ភ្នំពេញ ៖ លោកបណ្ឌិត ទូច សុខៈ (សុឃៈ) នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ បានថ្លែងថា ៖ ទោះក្នុងនាមជាអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឬក៏ក្នុងនាមជាប្រជាពលរដ្ឋ ខ្ញុំ ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរដ្ឋបាលខេត្តស្រះកែវ ពិសេសអភិបាលខេត្តនេះ ដែលម្ដងហើយម្ដងទៀត បានដាក់ចេញផែនការឈ្លានពាន គោលការណ៍ប្រតិបត្តិខុសច្បាប់ដល់សមត្ថកិច្ចក្រោមឱវាទ និងរន្ថើនផ្ញើសារ បំភាន់ មួលបង្កាច់ បំភ្លៃ គំរាមកំហែង បំភិតបំភៃដល់ប្រជាពលរដ្ឋខ្មែរ ដែលបានកំពុងរស់នៅ កាន់កាប់ អាស្រ័យផលលើដីកំណើតស្របច្បាប់តជំនាន់ពីដូនតា តាំងពីយូរលង់ណាស់មកហើយលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា ដែលនាពេលថ្មីៗនេះ ទាំងអភិបាលខេត្តស្រះកែវថៃបច្ចុប្បន្ន បានទទួលស្គាល់ថាស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា និងអតីតរដ្ឋាបាលភិបាលលោក អាភីស៊ីតវេចាជីវ៉ា ក្នុងឆ្នាំ២០១០ បានប្រកាសទទួលស្គាល់ចំពោះមុខអ្នកសារព័ត៌មាន ថាដីតំបន់ព្រៃចាន់ និងភូមិជោគជ័យ និងផ្សេងៗទៀតតាមព្រំដែន ស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា។
លោកបណ្ឌិតបន្តថា ៖ ផ្ទុយពីការទទួលស្គាល់ ដោយក្រោមហេតុផលនយោបាយផ្ទៃក្នុងរបស់ខ្លួន និងសម្ពាធពីក្រុមជ្រុលនិយមថៃមួយចំនួន ព្រមទាំងក្នុងចេតនារក្សាតំណែងរបស់ខ្លួន បែរជាហ៊ានក្រឡាសសម្ដីបំពានច្បាប់ជាតិ ច្បាប់អន្តរជាតិ។ សកម្មភាពជាន់ឈ្លីច្បាប់របស់អភិបាលខេត្តរូបនេះ ជាអាទិ៍ ការប្រកាសបញ្ជូនប្រជាជនខ្លួនមកកាន់កាប់ អាស្រ័យផលតាមតំបន់ព្រំដែនជម្លោះ និងសន្យាផ្ដល់ប័ណ្ណកម្មសិទ្ធិ ការសង្ខើញរដ្ឋបាលខេត្តបន្ទាយមានជ័យកម្ពុជា ធ្វើតាមខ្លួន និងការកំណត់ពេលឱ្យប្រជាពលរដ្ឋកម្ពុជារស់នៅតជំនាន់ដូនតាតាំងពីបុរមបុរាណមក ឱ្យចាកចេញ។ តាមផែនការ គោលការណ៍ និងសារជាបន្តបន្ទាប់របស់អភិបាលខេត្តនេះ យោធាថៃ ធ្វើសកម្មភាពរាយបន្លាលួស ដាក់កង់ឡាន ស្បៃខ្មៅ វាតទីរំលោភអធិបតេយ្យកម្ពុជា បើទោះជាអាជ្ញាធរ កងកម្លាំងចម្រុះ និងប្រជាពលរដ្ឋកម្ពុជាគ្មានអាវុធ តែងតែប្រឆាំងតវ៉ាជាក់ស្ដែងនៅហ្នឹងកន្លែងតាមនីតិវិធអហិង្សា និងតាមផ្លូវច្បាប់យ៉ាងណាក៏ដោយ។ តែផ្ទុយទៅវិញ នគរបាល កម្លាំងជំនាញ
