ខេត្តកណ្តាល÷កម្លាំងនគរបាលក្រុងតាខ្មៅបានធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលពាក់ព័ន្ធនឹងការជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់។ សមត្ថកិច្ចបានដកហូតវត្ថុតាងជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១៤កញ្ចប់ ទម្ងន់សរុប ៧,៤៩ក្រាម។ ការបង្ក្រាបនេះធ្វើឡើងនៅ ២ទីតាំងផ្សេងគ្នា ក្នុងថ្ងៃទី២៥ កញ្ញា ២០២៥ នៅសង្កាត់តាខ្មៅ និងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់ឈ្មោះ យ៉ត រស្មី ភេទប្រុស អាយុ២២ឆ្នាំនិងឈ្មោះ ភាព វាសនា ភេទប្រុស អាយុ២១ឆ្នាំ)។ ជនសង្ស័យទាំងពីរនាក់នេះមានសារធាតុញៀនក្នុងខ្លួនវិជ្ជមាន (+)។
លោកអធិការបានបន្តថា ក្រោយទទួលបានសេចក្ដីរាយ ការណ៍ពីប្រជាពលរដ្ឋអំពីសកម្មភាពចែកចាយគ្រឿង ញៀន លោកនាយប៉ុស្តិ៍នគរបាលតាខ្មៅបានដឹកនាំកម្លាំងចុះទៅដល់ទីតាំងទី១ គឺក្រោយផ្សារកាច់ជ្រុង។ ពេលនោះ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យឈ្មោះ យ៉ត រស្មី ហើយបានឆែកឆេររកឃើញគ្រឿងញៀន ៨ កញ្ចប់លាក់ក្នុងហោប៉ៅខោ។ ជនសង្ស័យបានសារភាពថា គ្រឿងញៀននេះជារបស់ឈ្មោះ ឌី ដែលបានយកមកផ្ញើឲ្យខ្លួនជួយលក់បន្ត។
ដោយមានការសម្របសម្រួលពីលោកអធិការក្រុងតាខ្មៅ កម្លាំងជំនាញបានបន្តប្រតិបត្តិការទៅទីតាំងទី២ ក្នុងភូមិស្ទឹងជ្រៅ ដែលជាផ្ទះរបស់ឈ្មោះ ឌី។ នៅទីនោះ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យឈ្មោះ ភាព វាសនា ហើយបានឆែកឆេររកឃើញគ្រឿងញៀន៦ កញ្ចប់ទៀត ដែលលាក់ក្នុងកញ្ចប់បារីក្នុងហោប៉ៅខោ។ ឈ្មោះ ភាព វាសនា ក៏បានសារភាពថា គ្រឿងញៀននេះជារបស់ឈ្មោះ ឌី ដែរ។
វត្ថុតាងសរុបដែលដកហូតបានរួមមាន ថ្នាំញៀន (ម៉ាទឹកកក) ចំនួន ១៤កញ្ចប់ (តូច ១៣កញ្ចប់, មធ្យម ១កញ្ចប់) ទម្ងន់សរុប ៧,៤៩ក្រាម, ទូរស័ព្ទម៉ាក Oppo ១គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួម និងវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