ខេត្តបន្ទាយមានជ័យ ៖ ក្រសួងព័ត៌មាន ចេញសេចក្តីបដិសេធព័ត៌មាន ដោយបញ្ជាក់ថា ៖ កាលពីពេលថ្មីៗនេះ ក្រសួងព័ត៌មានបានសង្កេតឃើញមានការចែករំលែកព័ត៌មានអំពីការចាប់ខ្លួន អ្នកសារព័ត៌មាន ដែលផ្សាយពាក់ព័ន្ធនឹងភូមិព្រៃចាន់ និងភូមិជោគជ័យ។ ក្រសួងព័ត៌មានសូមប្រកាសបដិសេធ ព័ត៌មានបែបនេះ និងសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា វាជាព័ត៌មានមិនពិតនោះទេ ហើយជាការផ្សាយក្នុងចេតនាបង្កចលាចល និងបង្កើតការភាន់ច្រឡំក្នុងចំណោមសាធារណជនអំពីស្ថានភាពពិតប្រាកដ នៅក្នុងភូមិទាំងពីរនេះ។ ក្រសួងព័ត៌មានសូមបញ្ជាក់ជូនថា ពុំមានការចាប់ខ្លួនអ្នកសារព័ត៌មាន ឬប្រជាពលរដ្ឋខ្មែរ ដែលផ្សាយព័ត៌មានពីភូមិព្រៃចាន់ និងភូមិជោគជ័យដូចពាក្យចចាមអារ៉ាមដែលបានលើកឡើងនោះទេ។
សូមប្រជាពលរដ្ឋទាំងអស់តាមដានស្ថានភាពជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ តាមរយៈប្រភពព័ត៌មាន ផ្លូវការ និងសូមចូលរួមបញ្ចប់ការបង្កើត និងបញ្ចប់ការចែកចាយព័ត៌មានក្លែងក្លាយ។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា