អន្តរជាតិ៖ យោងតាមការចុះផ្សាយរបស់ CCFR បាននិយាយថា កងទ័ពជើងទឹកអ៊ីស្រាអែលបានស្ទាក់ចាប់កងនាវា Global Sumud Flotilla ដែលជាកងនាវាដឹកជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សានៅលើសមុទ្រសាធារណៈចាប់ពីយប់ថ្ងៃទី១ ដល់ព្រឹកព្រលឹមថ្ងៃទី២ ខែតុលា ដោយឃាត់ខ្លួនមនុស្សជាង៤០០នាក់។ កាលពីថ្ងៃទី២ ខែតុលា ប្រទេសដូចជា អាហ្រ្វិកខាងត្បូង តួកគី កាតា បែលហ្សិកនិងប្រទេសផ្សេងទៀតបានថ្កោលទោសចំពោះសកម្មភាពរបស់អ៊ីស្រាអែល ហើយទាមទារឱ្យភាគីអ៊ីស្រាអែលដោះលែងនាវិក។
ក្រសួងការបរទេសអ៊ីស្រាអែលបានបង្ហោះអត្ថបទនៅតាមបណ្តាញទំនាក់ទំនងសង្គមកាលពីថ្ងៃទី ២ ខែតុលាថា គ្មានកងនាវាណាមកពីកងនាវាGlobal Sumud Flotilla បានបំបែកការបិទខ្ទប់របស់អ៊ីស្រាអែលទេ ហើយបុគ្គលទាំងអស់នៅលើកងនាវានោះមានសុវត្ថិភាព និងសុខភាពល្អ ពួកគេកំពុងត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសអ៊ីស្រាអែល ហើយនឹងធ្វើមាតុភូមិនិវត្តន៍។
ក្រសួងការបរទេសអ៊ីស្រាអែលបានអះអាងថា “នៅមាននាវាចុងក្រោយមួយទៀតនៅក្នុងសកម្មភាពបង្កហេតុលើកនេះ ប្រសិនបើវាធ្វើដំណើរខិតជិត និងព្យាយាមចូលទៅក្នុងតំបន់សង្រ្គាម ហើយបំបែកការបិទខ្ទប់ នោះ វាក៏នឹងត្រូវស្ទាក់ចាប់ដូចគ្នាដែរ”៕ដោយ៖តារា