យោងតាមអង្គការសហប្រជាជាតិ មនុស្សជាង 250.000 នាក់ត្រូវបានជម្លៀសចេញពីទីក្រុង Gaza ក្នុងខែសីហា។
មនុស្សរាប់ម៉ឺននាក់ទៀតត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែង និងជម្រកបណ្តោះអាសន្នរបស់ពួកគេជារៀងរាល់ថ្ងៃ ដោយប្រឈមមុខនឹងការវាយលុកថ្មីរបស់អុីស្រាអែល។
ការវាយប្រហារដោយកាំភ្លើងធំ រថក្រោះ និងយន្តហោះចម្បាំងរបស់អុីស្រាអែលបានវាយប្រហារទីក្រុង Gaza ម្តងទៀតនៅថ្ងៃទី 18 ខែកញ្ញា។ រលកថ្មីនៃការផ្លាស់ទីលំនៅដ៏ធំកំពុងដំណើរការ បន្ទាប់ពីមនុស្សប្រហែល 60,000 នាក់បានភៀសខ្លួនចេញពីការវាយលុកថ្មីក្នុងរយៈពេល 72 ម៉ោងកាលពីដើមសប្តាហ៍នេះ។
មន្ត្រីយោធាអុីស្រាអែលបាននិយាយថា ចំនួនមនុស្សសរុបដែលបានផ្លាស់ទីលំនៅពីទីក្រុង Gaza តាមបញ្ជាជម្លៀសរបស់អុីស្រាអែលគឺខ្ពស់ជាងច្រើន។ យានជំនិះឥតឈប់ឈរដែលផ្ទុកទំនិញក្នុងផ្ទះ ភួយ ពូក ធុងហ្គាស ហើយជារឿយៗសមាជិកគ្រួសារបានកកកុញលើផ្លូវឆ្នេរសមុទ្រតូចចង្អៀតរបស់ហ្គាហ្សាកាលពីថ្ងៃទី 18 ខែកញ្ញា ខណៈដែលប៉ាឡេស្ទីនធ្វើដំណើរឆ្ពោះទៅភាគខាងត្បូងទៅកាន់តំបន់ដែលកំណត់ដោយអុីស្រាអែល។
ថ្លៃដឹកជញ្ជូនឡើងថ្លៃ បង្ខំឲ្យអ្នកខ្លះដើរ ដឹករបស់របរ និងកូនតូច។ លោក Yasser Saleh អ្នកស្រុក Gaza បាននិយាយថា “យើងកំពុងរៀបចំដេកនៅតាមផ្លូវឆ្ពោះទៅឆ្នេរខ្សាច់បែបនេះ ដើរដោយជើងទទេ… យើងមិនដឹងថាត្រូវទៅទីណា” ។
មន្ត្រីយោធាអុីស្រាអែលនិយាយថា ទីក្រុងហ្កាហ្សាជាទីតាំងរឹងមាំរបស់ក្រុមហាម៉ាស់ ហើយជនស៊ីវិលរហូតដល់ ៤៥ ម៉ឺននាក់បានភៀសខ្លួន។ មន្ត្រីម្នាក់បាននិយាយថា ការប៉ាន់ស្មានគឺផ្អែកលើប្រភពជាច្រើន រួមទាំងការស៊ើបអង្កេតដោយដ្រូន។
កងកម្លាំងអុីស្រាអែលឥឡូវនេះគ្រប់គ្រងជាយក្រុងភាគខាងកើតនៃទីក្រុងហ្គាហ្សា។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កងកម្លាំងអុីស្រាអែលបានចល័តចូលទៅក្នុងតំបន់ Sheikh Radwan និង Tel al-Hawa ពីកន្លែងដែលពួកគេបានឈានទៅដល់សង្កាត់ភាគកណ្តាល និងភាគខាងលិច ដែលប្រជាជនភាគច្រើននៅសេសសល់បានភៀសខ្លួន៕ ដោយធីរីណា