ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានថ្លែងថា មិត្តភាពរវាងប្រទេសកម្ពុជា និងសាធារណកូរ៉េ គឺជាប្រភពនៃមោទនភាពមួយដ៏ធំធេង ហើយសម្តេចរំពឹងថា ទំនាក់ទំនងរបស់ប្រទេស ទាំងពីរនឹងកាន់តែល្អប្រសើរបន្ថែមទៀតដើម្បីឧត្តមប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
តាមរយៈសារលិខិតផ្ញើជូនដល់ប្រធានាធិបតីកូរ៉េ លោក លី ជេម្យ៉ុង កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ម្សិលមិញនេះ ក្នុងឱកាសទិវាបុណ្យបង្កើតជាតិ នៃសាធារណរដ្ឋកូរ៉េ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្នុងនាមប្រជាជន ស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចសូមចូលរួមអបអរសាទរអស់ពីដួងចិត្តចំពោះឯកឧត្តម ប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនជាទីរាប់អាននៃសាធារណរដ្ឋកូរ៉េ ក្នុងឱកាសដ៏មាននក្ខត្តឬក្សនៃទិវាបុណ្យបង្កើតជាតិ នៃសាធារណរដ្ឋកូរ៉េ។
សម្តេចតេជោ បានថ្លែងបន្តថា ប្រទេសកម្ពុជា បានសង្កេតឃើញ និងមានការកោតសរសើរចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ សាធារណរដ្ឋកូរ៉េក្នុងវិស័យឧស្សាហូបនីយកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច ដែលបានធ្វើឱ្យប្រទេសកូរ៉េក្លាយ ជាអ្នកដឹកនាំពិភពលោកពិតប្រាកដនៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍។ សម្តេចតេជោ មានទំនុកចិត្តថា ការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតីកូរ៉េ នឹងជំរុញឱ្យមានសន្ទុះជាថ្មី ធានាបាននូវអនាគតដ៏ភ្លឺស្វាង និងវិបុលភាពសម្រាប់ប្រជាជនកូរ៉េ និងរួមចំណែកជាវិជ្ជមាននៅក្នុងតំបន់របស់យើង និងពិភពលោក។
ជាមួយគ្នានោះ សម្តេចតេជោ បានបញ្ជាក់ថា«សម្រាប់ប្រទេសកម្ពុជា មិត្តភាពរបស់យើងជាមួយសាធារណរដ្ឋកូរ៉េ គឺជាប្រភពនៃមោទនភាព ដ៏ធំធេង។ ចាប់តាំងពីការបង្កើតឡើងវិញនូវទំនាក់ទំនងការទូតរបស់យើងក្នុងឆ្នាំ១៩៩៧ ប្រទេសទាំងពីរ បានពូនជ្រុំភាពជាដៃគូ ដែលផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ការគោរពគ្នា និងសេចក្តីប្រាថ្នារួម។ ការតម្លើងកម្រិតទំនាក់ទំនងរបស់យើងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» នៅក្នុងខែឧសភាឆ្នាំមុន គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ និងជាការប្ដេជ្ញាចិត្តបន្តជំរុញភាពជាដៃគូនេះ ដើម្បីបម្រើឧត្តមប្រយោជន៍ សម្រាប់ប្រជាជន និងប្រជាជាតិយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព និងវិបុលភាពពិភពលោក»។
តាមរយៈសារលិខិតខាងលើនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរ លោក លី ជេម្យ៉ុង ប្រធានាធិបតីកូរ៉េ ទទួលបាន សុខភាព និងសុខុមាលភាពល្អបរិបូរណ៍ និងសាធារណរដ្ឋកូរ៉េបន្តទទួលបាននូវវឌ្ឍនភាព និងវិបុលភាពផងដែរ៕ដោយ៖តារា