ភ្នំពេញ : នាព្រឹកទី៣ ខែតុលា ឆ្នាំ២០២៥ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២៥ របស់អគ្គាធិការដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
ជាកិច្ចចាប់ផ្ដើមលោក ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររបស់អគ្គាធិការដ្ឋាន ប្រចាំខែកញ្ញា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែតុលា ឆ្នាំ២០២៥ ។កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំអគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក អគ្គាធិការ និងលោក លោកស្រី អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
ក្រោយពីស្ដាប់របាយការណ៍លោក អង មង្គល រដ្ឋលេខាធិការនិងជាប្រធានអង្គប្រជុំ បានធ្វើការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃអគ្គាធិការដ្ឋាន ដែលខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចនាពេលកន្លងមក។ ទន្ទឹមនឹងនោះ លោករដ្ឋលេខាធិការនិងជាប្រធានអង្គប្រជុំ បានមានប្រសាសន៍ណែនាំការងារសំខាន់ៗមួយចំនួនដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ត្រូវយកចិត្តទុកដាក់អនុវត្តបន្តផងដែរ។
ជាកិច្ចបញ្ចប់ លោក អង មង្គល រដ្ឋលេខាធិការ បានជូនពរសមាជិក សមាជិកា នៃអង្គប្រជុំទាំងមូល មានសុខភាពល្អ និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ : សិលា