ខេត្តកណ្តាល ÷ ម្តាយយំសោកបោកខ្លួនដែលកូនប្រុសទើបអាយុបាន០៣ឆ្នាំ បានលង់ ទឹកស្លាប់ក្នុងស្ទឹងតាខ្មៅខណ:ម្តាយជាប់រវល់លក់លៀសហាល។ ហេតុការណ៍ដ៏អកុសលនេះ បានកើតហេតុនៅវេលាម៉ោង១២និង៣០នាទីថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៥ នៅចំណុចមាត់ស្ទឹងតាខ្មៅ (ត្រើយខាងជើង )ស្ថិតក្នុងភូមិ-សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
វរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឱ្យដឹងថា កុមាររងគ្រោះមានឈ្មោះ លី តុង ភេទ ប្រុសអាយុ៣ឆ្នាំ (នៅក្នុងបន្ទុកឪពុកម្តាយ )មានទីលំ នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឪពុកឈ្មោះ សុខ គឹមលី អាយុ៤១ឆ្នាំ មុខរបរ សន្តិសុខ និង ម្ដាយឈ្មោះ នី លី អាយុ៣៣ឆ្នាំ មុខរបរ លក់លៀសហាល។
លោកអធិការបន្តទៀតថា ក្រោយទទួលបានសេចក្តីរាយការណ៍ចូលក្នុងហ្គ្រុប តេឡេក្រាម(អធិការដ្ខាននគរបាលក្រុងតាខ្មៅ} ថាមានកុមារលង់ទឹកភ្លាម លោកបានបញ្ជាឱ្យអធិការរងទទួលការងារយុត្តិធម៌ និងកម្លាំងផ្នែកពិនិត្យវិភាគ កន្លែងកើតហេតុ សហការជាមួយប៉ុស្តិ៍នគរបាលដើមមៀន ចុះទៅពិនិត្យដល់កន្លែងកើតហេតុ ។
តាមការបំភ្លឺរបស់ម្តាយកុមាររងគ្រោះ ប្រាប់សមត្ថកិច្ចថា នាងតែងមកលក់លៀសហាល នៅមាត់ស្ទឹងក្បែរទីតាំងកើតហេតុ ជាប្រចាំ ហើយដោយគ្មានអ្នកមើលកូន ទើបនាងបានយកកូនទាំង០៣នាក់ មកជាមួយ ឯកុមាររង គ្រោះបានដើរលេងនៅមាត់ស្ទឹង។លុះនៅវេលាម៉ោងកើត ហេតុ នាងបានដើររកកូនមិនឃើញ ក៏បានសួរក្មេងៗ ដែលនៅជិតៗនោះថា មានឃើញកូនមីង ឈ្មោះ អាលីតុង ទេ ? ក្មេងៗក៏បានឆ្លើយប្រាប់ថា ឃើញវាចុះទៅច្រាំងមាត់ស្ទឹងលេងមុននឹង ។ ហើយក៏ស្រាប់តែមានក្មេងម្នាក់ទៀតបានប្រាប់ថា ឃើញ អាលីតុង ចុះលេងទឹក មីង !! ។
ពេលនោះម្តាយកុមាររងគ្រោះ ក៏មានការសង្ស័យថាកូនពិតជាលង់ទឹកហើយ…ក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ដើមមៀន ឱ្យជួយរក កូនប្រុសរបស់គាត់ ដោយនាំគ្នាចុះរាវរកកុមារជាជនរងគ្រោះក្នុងស្ទឹងប្រហែលកន្លះ ម៉ោង ក៏រាវរកឃើញស្រង់ឡើងមកលើគោក ជួយធ្វើចលនាហើយក៏ដឹកជនរងគ្រោះទៅមន្ទីរពេទ្យជ័យជំនះ ដោយលោកគ្រូពេទ្យបានជួយសង្គ្រោះអស់ពីលទ្ធភាព ប៉ុន្តែកុមាររងគ្រោះ បានស្លាប់បាត់ទៅហើយ។
ការពិនិត្យសាកសព÷សពមានសភាពទន់,ពោះមានទឹក ខ្លួនមានជាប់ដី ក្រៅពីនោះពុំមានស្លាកស្នាមអ្វីគួរឲ្យកត់ សម្គាល់ឡើយ។ តាមការសន្និដ្ឋាន យោងលោកគ្រូពេទ្យនឹងជំនាញ កុមាររងគ្រោះស្លាប់ដោយសារ លង់ទឹក។សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