ខេត្តកំពង់ស្ពឺ ៖ ដោយអនុវត្ដតាមការដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការចង្អុលណែនាំពីជំនាញ នារសៀលថៃ្ងទី២៨ ខែកញ្ញា ឆ្នាំ២០២៥នេះ កំលាំងអធិការដ្ឋាននគរបាលស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ឯក ឃុត សុផល អធិការនគរបាលស្រុកសំរោងទង បានធ្វេីការស្រាវជ្រាវករណីបាត់ម៉ូតូ១គ្រឿងនៅចំណុចទីតាំងរោងចក្រ ហ្គូម ហ្វូម ហ្វាម មានទីតាំងនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ដោយក្រុមចោរបានលួចយកចេញពីទីតាំងផ្ញេីម៉ូតូ។
ម៉ូតូ១គ្រឿងនេះម៉ាកហុងដាសេ១២៥ឆ្នាំ២០០៨ ឡើងតែមឆ្នាំ២០២២ពណ៌ខ្មៅ ផ្លាកលេខ កំពង់ស្ពឺ 1A-8424 ជាកម្មសិទ្ធិរបស់ឈ្មោះ ឆៃ វុិត ភេទស្រី អាយុ៥៤ឆ្នាំ រស់ នៅស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ មុខរបរ កម្មករ ។
កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកសំរោងទងបានធ្វេីការ សហការជាមួយសន្ដិសុខប្រចាំការនៅរោងចក្រ គ្លូប៊ល ប៉ាវអាន សីវីស ឯ.ក ( GBSC ) ដោយបានឃាត់ឈ្មោះ ខន ឆៃ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរ កម្មករ និងជាសន្ដិសុខ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដេីម្បីសាកសួរ។ ជាក់ស្ដែង ជនសង្ស័យ ខន ឆៃបានឆ្លើយសារភាពថា ពិតជាបានលួចយកម៉ូតូខាងលើប្រាកដមែន ដោយសកម្មភាពរួមជាមួយបក្ខពួកផ្សេងទៀត ។
សមត្ថកិច្ចបានបន្ដរកឃេីញនិងដកហូតម៉ូតូ១គ្រឿងម៉ាកហុងដា ប្រភេទ C125 ជាម៉ូតូដែលចោរលួចចេញពីរោង ចក្រខាងលេី ចោរបានដោះផ្លាកលេខយកទៅបោះចោលនិងយកទៅលាក់ទុកក្នុងព្រៃខាងកើតភូមិចំការរដ្ឋ ឃុំវល្លិស ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ចម្ងាយប្រមាណ១០០ម៉ែត្រ ។
បច្ចុប្បន្នសមត្ថកិច្ចបានបំពេញនីតិវិធីកសាងសំណុំរឿងនិងបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ ដេីម្បីចាត់ការតាមច្បាប់ រីឯម៉ូតូម៉ាកហុងដា 125cc បានប្រគល់ជូនម្ចាស់៕