ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ស្នើសុំឲ្យអង្គការ AL Salam ដើម្បីកិច្ចការ មនុស្សធម៌ មកពីរដ្ឋគុយវ៉ែត បន្ដគម្រោងបង្កើតសាកលវិទ្យាល័យ និងមជ្ឍមណ្ឌលពាណិជ្ជកម្មនៅកម្ពុជា ព្រោះកម្ពុជាកំពុងត្រូវការចាំបាច់នូវ ធនធានមនុស្សប្រកបដោយគុណភាព ប្រសិទ្ធភាព ដើម្បីដឹកនាំប្រទេសជាតិឆ្ពោះទៅរកភាពរីកចម្រើន រុងរឿងនាថ្ងៃអនាគត ។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា
បានស្នើសុំបែបនេះ ខណៈលោកទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីរដ្ឋគុយវ៉ែត ដឹកនាំលោកបណ្ឌិត Hamad Rashid ប្រធានអង្គការសម្ព័ន្ឋពិភាក្សាពិភពលោក និងបណ្ឌិត Khalid Al Farij ប្រធានអង្គការ AL Salam ដើម្បីកិច្ចការ មនុស្សធម៌ ងសប្បុរសធម៌ លោកបណ្ឌិត Bassam Ahmad បុព្វជិក ប្រចាំការ នៅក្រសួងគរុភ័ណ្ឌសា សនា របស់រដ្ឋគុយវ៉ែត នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ នេះ នៅស្នាក់ការអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ។
លោកអូស្មាន ហាស្សាន់ បានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្ដិការល្អរវាងកម្ពុជា និងរដ្ឋគុយវ៉ែត កន្លងមកលោកសូមឲ្យដំណើរការគម្រោងបង្កើតសកាលវិទ្យាល័យមួយនៅកម្ពុជា ដែលមានមហ វិទ្យាល័យ ជំនាញសំខាន់ៗជាពិសេសជំនាញបច្ចេកទេស វិស្វកម្ម ឧស្សាហកម្ម និងកសិកម្ម ឲ្យឆាប់នៅកម្ពុជា ។ លោកបន្ដថា ក្រៅពីគម្រោងបង្កើត សកលវិទ្យាល័យ រដ្ឋគុយវ៉ែតក៏ និងមានគម្រោង បង្កើតមជ្ឍមណ្ឌលពាណិជ្ជកម្មមួយដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់ដល់សហគមន៍កម្ពុជា ដែលភាគីគុយវ៉ែតជាអ្នករ៉ាប់រងទាំងស្រុងនូវដើមទុនដែលបានមកពីទ្រព្យគរុភ័ណ្ឌសាសនាអ៊ិស្លាមរបស់ក្រសួងគរុភ័ណ្ឌនៃរដ្ឋគុយវ៉ែត។
លោកបណ្ឌិត Hamad Rashid បានបញ្ជាក់ថា តាមរយៈអង្គការសម្របសម្រួល និងអង្គការមូលនិធិអភិវឌ្ឍន៍មុស្លីម កម្ពុជា ជាអង្គការដៃគូរមួយដ៏ល្អ លោកក៏និងមានគម្រោងនេះឲ្យដំណើរការបានលឿនផងដែរ តាមរយៈកិច្ចសហការល្អជាមួយគណៈដឹកនាំជាន់ខ្ពស់ នៃសាសនា អ៊ិស្លាមកម្ពុជា ជាស្ថាប័នកំពូលអ៊ិស្លាមដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាល ហើយគម្រោងនេះក៏តម្រូវឲ្យអនុវត្តតាមគោលការណ៍ របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ និងទទួលស្គាល់តាមរយៈ ក្រសួងការបរទេស និងស្ថានទូតនៃប្រទេសទាំងពីរផងដែរ។
