ខេត្តមណ្ឌលគិរី ៖ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្រ្កាប បទល្មើសគ្រឿងញៀនក្នុងទូទាំងខេត្តមណ្ឌលគិរី និងដោយមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី កាលពីថ្ងៃ២៦ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៦ និង៨នាទី កម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ស្រុកកែវសីមា បានសហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្រែខ្ទុម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែព្រះ និងសហការជាមួយ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រញូងសែនជ័យ បានចុះស្រាវជ្រាវស្វែងរកចាប់ខ្លួនពិរុទ្ធជនម្នាក់ តាមដីកាបង្កាប់ឱ្យចាប់ខ្លួន តាមដីកាបង្គាប់ឱ្យឃុំខ្លួន លេខ៨៨ ‘ក’ដ.ច.ន របស់សាលាដំបូងខេត្តមណ្ឌលគិរី។
ជនជាប់ចោទបានប្រព្រឹត្ត នៅចំណុចផ្ទះរបស់ ឈ្មោះ សុខា (កោសជប់ ) ស្ថិតនៅក្នុងភូមិសែនអភិវឌ្ឍន៍ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ជាប់ចោទពីបទជួញដូរនិងរក្សាទុក ដោយខុសច្បាប់នៅសារធាតុញៀន ប្រព្រឹត្តនៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរីកាលពី ឆ្នាំ២០២៣ ។
ក្នុងកិច្ចសហប្រតិបត្តិការខាងលើនេះកម្លាំងជំនាញបានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ អន់ សុខជា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិថ្មជុំ ឃុំមៀរ ស្រុកអូររាំងឪ ខេត្តកំពង់ចាម និងទីលំនៅបច្ចុប្បន្ន ភូមិក្រញូងសែនជ័យ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។
កម្លាំងជំនាញបានធ្វើតេសរកសារធាតុញៀនក្នុងទឹកម៉ូត្រលើជនសង្ស័យខាងលើ ជាលទ្ធផលវិជ្ជមាន(+) មានប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្រែខ្ទុម បានកសាងសំណុំរឿងនិងបញ្ជូនខ្លួនជនសង្ស័យមកការិយាល័យប្រឆាំងគ្រឿងញៀនចាត់ការតាមនីតិវិធីច្បាប់៕