យុវជនធ្លាប់ជាប់គុក ៣ឆ្នាំ ពេលនេះបែកថ្នាំប្រើពូថៅដេញកាប់អ្នកភូមិ និងកាប់ម៉ូតូគេនៅស្រុកកោះធំ

ចែករំលែក៖

ខេត្តកណ្តាល÷យុវជនម្នាក់ដែលធ្លាប់ជាប់ពន្ធនាគារ ៣ឆ្នាំ ពីបទបង្កហិង្សា និងប្រើប្រាស់គ្រឿងញៀន ពេលចេញមកវិញបានប្រើប្រាស់គ្រឿងញៀនហួសកម្រិតបណ្ដាលឲ្យបែកអារម្មណ៍ រួចយកពូថៅដៃទៅដេញកាប់អ្នកភូមិ និងកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះ។ ជន សង្ស័យរូបនេះត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំឃាត់ខ្លួនបាន កាលពីព្រឹកថ្ងៃទី២៦ កញ្ញា ២០២៥ នៅលើផ្លូវបេតុងក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ស៊ីម ឃាង អធិការនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពៅ វ៉ាន់ដេត ភេទប្រុស អាយុ២៥ឆ្នាំ។ ជននេះមានប្រវត្តិជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល ៣ឆ្នាំពីបទធ្វើឲ្យខូចខាតដោយចេតនា និងប្រើប្រាស់គ្រឿងញៀន។ ចំណែកជន រងគ្រោះមានឈ្មោះ ធឿន ដារ៉ូ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកសិករ ដែលបានរងរបួសស្រាល។

លោកអធិការបានបន្តថា មុនពេលកើតហេតុនៅយប់ថ្ងៃទី២៥ កញ្ញា ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀនហួសកម្រិតបណ្ដាលឲ្យបែកអារម្មណ៍ រួចដើរចេញពីផ្ទះរបស់ខ្លួននៅក្រុងសំពៅពូន មកដល់ទឹកដីស្រុកកោះធំ។ លុះព្រឹកឡើងថ្ងៃទី២៦ កញ្ញា ខណៈជនសង្ស័យកំពុងដើរតាមផ្លូវបេតុងដោយមានកាន់ពូថៅដៃមួយ ជនរង គ្រោះបានជួបហើយសួរនាំថា “ប្អូនកាន់ពូថៅទៅណាតែម្នាក់ឯង?” ស្រាប់តែជនសង្ស័យខឹង ហើយរត់ដេញកាប់ជនរងគ្រោះតែម្ដង។ ដោយឃើញសភាពមិនស្រួល ជនរងគ្រោះបានរត់គេចខ្លួនទៅរកអ្នកភូមិឲ្យជួយ។

លោកអធិការឲ្យដឹងទៀតថា ពេលដែលជនរងគ្រោះរត់ គេច ជនសង្ស័យបានយកពូថៅនោះទៅកាប់ម៉ូតូរបស់ជនរងគ្រោះម៉ាក Honda Wave ពណ៌ខ្មៅ ក្រហម បណ្ដាលឲ្យខូចខាតស្រាលចំនួន ២កន្លែង។ ក្រោយមក ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកថ្មីឲ្យចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះ និងកាប់បំផ្លាញម៉ូតូរបស់គាត់ពិតប្រាកដមែន។ តាមការធ្វើតេស្តទឹកនោម ជនសង្ស័យមានលទ្ធផលវិជ្ជមាន (+). វត្ថុតាងដែលដកហូតបានរួមមាន ពូថៅដៃ ១។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print