ភ្នំពេញ ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) សូមជម្រាបជូនសាធារណជនទាំងអស់ មេត្តាជ្រាបថា សម្ព័ន្ធភាពផ្ទាលសាធារណៈឌីជីថល បានសម្រេចទទួលយកកម្ពុជាជាសមាជិកថ្មីបំផុតរបស់ខ្លួន។ សម្ព័ន្ធភាពផ្ទាល សាធារណៈឌីជីថល គឺជាគំនិតផ្តួចផ្តើមដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីជំរុញការកំណត់អត្តសញ្ញាណ និងការអនុវត្តបច្ចេកវិទ្យាបើកចំហ។ សម្ព័ន្ធភាពនេះ ប្រមូលផ្តុំប្រទេសនិងអង្គការនានា ដើម្បីលើកកម្ពស់ឱ្យមាន ប្រព័ន្ធអេកូឡូស៊ីសកលដ៏រស់រវើកសម្រាប់ថ្នាលសាធារណៈឌីជីថល សំដៅរួមចំណែកដល់ការសម្រេចឱ្យបាននូវ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។
ក្នុងនាមជាសមាជិករបស់សម្ព័ន្ធភាពនេះ កម្ពុជាបានប្តេជ្ញាចិត្តចំពោះការធ្វើបរិវត្តកម្មឌីជីថល តាមរយៈការដាក់ឱ្យ ប្រើប្រាស់ដំណោះស្រាយឌីជីថលដ៏មានទំនុកចិត្ត ដែលផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ ជំនួសដោយការផ្តល់ សេវាផ្អែកលើក្រដាសតាមបែបប្រពៃណី។ កម្ពុជា ក៏បានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍនិងការប្រើប្រាស់ផ្ទាលឌីជីថល ដែលបម្រើដល់ការបំពេញការងាររបស់មន្ត្រីរាជការសាធារណៈ និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ ផ្ទាលទាំងនេះ អាចដោះស្រាយបញ្ហាសំខាន់ៗ ដូចជា ការផ្ទៀងផ្ទាត់អត្តសញ្ញាណ ការពង្រឹងភាពជឿទុកចិត្ត និងការកាត់បន្ថយចំណាយ។ គោលដៅនៃការអភិវឌ្ឍផ្ទាលទាំងនេះ គឺដើម្បីជំរុញឱ្យបច្ចេកវិទ្យាក្នុងវិស័យសាធារណៈរបស់កម្ពុជា ងាយប្រើប្រាស់ ដោយស្ថាប័នរដ្ឋាភិបាល ស្ថាប័នជាតិ និងអន្តរជាតិ។ គួរកត់សម្គាល់ថា ផ្ទាលឌីជីថលដ៏ល្បីមួយរបស់កម្ពុជា គឺផ្ទាល ផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល VERIFY.GOV.KH បានឈ្នះមេដាយមាសក្នុងកម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ (ASEAN Digital Awards 2024) ដែលបានរៀបចំឡើងនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំ រដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting)។ ផ្ទាល VERIFY.GOV.KH អាចត្រូវបានដាក់ឱ្យប្រើប្រាស់តាមបែបសហព័ន្ធ (federated way) ដែលអនុញ្ញាតឱ្យប្រព័ន្ធដែលបានដាក់នៅតាម ប្រទេសនីមួយៗអាចប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកបាន។ បច្ចុប្បន្ននេះ កម្ពុជាកំពុងរៀបចំគម្រោងថ្នាល VERIFY ជាសកល ដែលអាចផ្ទៀងផ្ទាត់ឯកសាររវាងប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសសិង្ហបុរី ប្រទេសទីម័រខាងកើត និង ប្រទេសផ្សេងទៀតក្នុងតំបន់ ដើម្បីជំរុញក្របខណ្ឌមិនប្រើក្រដាស និងអាចផ្ទៀងផ្ទាត់ឯកសារឆ្លងដែន។
ក.ប.ទ. ប្តេជ្ញាជំរុញ និងពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ ជាមួយក្រសួង ស្ថាប័ន និងសាកលវិទ្យាល័យនានា។ តាមរយៈអនុស្សរណៈនេះ ក.ប.ទ. បានបណ្តុះបណ្តាលជំនាញឌីជីថល កសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ចែករំលែកឧត្តមានុវត្ត និងដាក់ឱ្យប្រើប្រាស់ VERIFY.GOV.KH ដើម្បីផ្ទៀងផ្ទាត់ឯកសាររបស់ក្រសួង និងស្ថាប័នទាំងនោះ។ ក.ប.ទ. ក៏បានចុះអនុស្សរណៈនៃការយោគយល់ជាមួយ ប្រទេសសិង្ហបុរី ឡាវ ទីម័រខាងកើត និងហ្វីលីពីននាពេលថ្មីៗនេះ ដើម្បីធ្វើសមាហរណកម្មបច្ចេកវិទ្យា VERIFY.GOV.KH ក្នុងគោលបំណងលើកកម្ពស់បរិវត្តកម្មឌីជីថលឆ្លងដែនប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងសន្សំសំចៃ។
សូមជម្រាបជូនថា សមាជិករបស់សម្ព័ន្ធភាពផ្ទាលសាធារណៈឌីជីថលនាពេលបច្ចុប្បន្ន រួមមាន ទីភ្នាក់ងារ រដ្ឋាភិបាលមកពីប្រទេសអាល្លឺម៉ង់ ប្រទេសឥណ្ឌា ប្រទេសអេត្យូពី ប្រទេសអេស្តូនី ប្រទេសសិង្ហបុរី កម្មវិធីអភិវឌ្ឍន៍ អង្គការសហប្រជាជាតិ (UNDP) មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) សហភាពទូរគមនាគមន៍ អន្តរជាតិ (ITU) និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត៕
ដោយ ៖ សិលា