ខេត្តរតនគិរី៖ គ្រោះទឹកជំនន់បណ្តាលឱ្យមនុស្សប្រុសស្រីក្មេងចាស់ពីរគ្រួសារចំនួន5នាក់បានបាត់បង់ជីវិត និង កំពុងបាត់ខ្លួនហើយសមត្ថកិច្ចកំពុងស្វាស់ស្វែងតាមរកបន្ទាប់ពីជួបនៅឧបទ្ទវហេតុដ៍អាក្រក់និងជាចៃដន្យ ដោយទឹកហូរបុកយ៉ាងគំហុកខ្លាំងក្លា និងគួចយកទៅបាត់។
ហេតុការណ៍ទឹកគួចយកមនុស្សទៅនោះបានកើតឡើងនៅវេលាព្រឹកព្រលឹមប្រហែលជាម៉ោង 4ទាបភ្លឺថ្ងៃទី ២៦ខែកញ្ញាឆ្នាំ ២០២៥ដែលមានទីតាំងជាប់និងអូរកញ្ជាន់ស្ថិតនៅភូមិពីង ឃុំសាមគ្គីស្រុកអូរជុំ ខេត្តរតនគិរីបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិហើយរហូតមកដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៥នេះក៏ ក្រុមសមត្ថកិច្ចកំពុងតាមរកនៅឡើយ។
បន្ទាប់ពីមានការបាត់ខ្លួនមនុស្សដែលជួបនៅឧបទ្ទវហេតុដ៍អាក្រក់និងជាចៃដន្យ ដោយសារទឹកហូរបុកយ៉ាងខ្លាំងក្លា និងគួចយកទៅបាត់នោះខណៈជនរងគ្រោះកំពុងដេកលង់លក់ក្នុងខ្ទមចាំចំការធុរ៉េនស៊ីឈ្នួលគេ។
រហូតមកដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៥ ក្រុមសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាននៅតែបន្តខិតខំប្រឹងប្រែងនិងស្វះស្វែងរកតាមកាមេរ៉ាត្រូនថែមទៀតផងក៏ នៅពុំទាន់ប្រទះឃើញសាកសពនោះនៅឡើយ មិនដឹងថា ទៅទើរត្រឹមណា? ឬក៏ហូរធ្លាក់ទៅដល់ទន្លេសេសាន្តស្រុកតាវែងនោះបាត់ទៅហើយទេដឹង?….។
ជនរងគ្រោះទាំង ៥ នាក់នោះមាន:
ទី១.ឈ្មោ: ជុំ វ៉ាត់ ភេទប្រុស អាយុ ៥៨ឆ្នាំជនជាតិ ទំពួន (ជាប្តី) (ស្លាប់ឃើញសាកសព)។
ទី២.ឈ្មោ: បាំង ឌឿន ភេទស្រី អាយុ៤៤ឆ្នាំជនជាតិទំពួន (ជាប្រពន្ឋ)បាត់ខ្លួន។
ទី៣.ឈ្មោ: វ៉ាត់ ជៀយ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិទំពួនជា(កូនបាត់ខ្លួន)។
ទី៤.ឈ្មោ: ភក្រ មុខ ភេទប្រុស អាយុ៧ឆ្នាំ ជនជាតិទំពួន ត្រូវជាចៅ បាត់ខ្លួន។
និងទី៥.ឈ្មោ: ភក្រ រ៉េត ភេទប្រុស អាយុ១ឆ្នាំ ជនជាតិទំពួន ជាចៅ បាត់ខ្លួន។
អ្នកទាំង៥ រស់នៅភូមិ ពីង ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។
ឯម្ចាស់ចំការកៅស៊ូនិងធុរេនដ៍ធំធេង ទាំងសង្ខាងអូរកញ្ជាន់នោះ ត្រូវបានគេស្គាល់ឈ្មោ: ឡុង តាំង ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ឆ្លងតាមការចុះពិនិត្យស្ថានការណ៍ជាក់ស្តែងរបស់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកនិងសមត្ថកិច្ចកាលពីថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៥ នៅលើទីតាំង ដើមចមដែលបង្កឱ្យកើតឡើងនូវឧបទ្ឋវហេតុនោះផងដែរមហាជននានា និងអ្នកប្រើប្រាស់បណ្តាញសង្គម
ជាពិសេសនោះ ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋដែលបានអាស្រ័យផលលើដំណាំកសិកម្មផ្សេងៗតាមដងអូរកញ្ចាន់ថារយះកាលជាងម្ភៃឆ្នាំកន្លងមកហើយ គឺពួកគាត់ពុំដែលជួបប្រទះទឹកធំបែបនេះនោះទេ ។
ពួកគាត់បន្តថា ករណីនេះបង្កឡើងដោយការបាក់ទំនប់ធារាសាស្ត្ត្រធំខាងលើគេបង្អាស់ដែលឈ្មោ: ឡុងតាំង ម្ចាស់ចំការកៅស៊ូរាប់រយហឹកតានោះលោក ទប់ទឹកដើម្បីស្រោចស្រពដំណាំកសិកម្មផ្សេងៗទៀតនៅក្នុងបាតអូរកញ្ចាន់មួយនេះផងដែរ។
