អង្គភាពប្រឆាំងអំពើពុករលួយរក​ឃើញ​អធិការរង​ស្រុក​ប​វេ​ល​ម្នាក់ ទទួល​សំណូក​ជាង​៧៧​ម៉ឺន​ដុល្លារ ពី​មេខ្លោង​ជនជាតិ​ថៃ ដើម្បី​រត់ការ​ដោះ​លែង​ក្រុម​ឆបោក​តាម​អន​ឡាញ

ចែករំលែក៖

ភ្នំពេញ ៖ លោក​អធិការរង​នគរបាល​ស្រុក​ប​វេ​ល ខេត្ត បាត់ដំបង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) រក​ឃើញ​ថា បាន​ពាក់ព័ន្ធ​នឹង​ការ​ទទួល​សំណូក​ជាង​៧៧​ម៉ឺន​ដុល្លារ ដើម្បី​ឱ្យ​មានការ​ដោះ​លែង​ជនជាតិ​ថៃ ដែល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ក្នុង​ប្រតិបត្តិការ​រដ្ឋបាល​បង្ក្រាប​ក្រុម​បោកប្រាស់ តាម​អន​ឡាញ Online Scam ។

បើ​តាម​របាយការណ៍​កិច្ចប្រជុំ​ក្រុមប្រឹក្សា​លើក​ទី​២ អាណត្តិ​ទី​៤ របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២៥​នេះ បាន​បង្ហាញ​ថា កាលពី​ខែឧសភា ឆ្នាំ​២០២៥ នៅ​ពេល​នគរបាល​ជាតិ តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ នគរបាល​ជាតិ សហការ​ជាមួយ​មូលដ្ឋាន បាន​ចុះ​ប្រតិបត្តិការ​រដ្ឋបាល ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៥ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​រក​ឃើញ​អ្នក​ចូល​មក​ស្នាក់​នៅ ព្រមទាំង​ធ្វើការ​ខុស ច្បាប់​ជា​ច្រើន​នាក់ក្នុង​នោះជនជាតិ ថៃ ៤៣ នាក់(​ស្រី ២០ នាក់​) ដែល​ធ្វើការ​បោកប្រាស់ តាម​អន​ឡាញ​។ ជា​គោលការណ៍ នគរបាល​ជាតិ​នឹង​ត្រូវ​បណ្ដេញ​អ្នក​ឆបោក​ទាំងនោះ​ចេញពី​កម្ពុជា​បញ្ជូន​ទៅ​ប្រទេស​វិញ ។

ថៅកែ​ទីតាំង Online Scams ជា​ជនជាតិ​ថៃ​ឈ្មោះ OVARARINT RAWI តាម​រយៈ​មេការ​ជនជាតិ​ថៃ​ម្នាក់​ឈ្មោះ SRIPHAN SUPARP បាន​ចំណាយ​ប្រាក់​រត់ការ ដើម្បី​សុំ​ឱ្យ​មានការ​ដោះ​លែង​ជនជាតិ​ថៃ ៤៣ នាក់ ពី​ការ​ឃុំឃាំង និង​សុំ​កុំឱ្យ​បញ្ជូន​ទៅ​ថៃ​វិញ ព្រម ទាំង​អនុញ្ញាត​ឱ្យ​បាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បន្ត​ធ្វើការ​វិញ ដដែល ដោយ​ចំណាយ​ប្រាក់​ជា​ច្រើន ។ ការ​រត់ការ​នេះ​ត្រូវ​បរាជ័យ ព្រោះ​នគរបាល​ជាតិ មិនអាច​សម្រប សម្រួល​ឱ្យ ហើយ​ត្រូវ​ចាប់​បណ្ដេញ​ចេញពី​កម្ពុជា​នៅ​ថ្ងៃ​ទី​៨ ខែឧសភា ឆ្នាំ ២០២៥ (៦ ថ្ងៃក្រោយ​) ព្រមទាំង​
រឹបយក​ប្រាក់​រត់ការ​បាន 200,000 ដុល្លារ​អា​មេ​រិ​កបញ្ជូនមកតុលាការ ។

ដោយសារ​រឿង​នេះ​ជា​រឿង​រត់ការ តុលាការ​បញ្ជូន​សំណុំ រឿង​នេះ មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ជា​សមត្ថកិច្ច​វិញ​។ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​រក​ឃើញ​ថា វរសេនីយ៍ វ៉​ន វាសនា អធិការរង​នគរបាល​ស្រុក​ប​វេ​ល ជា​អ្នក​រត់ការ​សូកប៉ាន់ បាន​ទទួល​ប្រាក់​សរុប​ចំនួន​ចំនួន​774,000 ដុល្លារ​អា​មេ​រិ​ក (​ម្នាក់ 18,000 ដុល្លារ​អា​មេ​រិ​ក​) ពី​ឈ្មោះ OVARARINT RAWI ជា​ជាតិ​ថៃ ជា​ថៅកែ​ពួក Online Scams ៤៣ នាក់​នោះ ដើម្បី​រត់ការ​ដោះ​លែង​កូនចៅ​របស់​ខ្លួន​តាម​រយៈ​ជនជាតិ​ថៃ​មួយ​រូប​ទៀត​ឈ្មោះ SRIPHAN SUPARP ។

នៅ​យប់​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០២៥ វ៉​ន វាសនា បាន​ប្រគល់​ប្រាក់ 284,000 ដុល្លារ​អា​មេ​រិ​ក ឱ្យទៅ​ឈ្មោះ ហេង សុខ​ណា នៅ​ខេត្តកំពត ដើម្បី​រត់ការ​សូកប៉ាន់ ដែល​មានឈ្មោះ មុនី សុខ​ដា​រ៉ូ ជា​អ្នក​ឃុបឃិត និង​ជួយ​លាក់បាំង​ពី​ការ​ផ្ទេរ​ប្រាក់ ។

