ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក ETIHAD ចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិតេជោ

ចែករំលែក៖

ភ្នំពេញ៖ ដូចការគ្រងទុក ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី២ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ដែលហោះត្រង់ពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម នៅព្រឹកថ្ងៃទី ៤ តុលានេះ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ របស់ប្រទេសកម្ពុជា បានដោយជោគជ័យ។ការភ្ជាប់ជើងហោះហើរត្រង់នេះ ធ្វើឡើងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជើងហោះហើរត្រង់លើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក Etihad Airways បានចាប់ផ្តើមហោះហើរពីទីក្រុងអាប៊ូដាប៊ី ប្រទេសអារ៉ាប់រួម នៅថ្ងៃទី ៣ តុលា ឆ្នាំ២០២៥ ហើយបានចុះចតដោយជោគជ័យ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ របស់កម្ពុជា នៅថ្ងៃទី ៤ ខែតុលានេះ ជាមួយនាំយកអ្នកដំណើរចំនួន១៥៤នាក់។ការមកដល់នៃក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកនេះ គឺមានការចុះទៅទទួលដោយផ្ទាល់ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ និងថ្នាក់ដឹកនាំរដ្ឋលេខាធិការអាកាសចរស៉ីវិល និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។

យន្តហោះរបស់ក្រុមហ៊ុន Etihad បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅម៉ោងប្រហែលជា៧ព្រឹកថ្ងៃទី ៤ ដែលបង្កើតបានជាប្រវត្តិសាស្ត្រថ្មីនៃការហោះហើរត្រង់ជាលើដំបូង ជាមួយផែនការជើងហោះហើរ៤ជើង ក្នុងមួយសប្តាហ៍ ហើយអាចពង្រីកការដឹកជញ្ជូនទំនិញ និង អ្នកដំណើរបន្ថែមទៀត។

គួរជម្រាបជូនថា​ ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី២ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) មានទីស្នាក់ការកណ្តាលរបស់ខ្លួននៅរដ្ឋធានី​អា​ប៊ុ​យ​ដា​ប៊ី ​«Abu Dhabi»​ មានយន្តហោះជាង១១០ គ្រឿង និង ហោះហើរទៅកាន់គោលដៅជាង១២០ កន្លែង ក្នុងពិភពលោក ដោយបានដឹកអ្នកដំណើរជាង២០លាននាក់ក្នុងរយៈ ពេល១២ខែចុងក្រោយនេះ។

បើតាមការបញ្ជាក់របស់អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល​ លោក ស៊ីន ចាន់សេរីវត្ថា បានឱ្យដឹងថា បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Etihad នឹងមានក្រុមហ៊ុនពី turkish airline របស់ប្រទេសតួកគីហោះមកនៅចុងឆ្នាំ ២០២៥ និង ក្រុមហ៊ុន indigo airlines របស់ប្រទេសឥណ្ឌានឹងចាប់ផ្តើមហោះមកព្រលានសៀមរាប នៅដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print