លោក បណ្ឌិត Khalid Al Farij ប្រធានអង្គការ AL Salam ដើម្បីកិច្ចការមនុស្សធម៌និងសប្បុរសធម៌ បានបញ្ជាក់ថា សព្វថ្ងៃអង្គការរបស់លោកកំពុងដំណើរប្រកបដោយជោគជ័យនូវការសាកលវិទ្យាល័យ និងគម្រោងពាណិជ្ជកម្មទ្រទ្រង់សហគមន៍នៅប្រទេសតាជីគីស្ថាន នៅហ្វ៊ីលីពីន និងកំពុងបន្តគម្រោង នៅប្រទេសថៃ ហើយជំហ៊ានបន្តសង្ឃឹមថា ក្នុងពេលឆាប់ៗនេះនិងមាននៅកម្ពុជា។
លោកបន្តថា តាមពិតយើងខ្ញុំយល់ឃើញថា រាល់គម្រោងក្នុងការប្រៀងទុកគឺកម្ពុជាជាប្រទេសដែលផ្តល់សក្តានុពល និងមានលទ្ឋភាព ក្នុងការក្នុងការបង្កើតគម្រោងគ្រប់បែបយ៉ាង ព្រោះលក្ខ័ណ្ឌពិសេសត្រង់ថា កម្ពុជាមានរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតជោ ហ៊ុន សែន បានផ្តល់ភាពកក់ក្តៅ និងសិទ្ឋសេរីភាពជូន ប្រជាជាតិទាំងមូល និងធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍន៍ ជឿនលឿន ម្យាងទៀតកម្ពុជាក៏ជាប្រទេសមួយដែលសម្បូរទៅដោយវត្ថុធាតុដើម និងធនធានធម្មជាតិគ្រប់បែបយ៉ាង។
លោកបន្ដទៀតថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះអង្គការរបស់លោករៀបចំពិធីទន្ទេញគម្ពីរអាល់គួរអាន សម្រាប់បេក្ខជន បេក្ខនារី ជាក្មេងក្រិមអាយុពេញវ័យ សម្រាប់ខេត្តកំពង់ចាម និងត្បូងឃ្មុំ ហើយជាលទ្ឋផលពិធីនេះប្រព្រឹត្តបានជោគជ័យល្អ ដោយបេក្ខជនទាំងពីរភេទ សុទ្ឋតែជាអ្នកមានសមត្ថិភាពប្រហា់ប្រហែលគ្នា។ បណ្ឌិត Khalid Al Farij បានបន្តថា នេះអាចចាត់ទុកជាគម្រោងជោគជ័យមួយ សម្រាប់កិច្ចការប្រលងថ្នាក់ខេត្ត ហើយអង្គការរបស់លោកស្នើឲ្យមានកិច្ចសហការជាមួយចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជា ដើម្បីបង្កើតកម្មវិធីដដែលនេះនៅឆ្នាំក្រោយទៀត តែជាលក្ខណៈជាតិទូទាំងប្រទេសផងដែរ។
ក្នុងជំនួបនេះដែរ គណៈប្រតិភូក៏បានអញ្ជើញលោក អូស្មាន ហាស្សាន់ ឲ្យដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ច នៅរដ្ឋគុយវ៉ែត ដើម្បីផ្សាភ្ជាប់ និងពង្រឹងទំនាក់ទំនងផងដែរ។
ជាមួយគ្នានេះផងដែរ លោក អូស្មាន ហាស្សាន់ ក៏បានយល់ស្របព្រមទាំងឯកភាពពីគម្រោងដែលមានការលើកឡើងពីសំណាក់ភាគីគុយវ៉ែត ដោយនិងសហការជ្រោមជ្រែងធ្វើយ៉ាងណាឲ្យដំណើរការគម្រោងទាំងពីរខាងលើ ប្រព្រឹត្តទៅបានរលូន។
ទាក់ទិននឹងការបង្កើតសាកលវិទ្យាល័យ លោករដ្ឋមន្រ្តីប្រតិភូ សន្យានឹងរកដីនៅជាយរាជធានីភ្នំពេញក្នុងពេលឆាប់ៗនេះ ដើម្បីអនុវត្តគម្រោងដូចការលើកឡើងរបស់ភាគីម្ចាស់ជំនួយ។ ឆ្លើយតបនឹងការអញ្ជើញរបស់ភាគីគុយវ៉ែត លោកអូស្មាន ហាសស្សាន់ សន្យាថា នឹងរៀបចំស្នើឲ្យមានទស្សនកិច្ចមួយជាផ្លូវការនៅចុងឆ្នាំ២០១៦ នេះ ឬអាចនឹង ដើមឆ្នាំ២០១៧ តាមលទ្ឋភាព និងឱកាសដែលអាចធ្វើទៅបាន ៕
ដោយ៖ សំរិត
...