ខេត្តកំពង់ឆ្នាំង ៖ ករណីបើកកាណូតបុកមនុស្សស្លាប់ រួចយកកាណូតទៅលាក់ទុក ហើយធ្វើជាជនរងគ្រោះ ទៅប្ដឹងសមត្ថកិច្ចថា ខ្លួនបានបាត់កាណូត១គ្រឿង លុះពេលសមត្ថកិច្ចស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ ទើបដឹងការពិតថា ម្ចាស់កាណូតដែលដើរតួជាជនរងគ្រោះ គឺជាជនល្មើសដែលបានបើកកាណូតបុកក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំ បណ្ដាលឱ្យស្លាប់ ។ ទោះបីយ៉ាងណា ជនបង្ក ត្រូវបានតុលាការសម្រេចដាក់ពន្ធនាគាររួចហើយកាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៥នេះហើយ ។
លោកឧត្តមសេនីយ៍ត្រី ពីង ពៅ ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ទទួលផែនចរាចរណ៍ផ្លូវទឹក ឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្ដឹង ពីជនបង្កដែលដើរតួជាជនរងគ្រោះថាបានបាត់កាណូត១គ្រឿងនគរបាលជំនាញ ក្រោមការដឹកនាំដោយផ្ទាល់ ពីសំណាក់លោក ឯក ស៊ុន រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានស្រាវជ្រាវរកភស្តុតាងដាក់បន្ទុកទៅលើជនសង្ស័យដែលបាន បើកកាណូតលឿនបង្កគ្រោះថ្នាក់ បុកមនុស្សស្លាប់ ដែលព្យាយាមបង្វែរសាច់រឿង ភូតកុហកសមត្ថកិច្ច ពីករណី បុកមនុស្សស្លាប់ទៅជារឿងចោរកម្មវិញ ។ ក្នុងប្រតិបត្តិការ ស្វែងរកភស្តុតាង ដើម្បីដាក់បន្ទុកលើ ជន សង្ស័យនេះ សមត្ថកិច្ចជំនាញប្រើរយៈពេល០៥ថ្ងៃ ក្នុងការប្រមូលភស្តុតាង ។
ប្រភពដដែលបានបន្តថា ជនសង្ស័យជាម្ចាស់កាណូត បង្កមាន ឈ្មោះ ហែម សៀងហៃ អាយុ៣១ឆ្នាំ រស់នៅភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មុខរបរជាជាងធ្វើម៉ាស៊ីន និង ទូក រស់នៅភូមិកណ្តាល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥ រូបគេពិតជាបានបើក កាណូតរបស់ខ្លួនបង្កគ្រោះថ្នាក់ ទៅបុកកាណូតជនរងគ្រោះ ឈ្មោះ ខោល សុវណ្ណរាជ អាយុ១៤ឆ្នាំ រស់ នៅភូមិអន្លុងកញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បណ្តាលអោយស្លាបចក្រម៉ាស៊ីនកាណូត កាប់ទៅលើជនរងគ្រោះ សុះខ្លួនធ្លាក់ទឹកស្លាប់ ពិតប្រាកដមែន ។
ក្រោយបង្កហេតុ រូបគេបានយកកាណូតទៅផ្ញើអ្នកស្គាល់ម្នាក់ទៀតរស់ នៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ហើយបានមកប្តឹងនគរបាលប៉ុស្តិផ្សារឆ្នាំងថា មានចោរ លួចកាណូតរបស់ខ្លួនទៅវិញ។ មិនត្រឹមតែប៉ុណ្ណឹងរូបគេបាឱ្យមិត្តភក្តិ បង្ហោះរូបភាពកាណូតនៅក្នុងបណ្ដាញសង្គម facebook ថាកាណូតនេះបានបាត់ហើយបើបងប្អូនបានឃើញជួយប្រាប់ផង ដែលជាការបំភាន់ព័ត៌មាន ។
ក្រោយការសាកសួរដោយយកចិត្តទុកដាក់របស់សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយត្រូវបានតុលាការសម្រេចឃុំខ្លួនម្ចាស់កាណូតបង្កឲ្យមនុស្សស្លាប់នោះហើយ៕