បង្ក្រាបបាតុកម្ម និងកម្លាំងប្រដាប់អាវុធចម្រុះថៃផ្សេងទៀត បង្ក្រាបដោយហិង្សាអមនុស្សធម៌រំលោភសិទ្ធិមនុស្សជាតិ ដែលការពារដោយច្បាប់អន្តរជាតិ ជាអាទិ៍ ការប្រើខែល ដំបងឆក់ ដំបងដែកវែងសម្រាប់រុញបុក គ្រាប់បែកផ្សែង កាំភ្លើងបាញ់គ្រាប់ជ័រ ឧស្ម័នបង្ហូរទឹកភ្នែក ជំពាមគ្រាប់ដែក គ្រាប់ឃ្លី រថយន្តបាញ់ទឹក ដែលមិនដឹងថាមានសារធាតុគីមីអ្វី ការគម្រាមចាប់ខ្លួនពលរដ្ឋខ្មែរ និងការដាក់តម្រៀបរថយន្តឃុំបង្ខាំងមនុស្ស និងការគម្រាមប្រើវិធានការខុសច្បាប់អន្តរជាតិនានាទៀត។
ពិសេសជាងនេះ ការព័ទ្ធយកដី-ផ្ទះ ការបណ្ដេញចេញពីលំនៅដ្ឋាន ការវាយកម្ទេចផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរ និងការប្រើអំពើហិង្សាយ៉ាងឃោរឃៅ ដែលថ្មីៗនេះបណ្ដាលឱ្យព្រះសង្ឃ កងកម្លាំងមិនប្រដាប់ដោយអាវុធ និងប្រជាពលរដ្ឋខ្មែរ ចំនួន២៩អង្គ\នាក់ ដួលសន្លប់ របួសធ្ងន់ស្រាល។ល។ ទាំងនេះ ជាឥរិយាថមនុស្សព្រៃ ក្នុងសម័យបុព្វកាល ផ្ទុយពីសារធាតុជាមនុស្សស៊ីវិល័យនាសម័យទំបើប ដែលជាធាតុផ្សំនៃបទល្មើសឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ គឺជាបទល្មើសអន្តរជាតិ ក្រោមសមត្ថកិច្ចតុលាការអន្តរជាតិ នៃអង្គការសហប្រជាជាតិ ដែល អភិបាលខេត្តស្រះកែវថៃ អាជ្ញាធរពាក់ព័ន្ធរបស់ខ្លួន នគរបាល កម្លាំងបង្ក្រាបបាតុកម្ម យោធា និងកម្លាំងប្រដាប់អាវុធចម្រុះថៃផ្សេងទៀត ត្រូវប្រឈមមុខទទួលខុសត្រូវ។ លើសពីនេះ ប្រសិនបើ ក្រសួងមហាផ្ទៃថៃ គ្មានវិធានការគ្រប់សភាពការណ៍ដែលបង្កើតឡើងដោយអភិបាលខេត្តនេះ ឬរដ្ឋាភិបាលថៃ នៅតែបណ្ដែតបណ្ដោយ ឬនៅពីក្រោយនោះ នឹងទទួលខុសត្រូវរួម ដែលនាំឱ្យថៃទាំងមូលទទួលលទ្ធផលមិនល្អចាជាប្រវត្តិសាស្ត្រ ខុសពីបំណងប្រជាពលរដ្ឋថៃ និងអ្នកនយោបាយជាយុវជនថៃជំនាន់មិនបាន និងដែលកំពុងងើបឡើងស្ដារមុខមាត់ថៃឱ្យល្អឡើងវិញនោះ។
ជាសរុបមកវិញ ខ្ញុំ សូមបញ្ជាក់ជារួមថា បទល្មើស«ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» គឺរាល់អំពើណាមួយ ដែលជនល្មើសប្រព្រឹត្តិជាអាទិ៍ ការធ្វើទុក្ខបុកម្នេញប្រជាពលរដ្ឋ ការរាយបន្លាលួសព័ទ្ធដីព័ទ្ធផ្ទះប្រជាពលរដ្ឋ ការរុញច្រាន បណ្ដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន និងអំពើផ្សេងៗទៀត រៀបជាបណ្ដាញមានផែនការឬគោលនយោបាយវាយប្រហារយ៉ាងទូលំទូលាយ ឬជាប្រព័ន្ធ (widespread or systematic attack)ទៅលើប្រជាពលរដ្ឋស៊ីវិល (a civilian population)៖
