ខេត្តស្វាយរៀង៖ កម្មការនីប្រមាណ ២០០នាក់បាននាំគ្នាធ្វើកូដកម្មនៅខាងមុខរោងចក្រឆាយចិន ដោយតវ៉ាសុំឲ្យថៅកែរោងចក្រឆាយចិន ចេញមកដោះស្រាយ ករណីទម្លាក់ថ្លៃប្រាក់ឈ្នួលនិងការកាត់ប្រាក់ឧបត្ថម្ភ ប្រចាំថ្ងៃ (៨កាក់ក្នុងមួយថ្ងៃ) ហើយទាមទារសុំឲ្យថៅកែរ រក្សាប្រាក់ឈ្នួលឲ្យនៅដ៏ដែល។
ករណីកម្មការនីលើកគ្នាធ្វើកូដកម្មមិនចូលធ្វើការនេះគឺមានរយៈពេល២ថ្ងៃមកហើយចាប់តាំងពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៧និង៣០នាទីព្រឹក ដល់ម៉ោង៤និង៣០នាទីល្ងាច ហើយបានបន្តធ្វើកូដកម្មនៅព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៧និង៣០នាទីព្រឹក ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងបន្តធ្វើកូដកម្មទៀតរហូតថៅកែរចេញមកដោះស្រាយ។
ទាក់ទិននឹងករណីធ្វើកូដកម្មនេះដែរ កម្មការនីម្នាក់បានឲ្យដឹងថា ការដែលកម្មការនីនាំគ្នាធ្វើកូដកម្ម មិនចូលធ្វើការ មូលហេតុគឺ ថៅកែរបានទម្លាក់ថ្លៃប្រាក់ឈ្នួល និងកាត់ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ដែលធ្លាប់ឧបត្ថម្ភម្នាក់៨កាក់ក្នុងមួយថ្ងៃ ទើបនាំគ្នាមកធ្វើកូដកម្មទាមទារឲ្យថៅកែររក្សាតម្លៃប្រាក់ឈ្នួលឲ្យនៅដ៏ដែល និងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ៨កាក់ក្នុងមួយថ្ងៃវិញ។
ប្រភពដ៏ដែលបន្តទៀតថា រោងចក្រកាត់ដេរ អាវត្បាញ មួយនេះបង្កើតឡើងក្នុងឆ្នាំ២០០៧ រហូតបច្ចុប្បន្នគឺផ្តល់តាមប៊ុង (ដេរយកប៊ុង) មាន២ប្រភេទគឺ អាវត្បាញ ប្រភេទលេខ១ ក្នុង១ឡូ តម្លៃ ៤ដុល្លារ លុះនៅខែកក្កដា និងខែ សីហា ឆ្នាំ២០១៦ នេះ ថៅកែរបានបញ្ចុះតម្លៃអាវត្បាញប្រភេទលេខ១ នៅត្រឹម ១ឡូតម្លៃ ៣ដុល្លារ ៥កាក់ប៉ុណ្ណោះ។
អាវត្បាញ ប្រភេទលេខ២ ក្នុង១ឡូ តម្លៃ១ដុល្លារ ២កាក់ នៅតម្លៃដ៏ដែលក៏ប៉ុន្តែអាវត្បាញពីមុនរាប់ស្រួលដេរ ហើយក្រណាត់ត្បាញបច្ចុប្បន្ន ក្រណាត់ដុំរៀបពិបាកដេរ សុំតម្លើងថ្លៃប្រាក់ឈ្នួល ។ ចំពោះប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ម្នាក់៨កាក់ ក្នុងមួយថ្ងៃ ហើយ២ខែចុងក្រោយនេះ ថៅកែរបានកាត់ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃទាំងអស់។ ហើយបើតាមប្រាក់ឈ្នួលបូកនិងប្រាក់ឧបត្ថម្ភប្រចាំថ្ងៃ ក្រុមដេរលឿនបានប្រាក់សរុបមួយខែជាង២០០ដុល្លារ ក្រុមដេរជាមធ្យម ក្នុងមួយខែបាន១៥០ដុល្លារ ក្រុមដេរយឺតក្នុងមួយខែបានត្រឹម៨០ដុល្លារប៉ុណ្ណោះ ហើយបើបញ្ចុះតម្លៃឈ្នួលហើយកាត់ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃទៀត មិនអាចទទួលយកបានទេបើព្រៀបធៀបទៅប្រាក់ខែគោលរបស់កម្មករកម្មការនី ដែលរាជរដ្ឋាភិបាលកំណត់គឺ១៤០ដុល្លារក្នុងមួយខែ រួមទាំងប្រាក់បន្ថែមម៉ោង ប្រាក់សោហ៊ុយធ្វើដំណើរ ប្រាក់ថ្លៃអាហារ និងប្រាក់គាំពារសុខភាព សរុបជាង២០០ដុល្លារ ទៅ៣០០ដុល្លារក្នុងមួយខែហើយសប្បកម្មឆាយចិន នេះឲ្យប្រាក់ឈ្នួលទាបពេក។
តំណាងកម្មការនីបានដាក់ពាក្យបណ្តឹងតវា ទៅមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៦ រួចហើយដើម្បីឲ្យជួយសម្របសម្រួលឲ្យថៅកែររោងចក្រមកជួបតំណាងកម្មការនី ដោះស្រាយក៏ប៉ុន្តែគួរឲ្យសោកស្តាយពុំឃើញលោកប្រធានមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈចេញមុខមកដោះស្រាយឡើយមកដល់ថ្ងៃទី០៦ ខែកញ្ញា នេះ។
បើតាមស្ត្រីម្នាក់ ជាជនជាតិចិន ដែលនៅមើលការខុសត្រូវក្នុងរោងចក្រឆាយចិន នេះ ឆ្លើយយ៉ាងខ្លីថា ថៅកែរមិននៅទេ ទៅស្រុកចិនបាត់ហើយ។ រីឯសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា រោងចក្រមួយនេះដូរថៅកែរ ច្រើននាក់មកហើយ កាលពីឆ្នាំ២០០៧ រោងចក្រនេះមានឈ្មោះថា រោងចក្រកាត់ដេរ ន័រមែន ហើយបានដូរថៅកែរច្រើននាក់ក៏ដោយ គឺមិនបានផ្តូរស្លាកយីហោរ រោងចក្រកាត់ដេរន័រមែន នោះទេ ក៏ប៉ុន្តែស្លាកយីហោរខាងក្នុង គឺប្តូរ តាមថៅកែរថ្មីនោះ ហើយថៅកែរទាំងនោះបានរក្សារតម្លៃឈ្នួលនិងប្រាក់ឧបត្ថម្ភប្រចាំថ្ងៃដូចថៅកែរមុនៗ រីឯ ថៅកែរថ្មីក្រោយនេះស្លាកយីហោ ខាងក្នុងឈ្មោះ សិប្បកម្មឆាយចិន ហើយមិនបានទម្លាក់ស្លាកយីហោរោងចក្រមុនចោលទេ បើអ្នកធ្វើដំណើរស្គាល់ថា រោងចក្រកាត់ដេរ ន័រមែន។ ហើយថៅកែថ្មីនេះ លើកទឹកចិត្តដល់ក្រុមកម្មការនីណាដែលដេរបានលឿន អ្នកដេរយឺតមិនពេញចិត្តឡើយ ហើយបានទម្លាក់តម្លៃឈ្នួលហើយបានកាត់ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃទៀត ទើបកម្មការនីនាំគ្នាធ្វើកូដកម្ម តវ៉ាទាមទារឲ្យរក្សាប្រាក់ឈ្នួលនិងប្រាក់ឧបត្ថម្ភប្រចាំថ្ងៃនៅដដែល៕
ដោយ៖ យឹម សុថាន
...