ប៉ោយប៉ែត៖ ទំនិញហួសកំណត់ប្រើប្រាស់ចំនួន៤៥មុខត្រូវមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងជំនាញប៉ូលិសសេដ្ឋកិច្ចក្រសួង ខេត្តបន្ទាយមានជ័យ ចាប់យកពីហាងលក់ទំនិញជាច្រើនកន្លែងកាលពីព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ នេះនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងចុះប្រត្តិបត្តការនៅតាមដេប៉ូឬហាងលក់ទំនិញនោះគឺក្រោមការសហការជាមួយព្រះរាជអាជ្ងាខេត្តបន្ទាយមានជ័យលោក មាស ចាន់ពិសិទ្ធ ក្រោមការដឹកនាំពីលោក ហុង លៀង អនុប្រធានទី១ ផ្នែកទីផ្សារសាខាកាំកុងត្រូលសាខាខេត្ត តំណាងលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងសហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ក្រសួងមហាផ្ទៃ រួមទាំងមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត ចុះទៅត្រួតពិនិត្យរកឃើញហើយចាប់យកមករក្សាទុកដើម្បីទុកដុតកម្ទេចចោល។ ដើម្បីបង្ការទប់ស្កាត់រាល់ការចរាចរណ៍ទំនិញខុសច្បាប់លក់នៅលើទីផ្សារក្នុងការចូលរួមលើកស្ទួយសុខមាលភាពសាធារណៈជូនដល់ប្រជាពលរដ្ឋ។
លោក ហុង លៀង អនុប្រធានទី១ ផ្នែកទីផ្សារសាខាកាំកុងត្រូលសាខាខេត្ត ឲ្យដឹងថា ទំនិញម្ហូបអាហារដែលដកហូតបាននោះរួមមានចំនួន ៤៥មុខស្មើរជាង២០០គីឡូក្រាម ដែលរកឃើញពីទីតាំង៣កន្លែងនៅក្នុងហាងលក់ឬដេប៉ូដោះដុំនឹងរាយក្នុងភូមិខាងលើ។
ហើយក្នុងការចុះប្រតិបត្តការរកទំនិញហួសកំណត់ប្រើប្រាស់នោះមានទីតាំងមួយកន្លែងដែលមានយីហោ សម្រស់នារី លក់ភេសជ្ជៈគ្រប់មុខ ម្ចាស់ទីតាំងមានការរឹងរួសជាមួយមន្ត្រីជំនាញមិនព្រមសហរការណ៍ត្រួតពិនិត្យមុខទំនិញដែលហួសកាលកំណត់ប្រើប្រាស់ គេសង្ស័យថា មានរបស់ប្រើប្រាស់ខូចគុណភាពច្រើន ។
លោកបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនោះក្រោយពីមានសេចក្ដីរាយការណ៍ពីពលរដ្ឋនៅចំណុចផ្សាររ៉ា ឋិតក្នុងភូមិអូជ្រៅ សង្កាត់-ក្រុងប៉ោយប៉ែត រូបលោកបានរឹបអួសសាច់មាន់ខូចគុណភាពចំនួន ១២០គីឡូក្រាម ដែលនាំចូលពីប្រទេសថៃ មានការលួចលាក់បង្កប់ក្រោមរទេះបន្លែផ្លែឈើ ដែលបម្រុងយកមកចែកចាយលក់តាមទីផ្សារក្នុងក្រុងប៉ោយប៉ែត។
លោកបន្តទៀតថា រាល់មុខទំនិញទាំងអស់ដែលប្រមូលបានពីទីតាំងទាំង៣កន្លែងនៅក្នុងភូមិខាងលើនេះ រួមជាមួយសាច់មាន់ខូចគុណភាពត្រូវយកទៅដុតកម្ទេចចោលនៅរសៀលថ្ងៃដដែល៕
ដោយ៖ វណ្ណា