ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ទាហានថៃបាញ់អាវុធធន់ស្រាលរាប់សិបគ្រាប់តាំងពីទាបភ្លឺបន្តរហូតដល់ថ្ងៃ រួចចោទ និងមួលបង្កាច់ថាកម្ពុជាជាអ្នកផ្ទុះអាវុធ។ តែភាគីកម្ពុជា ចេញបញ្ជាក់ព័ត៌មានធ្វើសាធារណជនជាតិ-អន្តរជាតិដឹងការពិត ថៃបាត់មាត់ដូចគេចុក។ មកដល់រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក សហរដ្ឋអាម៉េរិក បានផ្តួចផ្តើម និងរៀបចំកិច្ចប្រជុំ ស្ដីពី ដំណោះស្រាយជម្លោះកម្ពុជា-ថៃ ដែលហៅថា កិច្ចប្រជុំ«១+៣»។ កិច្ចប្រជុំ «១+៣» មានតំណាងភាគីសហរដ្ឋអាម៉េរិក គឺអនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក រួមជាមួយនិង រដ្ឋមន្ត្រីការបរទេសកម្ពុជា(១) ម៉ាឡេស៊ី(២) និងថៃ(៣)។
កិច្ចប្រជុំ«១+៣» មានគោលបំណងបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួម ក្នុងការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី តាមរយៈការស្តារឡើងវិញនូវទំនុកចិត្ត ឆ្ពោះទៅប្រក្រតីភាពឡើងវិញ ដើម្បីផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនទាំងពីរ។ ភាគីកម្ពុជា ត្រូវបានអន្តរជាតិមើលឃើញថា គោរពបទឈប់បាញ់ និងមានសុច្ឆន្ទៈដោះស្រាយស្រាយជម្លោះដោយសន្តិវិធី និតតាមច្បាប់ ស្របតាមបំណងរបស់ប្រធានាធិបតីត្រាំ ម៉ាឡេស៊ីជាប្រធានអាស៊ាន និងបណ្ដាប្រទេសជាច្រើនលើពិភពលោក ចៀសជាងការប្រើប្រដាប់អាវុធ ដែលជាចំណូលចិត្តរបស់ថៃ។
ទោះជាទើបតែបញ្ចប់កិច្ចប្រជុំ«១+៣»មិនបានប៉ុន្មានផង ភាគីថៃ បានប្រកាសប្រាប់ពិភពលោកថា ខ្លួនល្មើសបទឈប់បាញ់ ប្រមាថស្ថាបនិកបទឈប់បាញ់ ដែលមានអាម៉េរិក ចិន និងម៉ាឡេស៊ី ជាប្រធានអាស៊ាន ដោយព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១១.៥២នាទី ទាហានខ្លួនបានបើកការបាញ់ប្រហារមកលើតំបន់ប្រតិបត្តិការសឹកការពារអធិបតេយ្យកម្ពុជា ជាឯកតោភាគី ទាំងកម្ពុជាមិនតបត ដែលគេហៅថា «ឡើងសង្វៀនប្រដាល់គ្មានដៃគូ» ហើយដូចទម្លាប់ ថៃប្រើកាសែតខ្លួន និងបន្តទៅកាសែតបរទេសផ្សាយមួលបង្កាច់ថា កម្ពុជាបើកការបាញ់ប្រហារលើថៃ រំលោភបទឈប់បាញ់ ជាលេសដើម្បីពង្រីកសង្គ្រាម និងឈ្លានពាន។
ផ្ទុយពីការបង្កើតលេសនិងមួលបង្កាច់កម្ពុជា សេចក្តីប្រកាសបញ្ជាក់ព័ត៌មាន របស់ ក្រសួងការពារជាតិកម្ពុជា បានចេញភ្លាមៗបំភ្លឺទាំងមហាជនកម្ពុជា ថៃ និងអន្តរជាតិបានទទួលព័ត៌មានពិតបន្ទាន់ថា ថៃទេជារដ្ឋប្រព្រឹត្តិល្មើសលិខិតុបករណ៍អន្តរជាតិ។ ជាក់ស្ដែង ហេតុការណ៍ ដែលបង្កើតដោយថៃម្នាក់ឯង នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ១១:៥២នាទី ត្រូវបានក្រសួងការពារជាតិកម្ពុជា ចេញបញ្ជាក់ភ្លាមៗ ជ្រាបដល់មហាជនកម្ពុជា មហាជនថៃ និងអន្តរជាតិ តាមរយៈការផ្សព្វផ្សាយក្នុងស្រុក និងសារព័ត៌មានអន្តរជាតិ។
