អន្តរជាតិ : កាលពីថ្ងៃទី ២៨ ខែកញ្ញា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានជួបពិភាក្សាការងារជាមួយលោកស្រី Choe Son-hui រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នៅទីក្រុងប៉េកាំង។
ថ្លែងក្នុងកិច្ចជំនួប លោក Wang Yi បានលើកឡើងថា ចំណងមិត្តភាពប្រពៃណីចិន-កូរ៉េខាងជើង ដែលបានបង្កើតឡើង និងពូនជ្រំយ៉ាងយកចិត្តទុកដាក់ដោយផ្ទាល់ពីសំណាក់មេដឹកនាំជំនាន់ចាស់នៃគណបក្ស និងប្រទេសទាំងពីរ គឺជាកំណប់ទ្រព្យរួមរបស់ភាគីទាំងពីរ ។ កាលពីដើមខែនេះ អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលោក Xi Jinping និងអគ្គលេខាធិការមជ្ឈិមបក្សពលករកូរ៉េខាងជើង លោក Kim Jong Un បានធ្វើកិច្ចជំនួបជាប្រវត្តិសាស្ត្រ ដោយបានដើរដល់គំនិតឯកភាពរួមដ៏សំខាន់ ដែលចង្អុលបង្ហាញទិសដៅនិងគ្រោងផែនការគោលសម្រាប់ការអភិវឌ្ឍទំនាក់ទំនងចិន-កូរ៉េខាងជើង។ យើងត្រូវអនុវត្តតាមគំនិតឯកភាពរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំកំពូលនៃបក្ស និងប្រទេសទាំងពីរ ពង្រឹងការទាក់ទងជាយុទ្ធសាស្ត្រ បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមគ្នាជំរុញសន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។
ជាការឆ្លើយតប លោកស្រី Choe Son-hui បានថ្លែងថា កូរ៉េខាងជើងមានឆន្ទៈធ្វើការជាមួយចិន ដើម្បីអនុវត្តគំនិតឯកភាពរួមរបស់មេដឹកនាំកំពូលនៃបក្ស និងប្រទេសទាំងពីរ ពង្រឹងការទាក់ទងជាយុទ្ធសាស្ត្រ បង្កើនការផ្លាស់ប្តូរមិត្តភាព ធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីជំរុញឱ្យទំនាក់ទំនងកូរ៉េខាងជើង-ចិន វិវឌ្ឍទៅកាន់កម្រិត កាន់តែខ្ពស់ ៕
ប្រភព : (CCFR)