ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងមន្ដ្រីរាជការ បានចូលរួមបុណ្យកាន់បិណ្ឌវេនទី១៣ នៅវត្តប្រសិទ្ធីរីម្នារាម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បី រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខន្ធ ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានបែកកាយ រំលាយឋានទៅកាន់បរលោកខាងមុខនិងបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធកម្មាភិ បាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ ពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពដែលបានពលីជីវិត ក្នុងបុព្វហេតុការពារបូរណភាពទឹកដីពីចោរសៀមឈ្លានពាន កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ។
ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តដឹកនាំដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ក្នុងនោះវិស័យព្រះពុទ្ធចក្រ ក៏មានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនា ក្នុងជំនឿកាន់បិណ្ឌ ត្រូវបានប្រជាពលរដ្ឋខ្មែរ នាំគ្នាគោរពប្រតិបត្តិ យ៉ាងខ្ជាប់ខ្ជួន តាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃ។
ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌវេនទី១៣ នាព្រឹកថ្ងៃទី២០ ខែកញ្ញានេះ លោក ឃួង ស្រេង និង លោកជំទាវបានវេប្រគេននូវទ័យវត្ថុ និង គ្រឿងឧបភោគ បរិភោគជាច្រើន និងប្រគេនបច្ច័យដល់ព្រះសង្ឃ និងប្រគេនដល់វត្តដើមី្បយកទៅកសាងសមិទ្ធផលនានា នៅក្នុងទីអារាមនៃវត្តប្រសិទ្ធីរីម្នារាមនេះ៕
ដោយ៖ សំរិត