ក្រុងស្ទឹងសែនខេត្តកំពង់ធំ សម្រេចបានជោគជ័យថ្មីមួយទៀតនៅក្នុងវិស័យទេសចរណ៍ ដោយបានប្រែក្លាយជាជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”

ចែករំលែក៖

ខេត្ត​កំពង់​ធំ​៖​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងលោកស្រី Dr. Ada Moadsiri តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសជាផ្លូវការ “ក្រុងស្ទឹងសែនជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី” ជាជ័យលាភីមួយដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង/ស្រុក/ខណ្ឌណា ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរ ហើយជ័យលាភីនេះក៏មានការទទួលស្គាល់ដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក, សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ និង អង្គការសុខភាពពិភពលោកផងដែរ។

ក្នុងពិធីដ៏វិសេសវិសាលនាសាលាខេត្តកំពង់ធំ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥​ មានការអញ្ជើញចូលរួមពីលោករដ្ឋលេខាធិការក្រសួងសុខាភិបាល ,លោករដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក លោកស្រីទាំងអស់មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរជំនាញ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងប្រតិបត្តិករទេសចរណ៍, ប្អូនៗយុវជន ស.ស.យ.ក., យុវជនកាកបាទក្រហមកម្ពុជា, គ្រប់ផ្នែក គ្រប់ថ្នាក់ នៅលើទឹកដីនៃខេត្តកំពង់ធំ ប្រមាណ៣១២នាក់។

ថ្លែងក្នុងឱកាសនៃពិធីនេះ លោករដ្ឋមន្ត្រី មានប្រសាសន៍ថា ខេត្តកំពង់ធំ បាននិងកំពុងអភិវឌ្ឍន៍លើគ្រប់វិស័យយ៉ាងឆាប់រហ័ស ទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងការវិនិយោគ, គឺជាខេត្តដែលមានទីតាំងនៅមិនឆ្ងាយពីរាជធានីភ្នំពេញ, ស្ថិតនៅចំកណ្ដាលប្រទេស, គឺជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវទេសចរមកពីបណ្ដាខេត្តនានាងាយស្រួលក្នុងការធ្វើដំណើរទៅមក, ព្រមទាំងជាខេត្ត ដែលមានអំណោយផលពីធម្មជាតិ និងមានសម្បត្តិវប្បធម៌ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺប្រាសាទសំបូរព្រៃគុក ព្រមទាំងប្រាសាទបុរាណនានាជាច្រើនទៀត គួបផ្សំនឹងភាពសម្បូរបែបនៃប្រពៃណី ទំនៀមទំលាប់ មានជាអាទិ៍ សិប្បកម្ម ចម្លាក់បដិមាករ ដាវដែកកំពង់ស្វាយ និងព្រះខ័ន្ធជាដើម។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ទាំងអស់នេះ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍតំបន់សក្តានុពលទេសចរណ៍ធំៗ របស់ខេត្ត ដែលរួមមាន តំបន់ទេសចរណ៍វប្បធម៌, ទេសចរណ៍ប្រវត្តិសាស្ត្រ, តំបន់សហគមន៍ទេសចរណ៍, តំបន់ទេសចរណ៍ធម្មជាតិ, ទេសចរណ៍កែច្នៃ, តំបន់កសិ-ទេសចរណ៍ និង តំបន់គោលដៅទេសចរណ៍ថ្មីៗ ស្របតាមផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០ ដែលទើបនឹងដាក់ឱ្យអនុវត្តកាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងទៅនេះ។

បន្ថែមលើនេះ លោករដ្ឋមន្ត្រី ក៏បានគូសរំលេចអំពីដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ជាដំណាំដែលមានសក្តានុពលមួយមានរសជាតិឈ្ងុយឆ្ងាញ់និងមានតម្រូវការទីផ្សារខ្ពស់ ខណៈមួយឆ្នាំៗ ទិន្នផលប្រមូលផលបានជាច្រើនម៉ឺនតោន នាំចេញទៅកាន់ទីផ្សារទាំងក្នុង និងក្រៅប្រទេស។ យោងសក្តានុពលនេះ, ខណៈពេលដែលដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ កំពុងស្នើសុំដាក់ជាផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) រាជរដ្ឋាភិបាល បានដាក់មហិច្ឆតាប្រែក្លាយកម្ពុជា ជាអធិរាជស្វាយចន្ទី និងជាប្រទេសនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក នាពេលអនាគត៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print