លោកបណ្ឌិត សោម រតនា៖​ ត្រូវដឹងថា នៅពេលនេះ ស្ថានភាពថៃ ជាស្ថានភាពដង្ហើមចង្រិត​ នយោបាយរដ្ឋាភិបាលស៊ីវិល មិនច្បាស់លាស់ (ការទទួលយកដំណែងនាយករដ្ឋមន្រ្តី គ្រាន់តែចង់ដើម្បីបានដាក់ក្នុងប្រវត្តិរូបការងារ (sic)​ ខណៈអំណាចពិតឋិតនៅដៃយោធា ក្រោមឆត្រវាំង

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា​ បានមានប្រសាសន៍​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖​ រាប់ទៅ! កូនខ្មែរគ្រប់រូប ត្រូវតែរាប់! ភាពអត់ធ្មត់របស់យើង (មួយ) ជាភាពអាម៉ាស់របស់បច្ចាមិត្តយើង (មួយ)។ អត់ធ្មត់កាន់តែច្រើន ភាពអាម៉ាស់របស់គេកាន់តែខ្លាំង។ ត្បិតអីយើងជាអ្នកការពារ! យើងត្រូវតែបន្តការពារ ជាមួយនឹងភាពអត់ធ្មត់ (បែបយុទ្ធសាស្រ្ត)។ នោះអី បច្ចាមិត្ត នឹងភ្លេចអាត្មា ចាញ់មាត្រា និងស្លាប់ខ្លួនតែម្តង។

ជាការយល់ឃើញដ៏តិចតួចរបស់​លោកបណ្ឌិត​ ការទាញយកបញ្ហាជម្លោះខ្មែ-ថៃនេះ មកដោះស្រាយភ្លាមៗ ដោយលោកនាយករដ្ឋមន្រ្តី អានវ៉ា អ៉ីប្រាហ៊ីម មិនមែនជារឿងចៃដន្យឡើយ។ មិនចៃដន្យដោយថា ទី១). បញ្ហាជម្លោះនេះ ពិតជាមានផលប៉ះពាល់ដោយផ្ទាល់ ដល់សន្តិសុខ និងសង្គមអាស៊ាន ដែលកំពុងតាំងចិត្តកសាងនូវអនាគតមួយរួមគ្នា។ ដូច្នេះ បញ្ហានេះ ចង់ ឬមិនចង់ ត្រូវតែអាស៊ានខ្លួនឯងចេញមុខមកដោះស្រាយ។ បើគ្រាន់តែបញ្ហាផ្ទៃក្នុងភូមា មិនទាន់នឹងអាចដោះស្រាយបានផង ហើយពេលនេះ ស្រាប់តែអាស៊ានត្រូវមកបន្តុបបន្ថែមដោយជម្លោះកម្ពុជា-ថៃទៀតនោះ តើអាស៊ានអាចមានឱកាសពេញវ័យទេ? អត់ទេ! ពោលគឺត្រូវស្លាប់ទាំងវ័យក្មេងខ្ចី។ ទី២). ការរំលោភបំពាន និងមហិច្ឆិតាឈ្លានពានរបស់ថៃមិនចេះចប់ មិនចេះហើយ ជាគម្រូដ៏អាក្រក់មួយសម្រាប់តំបន់។ ថ្ងៃនេះថៃរំលោភកម្ពុជា ហើយតើនណាអាចទៅដឹងថា ថ្ងៃក្រោយថៃនឹងបន្តរំលោភប្រទេសជិតខាងណាទៀត? ត្រូវតែបង្រ្កាប! ទី៣). បញ្ហានេះ ពិតជាអាចដោះស្រាយបាន តាមយន្តការអន្តរជាតិ។ នោះហើយ ដែលលោក អានវ៉ា អ៉ីប្រាហ៊ីម បានបំពងសម្លេងបន្ថែមទៅលោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីម្សិល។ បើលោកគ្មានជំនឿ លោកក៏មិនលើកឡើងដោយផ្ទាល់ជាថ្មីម្តងទៀតជាមួយនឹងសហរដ្ឋអាមេរិកឡើយ។

