ខេត្ដបន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយក្រុមល្បាតព្រំដែន បានចាប់ខ្លួនជនជាតិថៃ ២នាក់ កាលពីព្រឹកថ្ងៃសុក្រ បន្ទាប់ពីគេប្រទះឃើញបាញ់បោះសេរី និងប្រើប្រាស់អាវុធដោយខុសច្បាប់នៅក្បែរព្រំដែនកម្ពុជា-ថៃ។
តាមប្រភពពីសមត្ថកិច្ច ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៤១នាទី ថ្ងៃទី៣ ខែតុលា ពេលដែលកម្លាំងល្បាតចម្រុះរបស់កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងក្រុមល្បាតតាមព្រំដែន បានចុះត្រួតពិនិត្យ នៅចំណុចមុខបុរីស្តាហ្គោល ភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ជនសង្ស័យមានឈ្មោះ Patchara Khaopho អាយុ២៧ឆ្នាំ មុខរបរកាន់អាវុធ និងទី២ឈ្មោះ Rampum Rattanakaewmanee អាយុ២២ឆ្នាំ ជនជាតិថៃ ស្នាក់នៅម្តុំវត្តឆាយដែន ភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពេលឃាត់ខ្លួនកងរាជអាវុធហត្ថបានរកឃើញ និងដកហូតវត្ថុតាងជាអាវុធខ្លីម៉ាក ស៉ិចសាយអឺ (SIG SAUER) ពណ៌ខ្មៅ លេខតួ 66A986594 ចំនួន១ដើម បង់ចំនួន១ គ្រាប់ចំនួន១០គ្រាប់ និងសំបកគ្រាប់បាញ់រួចចំនួន៤គ្រាប់។
ជនសង្ស័យទាំង២នាក់ ត្រូវបានឃុំខ្លួននៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីសាកសួរ ខណៈសមត្ថកិច្ចចាត់ការបន្តតាមនិតិវិធីច្បាប់។
មន្ត្រីកងរាជអាវុធហត្ថបញ្ជាក់ថា ករណីនេះនឹងត្រូវបានចាត់ការតាមច្បាប់ប្រទេសកម្ពុជា៕
ប្រភព : (PRU)