ប្រទេសថៃ ៖ ប្រជាពលរដ្ឋនៅក្នុងភូមិជាច្រើន ក្នុងឃុំបាន Ban Krathum ស្រុក Sena ខេត្តព្រះនគរស៊ីអាយុធ្យា កំពុងទទួលរងទុក្ខវេទនាដោយសារទឹកជំនន់ដែលកើនឡើងខ្ពស់ជាង ៣ ម៉ែត្រ និងបានលិចអស់រយៈពេលជិតមួយខែមកហើយ។
គិតមកទល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៥ ស្ថានភាពទឹកជំនន់នៅខេត្តព្រះនគរស៊ីអាយុធ្យាថា កម្រិតទឹកនៅតែបន្តកើនឡើង និងបានលិចតំបន់កាន់តែធំទូលាយ។
ស្ថាប័នជំនាញក៏បានចេញសេចក្ដីជូនដំណឹងដើម្បីឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេប៉ាសាក់ (Pa Sak) ត្រៀមខ្លួនទទួលយកស្ថានភាពទឹកដែលនឹងកើនឡើងបន្ថែមទៀត។
ទន្លេចៅប្រាយ៉ា (Chao Phraya) របស់ខេត្តឆៃណាត (Chainat) នៅតែបន្តបញ្ចេញទឹកក្នុងអត្រា ២,២០០ ម៉ែត្រគូបក្នុងមួយវិនាទី។ បរិមាណទឹកហូរចេញពីទន្លេចៅប្រាយ៉ាដែលហូរឆ្លងកាត់ខេត្តព្រះនគរស៊ីអាយុធ្យា បានបង្កឱ្យកម្រិតទឹកក្នុងទន្លេចៅប្រាយ៉ា ទន្លេណយ (Noi) និងព្រែកផ្សេងៗទៀតកើនឡើង។
អ្នកយកព័ត៌មានបានរាយការណ៍ថា ស្ថានភាពទឹកជំនន់បានបង្កឱ្យមានករណីស្លាប់ដោយសារលង់ទឹកចំនួន ៣ នាក់ហើយ នៅក្នុងខេត្តព្រះនគរស៊ីអាយុធ្យា។ ដោយឡែកនៅទីក្រុងបាងកក ប្រទេសថៃ នៅព្រឹកថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានជួបនៅហេតុការណ៍បាក់ផ្លូវដ៏ធំមួយបណ្ដាលឱ្យមានរណ្ដៅជម្រៅ ៥០ម៉ែត្រ ទំហំផ្ទៃដី៣០ម៉ែត្រនឹង៣០ម៉ែត្រ ។
ហេតុការណ៍នេះ កើតឡើង នៅទល់មុខនឹងមន្ទីរពេទ្យ Vajira Hospital ក្នុងទីក្រុងបាងកក ប្រទេសថៃ។ ប្រជាពលរដ្ឋត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុ ។ អ្នកជំងឺត្រូវបានដឹកចេញពីមន្ទីរពេទ្យ Vajira ដែលនៅទល់មុខគ្រោះធម្មជាតិដ៏សាហាវនេះ ៕
ដោយ ៖ សិលា