ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ជាមេខ្លោង នៃក្រុមឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលត្រូវបានបង្ក្រាបកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់ពីដំណើរការនីតិវិធីស៊ើបអង្កេតគ្រប់ជ្រុងជ្រោយរួចមក ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរ កាលពីថ្ងៃទី២៩ សមត្ថកិច្ចជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើក ប្រតិបត្តិការបង្ក្រាបទីតាំងលួចលាក់ធ្វើសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ ចំនួន ០៣ទីតាំង ដែលជាបណ្ដាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មានអង្គការចាត់តាំង។ ក្នុងនោះដែរ សមត្ថកិច្ច បានឃាត់ខ្លួនជនបរទេសសរុបចំនួន ២៤នាក់ (ស្រី០២នាក់) មាន០៣សញ្ជាតិ ព្រមទាំងដកហូតនូវ វត្ថុតាងប្រព្រឹត្តបទល្មើសមួយចំនួន។ ករណីនេះសមត្ថកិច្ចបានធ្វើការស៊ើបអង្កេតឈានទៅកំណត់បានមេខ្លោង ០១នាក់ ឈ្មោះ WANG SHENG YU ភេទប្រុស ជនជាតិចិនតៃវ៉ាន់ ដែលជាក្បាលម៉ាស៊ីនដឹកនាំក្រុម ដោយលួចលាក់ប្រើទឹកដីកម្ពុជាធ្វើសកម្មភាពឆបោកជនរងគ្រោះនៅសហរដ្ឋអាមេរិកតាមប្រព័ន្ធបច្ចេកវិទ្យា។
ផ្អែកតាមតាមការស៊ើបអង្កេតរបស់ជំនាញប្រឆាំងការសម្អាតប្រាក់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កំណត់បានជនសង្ស័យជាមេខ្លោងបានប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុឌីជីថល (Crypto Currency) របស់ ក្រុមហ៊ុន BITPIE (PRO) ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី សម្រាប់បង្វែរផលនៃបទល្មើសឆបោក ដែលក្រុមជនល្មើសទទួលបានពីជនរងគ្រោះ ព្រមទាំងបានទប់ស្កាត់ និងគ្រប់គ្រងការផ្ទេរប្រាក់ចេញរបស់ជនសង្ស័យសរុបចំនួន ៥២,៣៦៣ USDT។ សមត្ថកិច្ចក៏បានរកឃើញ ជនសង្ស័យជាមេខ្លោងបានធ្វើសកម្មភាពបង្វិលរូបិយបណ្ណឌីជីថលដែលគ្មានប្រភពរបស់បក្ខពួកខ្លួននៅកោះតៃវ៉ាន់ ទៅតាមបណ្តាញរូបិយបណ្ណឌីជីថលផ្សេងៗ ដែលមានមូលដ្ឋាននៅក្រៅប្រទេស សរុបប្រមាណជាង ១០លាន USTD។ ពាក់ព័ន្ធនឹងការសកម្មភាពលាងសម្អាតប្រាក់នេះ សមត្ថកិច្ចជំនាញនឹងធ្វើការចែករំលែកព័ត៌មានជាមួយប្រទេសជាដៃគូកិច្ចសហប្រតិបត្តិការជាប់ពាក់ព័ន្ធ៕ជ្រោយពេជ្រ