ភ្នំពេញ៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញអណ្ដែតក្នុងប្រឡាយទឹកស្អុយនៅតាមបណ្ដោយផ្លូវរថភ្លើងបន្ទាប់ពីបាត់ខ្លួនរយៈពេល២ថ្ងៃ។
ហេតុការណ៍នេះមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ០៦និង៣០នាទីព្រឹកថ្ងៃទី០៣ខែតុលាឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវរថភ្លើងខាងលិចតុលាការយោធាក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ទោះបីជាយ៉ាងណាគេពុំទាន់ដឹងថាបុរសរូបនោះស្លាប់ដោយសារធ្លាក់ទឹកប្រឡាយលង់ស្លាប់ឬក៏ត្រូវបានគេវាយសម្លាប់ទម្លាក់ចូលទៅក្នុងប្រឡាយនោះទេ។
សពបុរសរូបនោះឈ្មោះឃុល វីរៈ អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅក្រោយវត្តតាំងកសាងខាងជើងក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាយប់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥ បុរសរូបនោះបានមកលេងផ្ទះមិត្តភក្កិនៅក្បែរកន្លែងកើតហេតុដោយអត់មានពាក់អាវទេ។ លុះយប់ជ្រៅក៏បានធ្វើដំណើរទៅផ្ទះវិញ ស្រាប់តែនៅព្រឹកថ្ងៃទី០៣ខែតុលាឆ្នាំ២០២៥ មានព្រះសង្ឃបានជិះម៉ូតូកង់បីមកឈប់នៅចំណុចកើតហេតុក៏ប្រទះឃើញសពបុរស រូបនោះអណ្ដែតនៅក្នុងប្រឡាយទឹករួចបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
តាមឪពុកសពបានឲ្យដឹងថា កូនប្រុសបានបាត់ខ្លួនរយៈពេល២ថ្ងៃមកហើយ ក្រុមគ្រួសារបាននាំគ្នាដើររកតែរកពុំឃើញមិននឹកស្មានថាប្រទះឃើញសពនៅក្នុងប្រឡាយទឹកបែបនេះសោះ។
តាមឪពុករូបនោះបានឲ្យដឹងទៀតថា កូនប្រុសរបស់គាត់អត់ចេះផឹកស្រាទេ និងចេះហែលទឹកមិនអាចលង់ទឹកស្លាប់នោះទេ។ ទោះបីជាយ៉ាងណារង់ចាំសមត្ថកិច្ចជំនាញចុះពិនិត្យសិនទើបអាចកំណត់ថា បុរសរូបនោះស្លាប់ដោយសារអ្វីពិតប្រាកដ៕