តាមសេចក្ដីបញ្ជាក់ព័ត៌មានរបស់ក្រសួងការពារជាតិ បំភ្លឺថា យោធាថៃ បានចាប់ផ្តើមបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កំាភ្លើងត្បាល់ និងកាំភ្លើងដៃជាច្រើនគ្រាប់ មកលើតំបន់មូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។ កងទ័ពកម្ពុជា បានឈរលើគោលការណ៍អត់ធ្មត់ខ្ពស់ និងមិនបានតបតទៅវិញទេ។
តាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់សាជាថ្មី អំពី ការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ឱ្យបានពេញលេញ និងខ្ជាប់ខ្ជួនបំផុត ដោយបន្តសហការគ្នាឱ្យបានជិតស្និទ្ធនៅគ្រប់កម្រិត និងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឱ្យបានឆាប់រហ័ស និងអំពាវនាវឱ្យភាគីថៃអនុវត្ត និងគោរពឱ្យបានម៉ឹងម៉ាត់ដូចគ្នា។
រហូតមកដល់ម៉ោង១.១០នាទី ដែលក្រសួងការពារជាតិចេញសេចក្ដីប្រកាសបញ្ជាក់ព័ត៌មានជាផ្លូវការ និងសាធារណៈ ទាហានថៃនៅតែបន្តបាញ់ប្រហារមកលើទីតាំងឈរជើងរបស់កងកម្លាំងប្រដាប់អាវុធចម្រុះកម្ពុជា មិនទាន់បញ្ឈប់នៅឡើយទេ។ មែនទែនទៅ វាលែងជាវិញ្ញាសារវិភាគស្មុគស្មាញទៀតហើយចំពោះចេតនារបស់ថៃ ដោយសារច្រំដែលពេកទៅ បានក្លាយជាបង្អែកជាមូលដ្ឋានជាក់លាក់ ទាញតឹកតាងបានគ្រប់ៗគ្នាថា ការផ្ទុះអាវុធម្នាក់ឯងប៉ុន្មានពេលបន្តបន្ទាប់ និងការបាញ់ប្រហារទាំងអាវុធធន់ធ្ងន់ និងធន់ស្រាលពីសំណាក់ទាហានថៃ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ ត្រូវគេមើលឃើញយ៉ាងធ្លុះថា ជាការបញ្ឆេះឱ្យកងកម្លាំងប្រដាប់អាវុធចម្រុះរបស់កម្ពុជា ទប់កំហឹងមិនបាន ទាញអាវុធបាញ់ប្រហារតដៃវិញ បានលេសពង្រីកសង្គ្រាមឱ្យរាលដាល បំពេញមហិច្ឆតាឈ្លានពាន។ តែខុសពីការគិតស្រាលៗរបស់ថៃ វីរៈយុទ្ធជនកម្ពុជា មិនតបត អនុវត្តបទឈប់បាញ់ អង្គុយលើភ្នំផឹកតែ សំឡឹងមើលជ្រូកពុលដោយប្រុងប្រយ័ត្នខ្ពស់ វាយតម្លៃយុទ្ធសាស្ត្រ ក្ដាប់កម្លាំង-យុទ្ធដំណើរសត្រូវ ប្រមូល-វិភាគព័ត៌មានរាយការណ៍តាមយុទ្ធវិធីនៃសមរភូមិ ប្រកបដោយស្មារតីជំនាញអង់អាចជាញជ័យ និងចុងក្រោយរង់ចាំអនុវត្តបទបញ្ជាជាក់លាក់ពីថ្នាក់ដឹកនាំនយោបាយសមរភូមិ។
ជារួម តាមរយៈ (១)ធាតុអត្តនោម័ត(ចេតនា) (២)ធាតុសត្យានុម័ត(សកម្មភាពប្រព្រឹត្តិជាក់ស្ដែង) និង(៣)ធាតុនីត្យានុកូល(អំពើមានចែងក្នុងច្បាប់អន្តរជាតិថាជាបទល្មើស) ទាញបានថា អ្វីដែលថៃកំពុងប្រព្រឹត្តិ ចូលក្នុងធាតុផ្សំនៃបទឧក្រិដ្ឋកម្មអន្តរជាតិ ជាអាទិ៍ បទឧក្រិដ្ឋកម្មសង្គ្រាម និងបទឧក្រិដ្ឋកម្មឈ្លានពាន ជាដើម។ សរុបទៅ ថៃចង់ឈ្នះចិត្តខ្លួនឯង តែទៅមិនរួច បែរចាញ់ចិត្តប្រជាជនខ្លួន ចាញ់ចិត្តវីរៈយុទ្ធជនកម្ពុជា និងចុងក្រោយ ត្រូវបង់ចាញ់គ្រប់សមរភូមិ ទាំងកាទូត និងផ្លូវច្បាប់ ដូច«ចូវអ៊ី»ក្នុងរឿងសាមកុក ឈឺចិត្ត ដោយប្រយោគចុកឈាមរបស់ជូកឺលានថា«ចូវអ៊ី បរាជ័យ! បាត់ទាំងទឹកដី ខាតទាំងស្រីស្អាត!» រួចបណ្ដាលឱ្យខ្លួន ក្អួតឈាមធ្លាក់ពីលើសេះ ឈឺជាទម្ងន់រហូតដល់បាត់បង់ជីវិត។ សង្ឈឹមថា «ថៃត្រឡប់ក្រោយជាត្រើយសុភមង្គល!»៕
ដោយ៖ លោកបណ្ឌិត ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