ខេត្តតាកែវ÷ នៅព្រឹកថ្ងៃទី 30 ខែកញ្ញា ឆ្នាំ 2025 មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនឹងម៉ូតូស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 2 ចន្លោះបង្គោលគីឡូម៉ែត្រលេខ 63-64 ក្នុងភូមិឈូកសខាងត្បូង ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ។
សាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងរថយន្តដែលបើកបរស្របទិសគ្នាពីទិសខាងជើងទៅទិសខាងត្បូងនេះ ម៉ូតូម៉ាកDailem ផលិតនៅប្រទេសកូរ៉េពណ៌ក្រហមគ្មានផ្លាកលេខ បើកបរដោយឈ្មោះ រិន ម៉ានុត ភេទប្រុស អាយុ១៥ឆ្នាំរស់នៅភូមិឈូកសខាងជើង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ មិនពាក់មួកសុវត្ថិភាព បានបើកបរម៉ូតូក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏បានបត់ឆ្វេងឆ្លងផ្លូវ ស្របពេលនោះក៏មានរថយន្តធ្វើដំណើរស្របទិសគ្នាក៏បុកបណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ។
រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ទឹកប្រាក់ពាក់ផ្លាកលេខត្បូងឃ្មុំ3A-4570 និងមានសណ្ដោងរ៉ឺម៉កពាក់ផ្លាកលេខត្បូងឃ្មុំ 4A-0663 បើកបរដោយឈ្មោះ សំ កីភេទប្រុស អាយុ 36 ឆ្នាំមានទីលំនៅភូមិតាកែវ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង និងមានអ្នករួមដំណើរត្រូវជាប្រពន្ធឈ្មោះសន ពេជ្រធីតា អាយុ29 ឆ្នាំ។
មូលហេតុបណ្ដាលមកពីអ្នកបើកបរម៉ូតូបត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន។ សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនយកមកសួរនាំ និងវត្ថុតាងនាំយកមករក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