គម្រោងកំពង់ផែទេសចរណ៍ក្រុងកំពង់ចាម និងជាសមិទ្ធផលមួយថ្មីសម្រាប់ប្រជាជន និងខេត្តកំពង់ចាម ព្រមទាំងជាតម្លៃបន្ថែមខ្ពស់ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ តាមរយៈការជំរុញកំណើនភ្ញៀវទេសចរអន្តរជាតិ ដែលធ្វើដំណើរតាមនាវាទេសចរណ៍

ចែករំលែក៖

ក្រុងកំពង់ចាម៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងលោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ក្រុងកំពង់ចាម ដែលនឹងជួយ សម្រួលដល់ការតភ្ជាប់ការធ្វើដំណើរ ការដឹកជញ្ជូន ប្រកបដោយភាពប្រទាក់ក្រឡា និងជាកាលានុវត្តភាពថ្មីមួយបន្ថែមទៀត ក្នុងការទាក់ទាញ ក៏ដូចជាជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលធ្វើដំណើរមកកាន់ខេត្តកំពង់ចាម និយាយដោយឡែក, និងនិយាយជារួម មកកាន់ប្រទេសកម្ពុជា។ 

ក្នុងពិធីដ៏អធិកអធមនាពេលនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី​ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, ក្រសួងសាធារណការនិងដឹកជញ្ជូន, និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ, ក្រចេះ, ស្វាយរៀង, កំពង់ឆ្នាំង, និងខេត្តព្រៃវែង ព្រមទាំងឯកឧត្ដម លោកជំទាវ លោក លោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាលក្រុង-ស្រុក លោកយាយ លោកតា អ៊ំ ពូ មីង លោកគ្រូ អ្នកគ្រូ ប្រតិបត្តិករទេសចរណ៍ក្នុងខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងកំពង់ចាម សមាគមនារីក្រុងកំពង់ចាម យុវជនកាយឫទ្ធិ យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្សសរុបចំនួនប្រមាណ ៥០០រូប ។

ថ្លែងក្នុងឱកាសនៃពិធី លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្តែងនូវសេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោករដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ដែលជានិច្ចជាកាលតែងតែបានផ្តល់នូវកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងទេសចរណ៍ នៅក្នុងបុព្វហេតុគាំទ្រវិស័យទេសចរណ៍ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តតភ្ជាប់ជាច្រើន មានជាអាទិ៍ ផ្លូវ ស្ពាន និងកំពង់ផែ ពិសេសនៅថ្ងៃនេះ តាមរយៈគម្រោងស្ថាបនាកំពង់ផែទេសចរណ៍ដែកបណ្ដែតទឹកនៅក្រុងកំពង់ចាម នឹងជាសមិទ្ធផលថ្មីមួយបន្ថែមទៀតនៃការធ្វើដំណើរតាមផ្លូវទឹក ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ បន្ទាប់ពីកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។

លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានគូសរំលេចអំពីខេត្តកំពង់ចាម គឺជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍សម្បូរបែប៖ ក្នុងនោះរួមមានទេសចរណ៍វប្បធម៌, ទេសចរណ៍ប្រវត្តិសាស្ត្រ, ទេសចរណ៍ធម្មជាតិ, កសិ-ទេសចរណ៍, អេកូទេសចរណ៍, និងទេសចរណ៍កែច្នៃ។ ដូច្នេះ តាមរយៈការបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ ក្រុងកំពង់ចាម លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានជំនឿយ៉ាងមុតមាំថា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគាំទ្រដ៏មានសារៈសំខាន់នេះ គឺប្រៀបបាននឹងការបង្កើតនូវសរសៃឈាមសេដ្ឋកិច្ច និងជាផ្លូវដង្ហើមមួយទៀតនៅក្នុងវិស័យទេសចរណ៍ ដែលជំរុញការទាក់ទាញវិនិយោគ ការបង្កើតការងារ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជាពិសេសការតភ្ជាប់ការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ នៅតាមខេត្តស្ថិតនៅតាមដងទន្លេមេគង្គ។

សូមបញ្ជាក់ជូនថា គម្រោងកំពង់ផែទេសចរណ៍ក្រុងកំពង់ចាមថ្មីនេះ នឹងប្រើប្រាស់សម្រាប់ការតភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរក្នុងស្រុក និងភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសវៀតណាម និងភ្ញៀវទេសចរអន្តរជាតិពីប្រទេសនានាក្នុងតំបន់តាមរយៈព្រែកជីកហ្វូណនតេជោ។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ ២៤ ខែ (ចាប់ពីឆ្នាំ២០២៥)៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print