យ៉ាងហោចណាស់មនុស្ស៤នាក់បានស្លាប់ និង៨នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីមានការបាញ់ប្រហារនៅព្រះវិហារមួយក្នុងរដ្ឋ Michigan របស់សហរដ្ឋអាមេរិក ដោយជនសង្ស័យបានដុតបំផ្លាញអគារនោះ។
ប៉ូលីសបាននិយាយថា ខ្មាន់កាំភ្លើងបានបើកឡានចូលទៅក្នុងព្រះវិហារមួយនៅ Grand Blanc ជាយក្រុង Flint រដ្ឋ Michigan កាលពីថ្ងៃទី 28 ខែកញ្ញា បន្ទាប់មកបានបើកការបាញ់ប្រហារដោយកាំភ្លើង ហើយទំនងជាបានដុតអគារ។
មេប៉ូលីស Grand Blanc លោក William Renye បាននិយាយថា ជនសង្ស័យត្រូវបានបាញ់សម្លាប់ដោយមន្រ្តីនៅក្នុងចំណតរថយន្តប្រហែល 8 នាទីបន្ទាប់ពីអាជ្ញាធរបានទទួលការហៅទូរស័ព្ទ។ ឧបទ្ទវហេតុនេះបានបណ្តាលឲ្យមនុស្សស្លាប់៤នាក់ និងរបួស៨នាក់ ក្នុងនោះម្នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ ។
ជនសង្ស័យមានឈ្មោះ Thomas Jacob Sanford អាយុ 40 ឆ្នាំ ប៉ុន្តែមូលហេតុនៃឧបទ្ទវហេតុនេះនៅមិនទាន់ដឹងនៅឡើយទេ។
លោក Renye បាននិយាយថា មនុស្សរាប់រយនាក់បាននៅព្រះវិហារនៅពេលនៃការបាញ់ប្រហារនេះ ដោយលោកបានបន្ថែមថា ប្រហែលជាមានជនរងគ្រោះជាច្រើនទៀតដែលជាប់នៅក្នុងគំនរបាក់បែក។ ព្រះវិហារភាគច្រើនត្រូវបានដុតបំផ្លាញបន្ទាប់ពីឧបទ្ទវហេតុ។
លោក Debbie Horkey អ្នកស្រុកនៅក្បែរព្រះវិហារបាននិយាយថា៖ «ប្ដីខ្ញុំបានឮសំឡេងស្រែក ហើយស្ត្រីម្នាក់ស្រែកឲ្យគេជួយ»។
ប្រធានាធិបតី Donald Trump បានហៅវាថាជា “ឧប្បត្តិហេតុដ៏គួរឱ្យរន្ធត់” និង “ការវាយប្រហារថ្មីលើពួកគ្រីស្ទាននៅអាមេរិក” ។
នាយក FBI លោក Kash Patel បានប្រកាសថា ភ្នាក់ងារត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុដើម្បីជួយក្នុងការស៊ើបអង្កេត។ Patel បាននិយាយថា “អំពើហិង្សានៅក្នុងកន្លែងគោរពបូជាគឺជាទង្វើដ៏គួរឱ្យស្អប់ខ្ពើមមួយ។ ការអធិស្ឋានរបស់យើងគឺជាមួយជនរងគ្រោះ និងក្រុមគ្រួសាររបស់ពួកគេនៅក្នុងសោកនាដកម្មនេះ” Patel បាននិយាយ។
យោងតាមទិន្នន័យពី Gun Violence Archive ដែលជាអង្គការមិនរកប្រាក់ចំណេញដែលតាមដានអំពើហិង្សាដោយកាំភ្លើង មានការបាញ់ប្រហារច្រើនជាង 320 នៅសហរដ្ឋអាមេរិកក្នុងឆ្នាំនេះ៕
រូបថត: vnexpress