ក្រុងប៉ោយប៉ែត៖ នៅវេលាម៉ោង០០ និង៤១នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយក្រុមល្បាតព្រំដែន ចុះល្បាតតាមព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតមកដល់ចំណុចដីវាលមុខបុរីស្តារហ្គោល ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានប្រទះឃើញករណីបាញ់បោះសេរីនិងប្រើប្រាស់អាវុធដោយខុសច្បាប់ប្រព្រឹត្តដោយជនសង្ស័យចំនួន០២នាក់ ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ដែលជាជនជាតិថៃរួមទាំងអាវុធខ្លីដែលជាវត្ថុតាង និងនាំទៅកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីធ្វើការសួរនាំ។
ពួកគេទាំង២នាក់ស្នាក់នៅម្ដុំវត្តជាយដែនស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ពេលឃាត់ខ្លួនកងរាជអាវុធហត្ថបានរកឃើញ និងដកហូតវត្ថុតាងជាអាវុធខ្លីម៉ាក ស៉ិចសាយអឺ (SIG SAUER) ពណ៌ខ្មៅ លេខតួ 66A986594 ចំនួន១ដើម បង់ចំនួន១ គ្រាប់ចំនួន១០គ្រាប់ និងសំបកគ្រាប់បាញ់រួចចំនួន៤គ្រាប់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងត្រូវបានសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