ឥណ្ឌា និងកម្ពុជា ចុះអនុស្សរណៈយោគយល់គ្នាចំនួនពីរ ក្រោមគម្រោងផ្តល់ផលរហ័ស ក្នុងវិស័យអប់រំ

ចែករំលែក៖

ភ្នំពេញ​៖​ ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា​ ដែល​ជាអ្នកតំណាង​ក្រសួងការបរទេសឥណ្ឌា និងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ថ្មី​នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្រោមគម្រោងផ្តល់​ផលប៉ះរហ័ស ចំនួនពីរ។

អនុស្សរណៈយោគយល់ត្រូវបានចុះហត្ថលេខាដោយ លោក Vanlalvawna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និង លោកស្រី​ គឹម សេថានី រដ្ឋលេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​ការអប់រំ ស្ថិត​ក្រោមវត្តមានលោកបណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

​សូមជម្រាបថា​ គម្រោងទី១ គឺជាគម្រោងផ្តល់​ប្រព័ន្ធទឹកក្នុង​សាលារៀនដែលអាចទប់ទល់នឹងការ​ប្រែ​ប្រួល​អាកាសធាតុ ក្នុងខេត្តពោធិ៍សាត់ នឹងដំឡើងប្រព័ន្ធទឹកប្រើថាមពលពន្លឺព្រះអាទិត្យនៅក្នុងសាលាបឋមសិក្សាចំនួនប្រាំ ដោយធានាបាននូវសុវត្ថិភាព និងអាចទុកចិត្តបានក្នុងការប្រើប្រាស់ទឹកស្អាត ដែលជាផ្នែកមួយនៃការ​លើកកម្ពស់ការអនុវត្តអនាម័យ និងធន់នឹងអាកាសធាតុ។ 

គម្រោងទី២ គឺជា​គម្រោងអភិវឌ្ឍន៍សាលារៀនគំរូស្តង់ដារក្នុងខេត្តកំពង់ចាម នឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាលារៀន អនាម័យ និងពង្រឹងសមត្ថភាពរបស់នាយកសាលា និងគ្រូបង្រៀន អោយប្រែក្លាយសាលារៀនទៅជាបរិយាកាសសិក្សាគំរូ។

ចាប់តាំងពីឆ្នាំ ២០២៥-១៦ រដ្ឋាភិបាលឥណ្ឌាបានផ្តល់គម្រោងផ្តល់ផលរហសចំនួន ៦៩ទូទាំងប្រទេសកម្ពុជាក្នុងវិស័យជាច្រើន​ ក្នុងនោះមានដូចជា វិស័យ​រអប់រំ បច្ចេកវិទ្យាព័ត៌មាន កសិកម្ម សុខភាព អនាម័យ ការផ្តល់សិទ្ធិអំណាចដល់ស្ត្រី និងបរិស្ថាន។ ក្នុងចំនោមនោះ គម្រោងចំនួន ០៨ ត្រូវបានអនុវត្តន៍ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដោយផ្តល់ផល​ប្រយោជន៍​ផ្ទាល់​ដល់​សិស្សានុសិស្ស និងគ្រូបង្រៀនកម្ពុជា។

គំនិតផ្តួចផ្តើមទាំងនេះបញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ឥណ្ឌាចំពោះអាទិភាពនៃការ​អភិវឌ្ឍន៍​របស់កម្ពុជា និងបញ្ជាក់ពីទំនាក់ទំនងមិត្តភាពដែលចាក់ឫសយ៉ាងជ្រៅរវាងប្រជា​ជាតិទាំងពីរ៕

ប្រភព៖ ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print