អនាគត កម្ពុជាអាចបន្តជំរុញការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងការចូលរួមយុទ្ធសាស្ត្រជាមួយប្រទេសជិតខាង ដោយផ្អែកលើគោលនយោបាយសេដ្ឋកិច្ចបើកចំហ និងការរួមចំណែកសកម្មក្នុងសហគមន៍អាស៊ាន ព្រមទាំងអាចជួយដល់ការកែលម្អជីវភាពប្រជាជន និងការរីកចម្រើនប្រកបដោយចីរភាពសម្រាប់ជាតិទាំងមូល ៕
ដោយ ៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍
ប្រធាន វិទ្យាស្ថាន សិក្សា ចិន នៃ រាជបណ្ឌិត្យ សភា កម្ពុជា (CCFR)