• ការចាប់ខ្លួន (Mass arrests)៖ ប្រសិនបើប្រជាពលរដ្ឋកម្ពុជាត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ក្នុងចំនួនច្រើន ដែលជាផ្នែកមួយនៃ គោលនយោបាយដោយចេតនា (deliberate policy)(ឧទាហរណ៍៖ ការគំរាមកំហែង ឬការរំលុបបំបាត់វត្តមានរបស់ពលរដ្ឋកម្ពុជានៅតាមតំបន់ព្រំដែន) នោះអំពើនេះអាចត្រូវបានចាត់ទុកថាជាការធ្វើទុក្ខបុកម្នេញ (persecution) ឬ ការចាប់ឃុំខ្លួនដោយខុសច្បាប់ (imprisonment) ដែលជាប្រភេទនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
• ការបង្ខំឲ្យផ្លាស់ទីលំនៅ (Forced displacement)៖ ប្រសិនបើអាជ្ញាធរថៃប្រើប្រាស់របងលួសបន្លា ការគំរាមកំហែង ឬការចាប់ខ្លួនដើម្បីបណ្តេញប្រជាពលរដ្ឋជាអចិន្ត្រៃយ៍ពីដីរបស់ពួកគេ នោះអំពើនេះអាចស្មើនឹង ការនិរទេស ឬការបង្ខំឲ្យផ្លាស់ប្តូរទីលំនៅរបស់ប្រជាជន (deportation or forcible transfer of population)។
• អំពើហិង្សាជាប្រព័ន្ធ (Systematic violence)៖ ប្រសិនបើកងទ័ព ឬនគរបាលថៃ ធ្វើការវាយដំ ការគំរាមកំហែង ឬអំពើបំពានផ្សេងៗទៀតលើប្រជាពលរដ្ឋស៊ីវិល ដែលជាផ្នែកមួយនៃ យុទ្ធនាការទូលំទូលាយ (broader campaign) នោះវានឹងបង្កើតបានជា មូលដ្ឋានគតិយុត្ត (legal grounds) សម្រាប់បទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ទោះបីជាស្ថិតនៅក្រៅសង្គ្រាមពេញលេញក៏ដោយ។
👉 ចំណុចគន្លឹះ (Key Point) នៃ «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» មិនតម្រូវឲ្យមានជម្លោះប្រដាប់អាវុធទេ។ វាក៏អាចកើតឡើងក្នុងពេលសន្តិភាពបានដែរ ប្រសិនបើមានភស្តុតាងនៃ គោលនយោបាយ (policy)ឬ ការអនុវត្តន៍យ៉ាងទូលំទូលាយ (widespread practice) នៃការធ្វើទុក្ខបុកម្នេញ។
👉បន្ថែមពីនេះ ប្រសិនបើប្រជាពលរដ្ឋកម្ពុជាជាបន្តបន្ទាប់ត្រូវបានចាប់ខ្លួន បណ្តេញចេញពីផ្ទះរបស់ពួកគេ ឬត្រូវបានបៀតបៀនជាបន្តបន្ទាប់ដែលជាផ្នែកមួយនៃ គោលនយោបាយទូលំទូលាយ (broader policy) នោះអំពើទាំងនេះ អាចត្រូវបានចាត់ទុកជា «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» (crimes against humanity) ដែលអាចប្តឹងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)បាន៕
ដោយ ៖ លោកបណ្ឌិត ទូច សុខៈ (សយឃៈ)