ការវាយប្រហាររបស់អុីស្រាអែលលើរដ្ឋធានីកាតារបានបង្ខំឱ្យបណ្តាប្រទេសអារ៉ាប់ពិចារណាឡើងវិញនូវរចនាសម្ព័ន្ធសន្តិសុខក្នុងតំបន់ដោយជំរុញគំនិតនៃការបង្កើតសម្ព័ន្ធភាពតាមបែប NATO នៃបណ្តាប្រទេសមូស្លីម។
កាលពីថ្ងៃទី៩ ខែកញ្ញា អុីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសទៅលើរដ្ឋធានីដូហានៃប្រទេសកាតារ ដោយសំដៅលើបរិវេណដែលមេដឹកនាំជាន់ខ្ពស់ហាម៉ាស់បានជួបជុំគ្នា ដោយបានសម្លាប់មនុស្ស៦នាក់ រួមទាំងមន្ត្រីសន្តិសុខកាតារម្នាក់ផងដែរ។ ចំណាត់ការនេះមានការភ្ញាក់ផ្អើលព្រោះកាតារជាប្រទេសអធិបតេយ្យភាព ជាសម្ព័ន្ធមិត្តរបស់អាមេរិកនៅមជ្ឈិមបូព៌ា ហើយនៅតែរក្សាទំនាក់ទំនងជាមួយអុីស្រាអែល។
ការវាយប្រហារលើរដ្ឋធានីនៃប្រទេសអារ៉ាប់ជាលើកដំបូងចាប់តាំងពីសង្រ្គាមឈូងសមុទ្រឆ្នាំ 1991 បានធ្វើឱ្យតំបន់នេះអសន្តិសុខ ដោយសាបព្រោះមន្ទិលចំពោះការប្តេជ្ញាចិត្តសន្តិសុខរបស់សហរដ្ឋអាមេរិក។ ប្រការនេះបានរុញច្រានប្លុកអារ៉ាប់ឱ្យកាន់តែខិតជិតគ្នា ពីព្រោះការវាយប្រហារដោយផ្ទាល់បែបនេះចំពោះអធិបតេយ្យភាពមិនអាចទទួលយកបានសម្រាប់ពួកគេ។
នៅឯកិច្ចប្រជុំកំពូលបន្ទាន់មួយរៀបចំឡើងដោយសម្ព័ន្ធអារ៉ាប់ និងអង្គការកិច្ចសហប្រតិបត្តិការអ៊ិស្លាម កាលពីពេលថ្មីៗនេះ ក្រុមមន្ត្រីអេហ្ស៉ីបបានលើកឡើងពីគំនិតបង្កើត «បក្សសម្ព័ន្ធណាតូអារ៉ាប់»។ ក្នុងសុន្ទរកថាមួយនៅឯកិច្ចប្រជុំនោះដែរ នាយករដ្ឋមន្ត្រីអ៉ីរ៉ាក់ លោក Mohammed Shia al-Sudani បានអំពាវនាវឱ្យមានការបង្កើតបក្សសម្ព័ន្ធមួយការពារគ្នាជាសមូហភាព ខណៈសមាជិកចំនួន៦ មកពីក្រុមប្រឹក្សាកិច្ចសហប្រតិបត្តិការឈូងសមុទ្រ ឬហៅកាត់ថា GCC រួមមានបារ៉ែន គុយវ៉ែត អូម៉ង់ កាតារ អារ៉ាប៊ីសាអូ៊ឌីត និងអេមីរ៉ាតអារ៉ាប់រួម បាននិយាយថា ពួកគេនឹងចាប់អនុវត្តមាត្រាមួយនៅក្នុងកិច្ចព្រមព្រៀងការពារជាតិរួមគ្នាមួយត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ២០០០ ដែលចែងថាការវាយប្រហារលើរដ្ឋជាសមាជិកណាមួយគឺជាការវាយប្រហារលើប្លុកទាំងមូល។ ប្រយោគ និងពាក្យពេចន៍ក្នុងមាត្រានេះប្រហាក់ប្រហែលគ្នានឹង មាត្រា៥ របស់បក្សសម្ព័ន្ធយោធា NATO ដែរ។ នៅក្រោយកិច្ចប្រជុំកំពូល បណ្ដារដ្ឋមន្ត្រីការពារជាតិអារ៉ាប់បានបើកកិច្ចប្រជុំមួយផ្សេងទៀតក្នុងទីក្រុងដូហា និងបានឯកភាពគ្នាលើការពង្រឹងការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ របាយការណ៍ស្ដីពីស្ថានភាពដែនអាកាស និងស្វែងរកឱ្យបានឆាប់នូវប្រព័ន្ធថ្មីមួយសម្រាប់ការព្រមានពីការវាយប្រហារដោយមីស៊ីលបាលិស្ទិគ។ ក្នុងផែនការនេះ ក៏មានដែរការធ្វើសមយុទ្ធយោធារួមគ្នា។ ព្រមពេលជាមួយគ្នា អារ៉ាប៊ីសាអូ៊ឌីតបានប្រកាសពីការចុះកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកជាមួយប៉ាគីស្ថានដែលជារដ្ឋមានអាវុធនុយក្លេអ៊ែរដោយក្រោមកិច្ចព្រមព្រៀងនេះ ការវាយប្រហារលើរដ្ឋណាមួយក្នុងចំណោមប្រទេសទាំង២នឹងត្រូវបានចាត់ទុកថាជាការវាយប្រហារលើប្រទេសទាំង២តែម្ដង៕ ដោយធីរីណា
រូបថត: AFP