ភ្នំពេញ ៖ ក្នុងលិខិតសម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទទូចសុំការគាំទ្រពី UN ក្នុងការជំរុញឲ្យភាគីថៃគោរពបទឈប់បាញ់ឱ្យបានពេញលេញ រើលួសបន្លា ប្រគល់ដី-ផ្ទះឱ្យពលរដ្ឋខ្មែរវិញ បញ្ឈប់សកម្មភាពរំលោភលើអធិបតេយ្យភាពរបស់កម្ពុជា និង ដោះលែងទាហានកម្ពុជាទាំង១៨នាក់វិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៥ ដាក់លិខិតទៅលោក António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ពាក់ព័ន្ធជម្លោះកម្ពុជា-ថៃ។
លិខិតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្រោយពីមានហេតុការណ៍នៃការផ្ទុះការប៉ះទង្គិចដែលបង្កឡើងដោយភាគីថៃ ជាមួយប្រជាពលរដ្ឋស៊ីវិលនៅកម្ពុជាបណ្តាលឱ្យមានប្រជាពលរដ្ឋ និង ព្រះសង្ឃកម្ពុជាចំនួន ២៨អង្គ/នាក់ ដួលសន្លប់ និងរងរបួស ធ្ងន់ និងស្រាល។
រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថ្កោលទោសចំពោះសកម្មភាពព្រៃផ្សៃរបស់ក្រុមយោធាថៃ ហើយជំរុញឱ្យថៃគោរពឱ្យបានខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវស្មារតីនៃបទឈប់បាញ់ និង ការព្រមព្រៀងទាំងឡាយនៃកិច្ចប្រជុំនានាកន្លងមក ។
ដោយឡែកក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ បង្ហាញក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពគឃ្លីន និងបង្កហេតុ ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយអំពាវនាវសហគមន៍អន្តរជាតិ ជាពិសេសអាស៊ាន និងបណ្តាដៃគូពាក់ព័ន្ធ ឱ្យយកចិត្តទុកដាក់លើការវិវត្តដ៏គួរឱ្យព្រួយបារម្ភទាំងនេះ។
យោងតាមរបាយការណ៍ដែលអាចទុកចិត្តបាន ទាហានថៃដែលប្រដាប់ដោយខែលការពារ ដំបង និងអាវុធ បានចូលមកក្នុងទឹកដីកម្ពុជា ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ព្រមទាំងប្រើឧបករណ៍បំពងសម្លេងហ្វ្រេកង់ខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ត្រចៀករបស់ប្រជាពលរដ្ឋ កម្ពុជា នៅភូមិព្រៃចាន់។ ក្រសួងការបរទេស បានចាត់ទុកថា សកម្មភាពទាំងនេះ បានបណ្តាលឱ្យមានរបួសដល់ជនស៊ីវិលជាច្រើននាក់ រួមទាំងព្រះសង្ឃផងដែរ នៅក្នុងអំឡុងពេលប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយប្រជាពលរដ្ឋកម្ពុជា ដែលកំពុងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ខ្លួន ដោយសន្តិវិធី។ សកម្មភាពបំភិតបំភ័យ ដែលពុំអាចទទួលយកបាននេះ រួមជាមួយនឹងការក្នង់ដោយអាវុធពិតទៅលើជនស៊ីវិល គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ដូចជាទៅលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងបទដ្ឋានមនុស្សធម៌ ៕
ដោយ ៖ សិលា