ពួកគាត់បន្តទៀតថា បញ្ហានេះបង្កផលប៉ះពាល់ដំណាំដាំដុះពួកគាត់យ៉ាងធ្ងន់ធ្ងរ នៅលើផ្ទៃដីជាង ៥ហឹកតាដែលពួកគាត់ខិតខំដាំដុះ ចំណាយធនធានអស់រាប់មុឺនដូល្លាជាច្រើនឆ្នាំកន្លងមកនេះ ដំណាំទាំងនោះបានផលផ្លែផ្កាខ្លះៗទៅហើយ ដោយដំណាំសំខាន់ៗ ទាំងនោះរួមមាន: ដំណាំទុរេ៉ននិង ដំណាំដូងជាដើម។ សរុបដួលរាបដល់ដី ប្រមាណជាងប្រាំ រយដើម ឯណោះ និងសំភារះប្រើបា្រស់ ដូចជាគំនរឈើគ្រឿងផ្ទះជាងបីម៉ែត្រគូប.ម៉ាស៊ីនបូមទឹកចំនួន ៣ គ្រឿងម៉ាស៊ីនកាត់ស្មៅចំនួន ៥គ្រឿងថ្នាំប៉ូវដំណាំចំនួន ២ ឡាំងដែលមានទឹកប្រាក់មួយពាន់ដុល្លារ ស្រះចិញ្ចឹមត្រីចំនួន ៣ប្រវែង ១០ ម៉ែត្របួនជ្រុង ក្នុងមួយស្រះមានត្រីប្រមាណប្រាំរយក្បាលរួមមានត្រីប្រា .ត្រីក្រាញ់ .និងត្រីអណ្ដែងជីដាក់ដំណាំមួយតោន និងមាន់ ១០០ ក្បាល ត្រូវអណ្តែតទៅតាមទឹកហូរនោះអស់គ្មានសល់ ឡើយ។
ពាក់ព័ន្ធករណីខាងលើនេះ លោក ឡុងតាំង កាលពីថ្ងៃទី២៩ខែឆ្នាំដដែលនេះក៏បានអះអាងដូចមិនប្រាកដប្រជាដែរ ម្តងថា ចាក់ដីទប់ធ្វើផ្លូវដើរឆ្លងកាត់ ម្តងថា ទំនប់របស់លោកមានបីទីតាំងឯណោះក្នុងអូរនោះ ។
ក្នុងការទប់ដីអូរធ្វើផ្លូវនិមួយៗលោកបានដាក់លូដែលមានមុខកាត់៥០ទៅ៦០សងទីម៉ែត្រ និងបំពុងដែកត្រឹមត្រូវផងដែរ។
លោកបានបញ្ចាក់ទៀតថា ការសាងសង់ផ្លូវឆ្លងកាត់អូរនោះតាំងពីឆ្នាំ២០១១មកម៉្លេះ ហើយប្រជាពលរដ្ឋរស់នៅភូមិរ៉ាច ក៏សារទរក្នុងការសាងសង់ផ្លូវរបស់លោកថែមទៀតៀផង ក្នុងនោះរួមទាំង អាជ្ញាធរឃុំឯកភាពដឹងឮផងដែរ។
ដោយឡែក ពាក់ព័ន្ធការលើកឡើងរបស់លោក ឡុង តាំង ខាងលើ អតីតមេឃុំឯកភាព លោក រ៉ាក់ ភឿង ទើបចូលនិវត្សក្នុងឆ្នាំ២០២២ បានឱ្យដឹងនាល្ងាចថ្ងៃទី២៩កញ្ញា នេះដែរថា បញ្ហានោះលោក មិនបានដឹងឮរឿងសាងសង់ផ្លូវឯកជននោះទេ។
លោកថា ការសាងសង់ផ្លូវនោះពុំមានឯកសារណាមួយបញ្ចាក់ជាលាយលក្ខអក្សរនោះឡើយ
លោកទទួលដឹងឮតែផ្លូវខេត្តនិងផ្លូវជាតិប៉ុណ្ណោះ ដោយឡែកផ្លូវតាមតំបន់ដាច់ស្រយាល លោឱ្យទំនាក់ទំនងទៅអាជ្ញាធរមូលដ្ឋានបាននោះហើយ។
លោក អ៊ុំ វណ្ណា ប្រធានមន្ទីរធនធានទឹកនិងឧត្តុនិយមខេត្តរតនគិរី នៅព្រឹកថ្ងៃទី៣០ខែកញ្ញានេះ បានឱ្យដឹងថា មុននិងសាងសង់អ្វីស្ថិតនៅលើដីរបស់រដ្ឋនោះគឺត្រូវឆ្លងកាត់អាជ្ញាធរមូលដ្ឋាន ភូមិឃុំ ស្រុកជាមុនសិន។
ជាពិសេសពាក់ព័ន្ធការសាងសង់ទំនប់ធារាសាស្ត្រនោះជាដើម។
អភិបាលស្រុកអូរជុំ លោក គៀងតុលា
នៅព្រឹកថ្ងៃទី៣០ខែកញ្ញាឆ្មាំ២០២៥ មិនអាចសុំការបំភ្លឺបានឡើយ ដោយសារទូរសព្ទខលចូលពុំមានអ្នកលើក។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅតាមបណ្ដោយអូរកញ្ជាន់នោះ ដែលកំពុងប្រឈមនឹងហានិភ័យផ្សេងៗ និងរងការគំរាមកំហែងជំនន់ទឹកហូរហៀរពីសំណាក់អ្នកមានលុយចេះកែច្នៃធ្វើផ្លូវដាក់លូកាយដីកប់ លំៗខ្វះបទដ្ឋានបច្ចេកទេស បង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ ពួកគាត់បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន គួរតែចុះត្រួតពិនិត្យឱ្យបានជាប់ជាប្រចាំ ជួយមានវិធានការទប់ស្កាត់និងបង្ក្រាប រាល់ភាពមិនប្រក្រតីដែលកើតមានឡើងជាយថាហេតុ និងផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋបានបង្កបង្កើនផល និងអាស្រ័យផលនៅលើដំណាំកសិកម្មដើម្បីចិញ្ចឹមជីវិតផង៕
ដោយ៖ ជីវ័ន្ត