ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសឱ្យដឹងថា ក្នុងខែកញ្ញា ឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៥គម្រោង ក្នុងទំហំទុន វិនិយោគសរុបប្រមាណ៤៦៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៧ពាន់កន្លែង។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគសរុបគឺ គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៨គម្រោង និងគម្រោង វិនិយោគដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង។
ប្រភពដដែលបានបន្តថា ក្នុងរយៈពេល៩ខែនៃ ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បាន សម្រេចចុះបញ្ជីគម្រោងវិនិយោគចំនួន ៥៤៦គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៧,៨ប៊ីលាន ដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើងចំនួន ២៣១គម្រោង ស្មើនឹងប្រមាណ ៧៣% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ប្រមាណ ៤៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលគណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជី គម្រោង វិនិយោគត្រឹមតែ ៣១៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៣ប៊ីលានដុល្លារអាម៉េរិក។
ជាការកត់ សម្គាល់ ត្រឹមតែរយៈពេល៩ខែ គណៈកម្មាធិការវិនិយោគកម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគ លើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៣២គម្រោង៕
ដោយ ៖ សិលា