ក្រោយ​ពី​មាន​ភស្តុ​តាង​គ្រប់គ្រាន់ នៅ​ថ្ងៃ​ទី​២២ ខែ ឧសភា ឆ្នាំ​២០២៥ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បញ្ជូន​ជនសង្ស័យ​ប៉ុនប៉ង​សូកប៉ាន់ ៦ នាក់​ទៅ​សាលា ដំបូង​រាជធានី​ភ្នំពេញ ដែល​មានឈ្មោះ ១-​វ៉​ន វាសនា ជា​អធិការរង​នគរបាល​ស្រុក​ប​វេ​ល (​មានខ្លួន​) ២-​តាំង សំណាង ជា​យោធា (​មានខ្លួន​) ៣-​ហេង សុខ​ណា (​គេចខ្លួន​) ៤-​មុនី សុខ​ដា​រ៉ូ (​គេចខ្លួន​) ៥- OVARARINT RAWI ជា​ថៅកែ​ពួក Online Scams ៤៣ នាក់ ជា​ជនជាតិ​ថៃ នឹង​ជា​អ្នក ចំណាយ​លុយ 774,000 ដុល្លារ​អា​មេ​រិ​ក រត់ការ​ដោះ​លែង​កូនចៅ (​គេចខ្លួន​) និង ៦- SRIPHAN SUPARP ជនជាតិ​ថៃ (​គេចខ្លួន​) ។

អង្គភាព​ប្រឆាំង​អំពើ​ពុ​រលួយ បាន​បន្ត​រក​ឃាត់ខ្លួន​ជន ជាប់ចោទ ៤ នាក់​ទៀតឈ្មោះ ហេង សុខ​ណា និង មុនី សុខ​ដា​រ៉ូ ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ឃាត់ខ្លួន​បាន នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥ គឺជា​អ្នក​ទី​៣ និង​ទី​៤ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ២៩០៣ ចុះ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥ ពី​បទ​ប៉ុនប៉ង​សូកប៉ាន់​ដោះ​លែង​ពួក Online Scams ហៅ Call Center ហើយ​នៅ​សល់​តែ ២ រូប​ទៀត ដែល​ពុំ​ទាន់​ចាប់​បាន សុទ្ធតែ​ជា​ជនជាតិ​ថៃ ហើយ​ជា​ម្ចាស់ Call Center ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥ មន្ត្រី​នគរបាល​ទាំង​ពីរ​រូប​នេះ ដែល​ក្នុង​នោះ ម្នាក់​មាន​តួនាទី​ជា​អធិការរង​នគរបាល​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (ACU) បាន​ឃាត់ខ្លួន និង​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​ដោះ​លែង​ជនជាតិ​ថៃ ជា​ថ្នូរ​លុយ​ជាង​៧៧​ម៉ឺន​ដុល្លារ ។

ក្រោយ​ការ​ស៊ើបសួរ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​ជនជាប់ចោទ​ទាំង​ពីរ​នាក់​ដាក់​ពន្ធនាគារ​ព្រៃ​ស ដោយ​ចោទប្រកាន់​ពី​បទ «​ប៉ុនប៉ង​សូកប៉ាន់ និង​បទ សម្អាត​ប្រាក់ តាម​មាត្រា​៣២ នៃ​ច្បាប់​ស្តី​ពី​ប្រឆាំង​អំពើ​ពុក​រលួយ មាត្រា​២៧ មាត្រា​៦០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​»​។

ជនជាប់ចោទ​ទី​១ ឈ្មោះ វ៉​ន វាសនា តួនាទី​ជា​អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​វេ​ល និង​ជនជាប់ចោទ​ទី​២ ឈ្មោះ តាំង សំណាង ហៅ សុខ ច័ន្ទ​សំណាង តួនាទី​ជា​ជំនួយការ​អគ្គនាយករង​ម្នាក់​នៃ​អគ្គនាយកដ្ឋាន​សម្ភារៈ​បច្ចេកទេស ក្រសួងការពារជាតិ ដែល​បាន​ឃុបឃិត​គ្នា​ប៉ុនប៉ង​រត់ការ​សូកប៉ាន់​ប្រាក់​ចំនួន​៧៧៤ ០០០​ដុល្លារ និង​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឱ្យ​មានការ​ដោះ​លែង​ជនជាតិ​ថៃ ៤៣​នាក់ ដែល​សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន ដោយ​មូលហេតុ​ស្នាក់​នៅ និង​ធ្វើការ​ខុសច្បាប់​។

...

ទ​ង្វើ​ជនជាប់ចោទ​ខាងលើ គឺ​មាន​ធាតុ​ផ្សំ នៃ​បទល្មើស​ប៉ុនប៉ង​សូកប៉ាន់ តាម​ប្បញ្ញត្តិ​មាត្រា​៣២ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ មាត្រា​២៧ និង​មាត្រា​៦០៥ នៃ​ក្រមព្រហ្មទណ្ឌ​)​។ ដោយឡែក ឈ្មោះ វ៉​ន វាសនា បាន​យក​ប្រាក់​ដែល​ខ្លួន​ទទួល​បាន​ពី​កម្រៃ​រត់ការ ទៅ​ដាក់​ធនាគារ និង​ប្រើប្រាស់ ដែល​លោក អះអាង​ថា ជា​ធាតុ​ផ្សំ នៃ​បទល្មើស​លាង​សម្អាត​ប្រាក់ តាម​បទ​ប្បញ្ញត្តិ​មាត្រា​៣ និង​មាត្រា​៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print