លោកបណ្ឌិត​ សោម​ រតនា​ បានគូសបញ្ជាក់ថា​ បងប្អូន ខណៈពេលដែលយើងត្រូវរក្សាភាពអត់ធ្មត់ (បែបយុទ្ធសាស្រ្ត) ពេលនេះ ថៃធ្វើអីបាន ក៏ធ្វើសិនចុះ ប៉ុន្តែយើងត្រូវកត់! ទន្ទឹមនឹងនេះ អ្វីដែលយើងអាចការពារបាន ក៏ត្រូវរួមគ្នាការពារជាដាច់ខាត និងឲ្យអស់លទ្ធភាពសិន ត្បិតអីអន្តរជាតិបានដឹងលឺអស់ហើយ។ ការបង្កើតក្រុមអ្នកសង្កេតការអន្តរជាតិអន្តរកាលភ្លាមៗបន្ទាប់ពីបទឈប់បាញ់ សុទ្ធតែជាអ្វី ដែលបានគិតគូរយ៉ាងដិតដល់។ កុំស្មានថា ការចុះមករបស់ក្រុមនោះ ជារឿងអត់ប្រយោជន៏។ គេចំណាយមនុស្ស គេចំណាយលុយ និងគេក៏ត្រូវការកិត្តិយស។ ការកសាងមូលដ្ឋានផ្លូវច្បាប់ ត្រូវការពេលវេលា និងភស្តុតាងជាក់ស្តែងបន្ថែមទៀត ដើម្បីសង្កត់ក។

ត្រូវដឹងថា នៅពេលនេះ ស្ថានភាពថៃ ជាស្ថានភាពដង្ហើមចង្រិត។ នយោបាយរដ្ឋាភិបាលស៊ីវិល មិនច្បាស់លាស់ (ការទទួលយកដំណែងនាយករដ្ឋមន្រ្តី គ្រាន់តែចង់ដើម្បីបានដាក់ក្នុងប្រវត្តិរូបការងារ (sic)) ខណៈអំណាចពិតឋិតនៅដៃយោធា ក្រោមឆត្រវាំង។ បញ្ញាវ័ន្តមិនហ៊ាននិយាយ ព្រោះច្បាប់ចាស់។ សារព័ត៌មានជាអាយ៉ង ព្រោះត្រូវរស់។ នោះអី ដែលគេត្រូវធ្វើអី ដែលអាចធ្វើបានសិន។ សម្រាប់ពួកគេ ពេលនេះ រឿងតែមួយគត់ ដែលមិនមានអ្នកជំទាស់ (ព្រោះជំទាស់មិនបាន) គឺរឿងព្រំដែននេះឯង។ ចឹងបានជាគេត្រូវចញ្ចឹមចិត្ត គឃ្លើន បង្កហេតុ បញ្ឆេះសង្រ្គាម ដើម្បីផ្គាប់ចិត្ត និងអារម្មណ៏ក្រុមជ្រុលនិយម ដែលមានអំណាច ទោះគ្មានគោដៅច្បាស់លាស់។ យូទៅ ថាអីនឹងមានចលនាធុញធប់ ព្រោះតែឱនភាពនៃយស និងថវិកាជាតិខ្លួនឯង។

ដូច្នេះ ជម្រើសកម្ពុជា ត្រូវតែនៅស្ងៀម (បែបយុទ្ធសាស្រ្ត) ខណៈដែលយើងក៏មិនត្រូវហុចដាវឲ្យសត្រូវ ជាពិសេសការបង្កើតឱកាសឲ្យពួកគេរួមចិត្ត និងគំនិតមួយប្រឆាំងយើង (អាចជាការផ្ទុះអាវុធជាថ្មី ការជំរុញការស្អប់ខ្ពើមជាតិសាសន៏។ល។) ត្រូវចាំថា យើងនៅមានយន្តការសម្របសម្រួលផ្សេងទៀត ដែលនឹងអាចឈានដល់មានដំណោះស្រាយជម្លោះនេះតាមសន្តិវិធី គ្រាន់តែថា យន្តការខ្លះ ត្រូវការហេតុមានទម្ងន់ និងយន្តការខ្លះទៀត ត្រូវការពេលដែលចំ។ ថៃខ្លួនឯង ក៏ចង់រកផ្លូវចេញដែរ ប៉ុន្តែពេលនេះ មោហ៍បាំងអស់ហើយ។

...

បន្ថែមពីនេះ​ លោកអនុរដ្ឋលេខាធិការ​ បានសង្កត់ធ្ងន់ថា​ ពិតណាស់ កម្ពុជាយើងតូច ប៉ុន្តែរាជរដ្ឋាភិបាលយើងមិនត្រឹមតែមានភាពចាស់ទុំប៉ុណ្ណោះទេ ថែមទាំងដឹកនាំដោយអ្នកឆ្លាតវៃបំផុត។ ទន្ទឹមនឹងនេះ កម្ពុជា ក៏មានមិត្តល្អជាច្រើន ដែលកំពុងចាំជួយ ប៉ុន្តែក៏ចាំមើល។ គេពិតជាមិនលូកដៃឡើយ បើយើងខុស ព្រោះយើងតូច។ ដើម្បីធំ កម្លាំងយោធា ក៏ត្រូវបង្កើនស្ងាត់ៗដែរ ៕ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print