ខេត្តកំពង់ស្ពឺ៖ កម្មករ~កម្មការិនី រោងចក្រកាត់ដេរសំលៀកបំពាក់ យីហោ តារ៉ាល់ បាននាំគ្នាធ្វើកូដកម្មតវ៉ា មិនចូលធ្វើការងារ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នៅមុខរោងចក្រ ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៦~៤៧ តាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
កម្មករ~កម្មការិនីរោងចក្រកាត់ដេរយីហោ តារ៉ាល់ខាង លើ ដែលមានកម្មករសរុបជិត៧០០០នាក់ ដែលធ្វើ កូដកម្មនៅព្រឹកនេះ ទាមទារ ឱ្យថៅកែជនជាតិចិន ផ្តល់ដល់កម្មករមាន÷
ទី១~ឱ្យមានលុយបាយថ្ងៃត្រង់
ទី២~សូមកុំឱ្យថៅកែកាត់លុយពួកគាត់ដែលមកយឺត(យឺតចាប់ពី ១នាទីត្រូវកាត់លុយចំនួន១០ដុល្លារ)
ទី៣~កាលពីប្រជុំ និយាយថា យឺតលើសពីកន្លះម៉ោងបានកាត់លុយ(បើត្រឹម១នាទី រហូតដល់២៥នាទី មិនកាត់លុយទេ)
ទី៤~សូមឱ្យថៅកែកុំតំឡើងចំនួនខោអាវ និងកុំទំលាក់លុយរង្វាន់
និងទី៥~ សូមឱ្យថៅកែកុំគៀបសង្កត់លើកកម្មករពេក សូម្បីតែថ្នាំលេប និងទឹកសុទ្ធក៏មិនអាចយកចូលក្នុងរោងចក្របាននោះ។
ក្រុមកម្មករ~កម្មការិនីរោងចក្របាននិយាយទៀតថា ពួកគាត់ធ្វើការតវ៉ានៅព្រឹកនេះគឺមានពីរទី០១~ គឺរឿងតៃកុងរថយន្តដឹកកម្មករ ត្រូវបានដោះស្រាយរួចហើយ។ ទី០២~ គឺសូមឱ្យថៅកែក្រុមហ៊ុន គោរពតាមច្បាប់ការងារក្នុងព្រះរាជាណាចក្រកម្ពុជា មានលុយថ្លៃបាយថ្ងៃត្រង់ដូចមុន។ និងឱ្យកម្មករ~កម្មការិនីយកថ្នាំលេបចូលទៅក្នុងរោងចក្រ ព្រមទាំងទឹកសុទ្ធផងដែរ។
ក្រុមកម្មករនិយាយថា កាលពីមុនរោងចក្រនេះស្រួលណាស់ ឥឡូវនេះចាប់ តាំងពីរដ្ឋបាលមុនត្រូវថៅកែក្រុមហ៊ុន បញ្ឈប់មកប្តូររដ្ឋបាលថ្មី រឹតបណ្តឹង ឆែកឆេរ និងគៀបសង្កត់លើកម្មករ~កម្មការិនីខ្លាំងណាស់។គិតត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥នេះ ការតវ៉ា មិនទាន់បានធ្វើការដោះស្រាយនោះទេ។
លោក ចឹក បូរិន ប្រធានមន្ទីរការងារបានឱ្យដឹងថា ក្រុមការងារធ្វើការសម្របសម្រួលជាមួយកម្មកររួចហើយ ស្អែកពួកគាត់ចូលធ្វើការងារវិញហើយ៕