ប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae Myung នៅថ្ងៃព្រហស្បតិ៍ ទី២ ខែតុលា បានដាក់បទបញ្ជាឱ្យមានការបង្រ្កាបលើការប្រមូលផ្តុំណាមួយ ដើម្បីប្រឆាំងប្រទេសចិន និងប្រឆាំងបរទេស ដែលលោកចាត់ទុកថាធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេស និងសេដ្ឋកិច្ច។
លោក Lee បានប្រាប់ក្រុមជំនួយការជាន់ខ្ពស់នៅក្នុងកិច្ចប្រជុំថា «តើនរណាចង់មកលេង និងទិញរបស់របរក្នុងប្រទេសមួយ ដែលត្រូវប្រជាជនពួកគេ ជេរប្រមាថដោយគ្មានហេតុផល?។ យើងត្រូវតែហាមប្រាមនូវទង្វើដែលបំផ្លាញខ្លួនឯង និងគ្មានប្រយោជន៍ ប៉ះពាល់ផលប្រយោជន៍ និងមុខមាត់ជាតិ»។ លោក Lee បញ្ជាឱ្យមានការបង្ក្រាបសកម្មភាពញុះញង់ ដែលគំរាមកំហែងដល់សុវត្ថិភាពភ្ញៀវទេសចរបរទេស និងវិធានការពិសេសដើម្បីបញ្ឈប់ «ការស្អប់ខ្ពើមពូជសាសន៍»។
សកម្មភាពខាងលើបន្ទាប់ពីកូរ៉េខាងត្បូងបានណែនាំគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ក្រុមទេសចរចិន ចំនួននៃការតវ៉ាប្រឆាំងចិនបានកើនឡើងយ៉ាងខ្លាំងនៅក្នុងតំបន់ជាច្រើននៃទីក្រុងសេអ៊ូល។
យោងតាមកាសែត Korea Times កាលពីថ្ងៃទី 2 ខែតុលា ការតវ៉ាប្រឆាំងចិនដែលប្រមូលផ្តុំនៅកណ្តាលទីក្រុង ឥឡូវនេះបានរីករាលដាលដល់តំបន់ដែលមានជនអន្តោប្រវេសន៍ចិនធំៗ រួមទាំង Daerimdong នៅស្រុក Guro និងនៅជិតសាកលវិទ្យាល័យ Konkuk ក្នុងស្រុក Seongdong ។
ការតវ៉ាត្រូវបានរៀបចំជាចម្បងដោយក្រុមពលរដ្ឋអភិរក្សនិយម ដែលភាគច្រើនជាអ្នកគាំទ្រអតីតប្រធានាធិបតី Yoon Suk Yeol។
អ្នកចូលរួមមួយចំនួនបានប្រព្រឹត្តអំពើអាក្រក់ដូចជាការហែកបដា ការស្រែកពាក្យស្លោកប្រឆាំងនឹងប្រទេសចិន និងការវាយប្រហារភ្ញៀវទេសចរបរទេស។ មនុស្សទាំងនេះក៏បានភ្ជាប់ការមិនសប្បាយចិត្តរបស់ពួកគេជាមួយនឹងឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ដោយជនជាតិចិន ដែលធ្វើអោយអរិភាពកាន់តែខ្លាំងឡើង។
យោងតាមទិន្នន័យដែលបានចេញផ្សាយកាលពីថ្ងៃទី 1 ខែតុលា ចំនួននៃការតវ៉ាប្រឆាំងចិននៅតំបន់ Myeongdong នៃទីក្រុងសេអ៊ូល ដែលជាកន្លែងស្ថានទូតចិនស្ថិតនៅគឺមានចំនួន 20 ក្នុងឆ្នាំ 2022, 15 នៅឆ្នាំ 2023 និង 13 នៅឆ្នាំ 2024 ៕
រូបថត: YONHAP