ភ្នំពេញ ៖ ថ្លែងនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស នៅទីស្ដីការក្រសួងមហាផ្ទៃ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា ប្រវត្តិសាស្ត្រថ្មីៗបានឆ្លុះបញ្ជាំងពីទុក្ខវេទនាស្ទើរគ្រប់រូបភាពដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ ដែលជាក់ស្តែង ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ មាតុភូមិកម្ពុជាដ៏អភ័ព្វបានបន្តធ្លាក់ទៅក្នុងគ្រោះមហន្តរាយដែលខ្មែរក្រហមបានបង្កើតឡើង និងបំផ្លាញដល់ចំណុចសូន្យ។
នាឱកាសនោះផងដែរ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងថា នៅក្រោមរបបខ្មៅងងឹតនេះ សង្គមជាតិទាំងមូលត្រូវក្រឡាប់ចាក់ និងរចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច ត្រូវបំផ្លាញខ្ទេចខ្ទីដល់ឬសគល់ ឯសិទ្ធិសេរីភាពគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋត្រូវបាត់បង់ទាំងស្រុង ហើយប្រជាជនជាង៣លាននាក់ត្រូវសម្លាប់យ៉ាងអយុត្តិធម៌ ចំណែកឯអ្នកនៅរស់វិញ រង់ចាំតែថ្ងៃគេយកទៅសម្លាប់ប៉ុណ្ណោះ។
ទន្ទឹមនោះផងដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ស្ថិតក្នុងកាលៈទេសៈដ៏ធ្ងន់ធ្ងរបំផុតនេះ កម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធនៃគណបក្សប្រជាជនកម្ពុជា ដែលសល់ពីការកាប់សម្លាប់របស់ខ្មែរក្រហមបានក្រោកឈរតស៊ូប្រកបដោយវីរៈភាពបំផុត ដើម្បីប្រឆាំងបនប្រល័យពូជសាសន៍ប៉ុលពត ពីដំណាក់កាលមួយទៅដំណាក់កាលមួយដោយសុខចិត្តបង្ហូរឈាម ក្រាលពាសពេញទឹកដីនៃមាតុភូមិកម្ពុជា ក្រោមបុព្វហេតុដណ្តើមមកវិញឱ្យខាងតែបាននូវសន្តិភាព ឯករាជ្យ និងសេរីភាព ជូនប្រជាពលរដ្ឋជាទីស្នេហានៃយើងទាំងអស់គ្នា។
អតីតយុទ្ធជន១១ ៦៥០នាក់ និងអ្នកក្នុងបន្ទុក១៥៨ ៦១៨នាក់, អតីតមន្ត្រីរាជការស៊ីវិល ៥៦ ៧៧៩នាក់ និងអ្នកក្នុងបន្ទុក៤៦ ៤៤៨នាក់ កំពុងទទួលផលពីរបបសន្តិសុខសង្គម។ នេះបើតាមការលើកឡើង របស់សម្តេច ហ៊ុន សែន នាយឧត្តមសេនីយ៍ ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា នា ពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស៕
ដោយ ៖ សិលា