ខេត្តក្រចេះ÷ នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់បណ្តាលលិចស្រូវរបស់ប្រជាពលរដ្ឋ ក្នុងភូមិស្រែស្តៅ១ សង្កាត់អូរឬស្សី ក្រុងក្រចេះ ខេត្តក្រចេះ និងបានបន្តអញ្ជើញចុះសួរសុខ ទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះដែលប៉ះពាល់ ក្នុងភូមិព្រះគន្លង ឃុំបុសលាវ ស្រុកចិត្របុរី។
ការចុះពិនិត្យ មានការចូលរួមពី លោកវ៉ា ថន អភិបាលខេត្ត, លោកឧត្តមសេនីយ៍ទោ អ៊ូ សុប៊ុណ្ណា ស្នងការនគរបាលខេត្ត, ប្រធានមន្ទីរជំនាញពាក់ព័ន្ធ, កងកម្លាំង និងអាជ្ញាធរមូលដ្ឋាន។
អំឡុងពេលចុះសួរសុខទុក្ខប្រជាពលរដ្ឋតាតាមខ្នងទេសរដ្ឋមន្រ្តី បាននាំយកការផ្តាំផ្ញើសាកសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនប្រជាពលរដ្ឋរងគ្រោះដែលប្រឈមដោយសារទឹកជំនន់ពីទន្លេមេគង្គ។
ទេសរដ្ឋមន្ត្រី គន់ គីម បានកោតសសើរគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគ្រប់ផ្នែកទាំងអស់ក្នុងមូលដ្ឋាន ដែលបានរៀបចំត្រៀមទីទួលសុវត្ថិភាពរួចរាល់សម្រាប់ទទួលប្រជាពលរដ្ឋក្នុងករណីទឹកជំនន់ទន្លេមេគង្គកើនឡើងជាយថាហេតុ។
ក្នុងពេលសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះ ទេសរដ្ឋមន្រ្តី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមថែរក្សាសុខភាព អនាម័យ និងរាយការណ៍ទៅកាន់អាជ្ញាធរភ្លាមដែលនៅជិតបំផុត ដើម្បីអន្តរាគមន៍ជួយ សង្គ្រោះបានទាន់ពេលវេលា។
បន្ទាប់ពីនេះ ទេសរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលរងការខូចខាត ដោយសារទឹកជំនន់ និងបានណែនាំដល់មន្ទីរជំនាញត្រូវប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ ដើម្បីស្នើសុំការអន្តរាគមន៍ជាស្រូវពូជសម្រាប់ស្តារឡើងវិញក្រោយទឹកជំនន់ស្រក។
ទេសរដ្ឋមន្ត្រី បានណែនាំដល់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត ត្រូវបន្តត្រៀមបម្រុម្រុង និងមានវិធានការឆ្លេីយតបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពសំដៅកាត់បន្ថយបានផលប៉ះពាល់ឱ្យនៅកម្រិតទាបបំផុត ដោយផ្តោជាអាទិភាពខ្ពស់លេីអាយុជីវិតមនុស្ស និងសត្វ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ ខេត្តក្រចេះ មានក្រុង និងស្រុកចំនួន៧ បានប៉ះពាល់ដោយសារទឹកជំនន់, ក្នុងនោះប៉ះពាល់ប្រជាពលរដ្ឋចំនួនប្រមាណ ១ម៉ឺនគ្រួសារ ស្មើនឹងផ្ទះចំនួនជាង ៣ពាន់ខ្នង និងដំណាំស្រូវប៉ះពាល់សរុបចំនួនជាង ៣ពាន់ហិកតា៕