ខេត្តកំពត ៖ ខ្មាន់កាំភ្លើងម្នាក់ដៃឆៅដែលបាញ់ប្រហារបណ្ដាលឲ្យមនុស្សស្លាប់៣នាក់ និងរបួសធ្ងន់ម្នាក់នៅស្រុកបន្ទាយមាស ខេត្តកំពត កាលពីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្រាវជ្រាវបង្ក្រាបបានហើយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិសាស្ដ្រខេត្តតាកែវ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានអះអាងថា បន្ទាប់ពីស្រាវជ្រាវក្រោយថ្ងៃកើតហេតុ នៅពេលនេះជនដៃដល់ដែលជាខ្មាន់កាំភ្លើងឈ្មោះ អ៊ុំ វុទ្ធី ត្រូវកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបបានហើយនៅស្រុកបាទី ខេត្តតាកែវ។
បើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ, ក្រៅពីខ្មាន់កាំភ្លើងខាងលើ ប្រពន្ធរបស់ជនដៃដល់រូបនេះ ក៏ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពត ឃាត់ខ្លួនផងដែរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់។
សូមរលឹកថា នៅយប់ថ្ងៃកើតហេតុ ក្រុមជនរងគ្រោះកំពុងជួបជុំគ្នាហូបចុក ពេលនោះក៏មានឆ្កែមួយក្បាលចូលទៅក្នុងវង់ហូបចុក ស្រាប់តែជនរងគ្រោះយកកំប៉ុងស្រាគប់ទៅលើឆ្កែ ហើយប្រពន្ធរបស់ខ្មាន់កាំភ្លើងបានចោទថា កំប៉ុងស្រាដែលជនរងគ្រោះគប់នោះត្រូវខ្លួន ក្រោយមកក៏ឈ្លោះប្រកែកគ្នាមួយប្រាវ។ មួយសន្ទុះក្រោយមក ប្រពន្ធរបស់ខ្មាន់កាំភ្លើងយកសាច់រឿងមកប្រាប់ប្ដី ដែលជាខ្មាន់កាំភ្លើង ហើយខ្មាន់កាំភ្លើងបានដើរចេញពីផ្ទះទៅបាញ់រះលើក្រុមជនរងគ្រោះតែម្ដង។
ហេតុការណ៍នេះ បានបណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣នាក់ (ស្រី២នាក់ ប្រុសម្នាក់) និងរងរបួសធ្ងន់ម្នាក់។
នៅលើផេកផ្លូវការរបស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត មុននេះបន្តិចក៏បង្ហោះថា៖ ករណីជម្លោះនៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស ឈានទៅដល់ការបាញ់ប្រហារបណ្តាលអោយស្លាប់មនុស្ស ស្ត្រីដែលជាភរិយាជនល្មើសនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ បច្ចុប្បន្នស្ត្រីដែលជាភរិយាបានបញ្ជូនមកដល់ស្នងការរដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ។ លោកបន្តថា ៖ ជនដៃដល់បាញ់ប្រហារនៅឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាសត្រូវបានសមត្ថកិច្ច អហ លើផ្ទៃប្រទេសឃាត់ខ្លួនបានហើយ។ 22.09.25 ៕
ដោយ ៖ សិលា
